en     km
en     km

អ្នកវិភាគ​ថា​ ការ​បន្ថយ​រយៈពេល​ផ្ដល់​ដី​សម្បទាន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​អ្នក​វិនិយោគ​

Share

conesssion-land-cover

​ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា​ នឹង​កាត់​បន្ថយ​រយៈពេល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន​៦​ នៅ​ក្នុង​ខេត្ត​ចំនួន​៣​ មក​នៅ​ត្រឹម​៥០​ឆ្នាំ​ ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព​។​ ករណី​នេះ​អ្នកវិភាគ​យល់​ថា​ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​


​អ្នកវិភាគ​យល់​ថា​ ការ​កាត់​បន្ថយ​រយៈពេល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ មក​នៅ​ត្រឹម​៥០​ឆ្នាំ​ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​អ្នក​វិនិយោគ​ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​មាស​ នី​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​១០២​ នៃ WMC នៅ​ថ្ងៃអាទិត្យ​ ទី​១៨​ ខែតុលា​ថា​ ការ​សម្រេចចិត្ត​ភ្លាមៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ជំហរ​លើ​ការ​ផ្ដល់​ដី​សម្បទាន​នេះ​ អាច​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​មាន​ផែនការ​របស់​ខ្លួន​ច្បាស់លាស់​ ក្នុង​ការ​ចំណាយ​ទុន​វិ​និ​យោក​នីមួយៗ​។​

​លោក​មាស​ នី​ មាន​ប្រសាសន៍​ថា​៖​ «​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​នេះ​ គោលនយោបាយ​ហ្នឹង​ គឺ​យើង​ធ្វើការ​ផ្លាស់​ប្ដូរ​ មិន​មានការ​ផ្ទៀងផ្ទាត់​អី​ ដែល​អាច​ប្រាកដនិយម​ឲ្យ​គេ​ជឿ​បាន​ ។​ អ៊‍ីចឹង​ពេល​ដែល​យើង​ចុះហត្ថលេខា​ពី​៩៩​ឆ្នាំ​ រហូត​មក​ចុះ​មក​នៅ​ត្រឹម​៥០​ឆ្នាំ​ នៅ​ក្នុង​ពួក​អ្នកជំនួញ​ គេ​មាន​គ្រោងការ​ជា​យុទ្ធសាស្ត្រ​របស់​គេ​រៀប​។​ អ៊‍ីចឹង​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​នៅ​ក្នុង​កណ្ដាល​ទី​នេះ​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ដែល​ធំៗ​ហ្នឹង​ គេ​បាត់បង់​ទំនុកចិត្ត​ដែរ​»​។​

​ចំណែក​ប្រធាន​វេទិកា​អនាគត​ លោក​អ៊ូ​ វី​រៈ​ មាន​ប្រសាសន៍​ថា​ បើសិនជា​ការ​សម្រេច​កាត់​បន្ថយ​រយៈពេល​ផ្ដល់​ដី​សម្បទាន​នោះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​ចរចា​ជាមួយ​ក្រុម​ នោះ​វា​នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​ ផ្ទុយ​ទៅ​វិញ​លោក​ថា​  បើ​ការ​កាត់​បន្ថយ​នោះ​សម្រេច​ឡើង​ដោយ​បំពាន​ទៅ​លើ​ក្រុមហ៊ុន​ នោះ​រដ្ឋាភិបាល​ជា​អ្នក​ខុសច្បាប់​ ហើយ​ត្រូវ​ចេញ​សំណង​ដល់​ក្រុមហ៊ុន​។​

​យ៉ាងនេះ​ក្ដី​ លោក​អ៊ូ​ វី​រៈ​ បញ្ជាក់​ថា​ ជា​ទូទៅ​មិនឃើញ​មានការ​ប្ដឹងផ្ដល់​គ្នា​ រវាង​ក្រុមហ៊ុន​ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ទៅ​លើ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​ ដោយសារ​តែ​ ទាំង​ការ​ផ្ដល់​ ទាំង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ សុទ្ធតែ​មាន​កំហុស​ក្នុង​រឿង​នេះ​ ។​ លោក​អ៊ូ​ វី​រៈ​ មាន​ប្រសាសន៍​ថា​៖​ «​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​ ដោយសារ​ភាគច្រើន​ក្រុមហ៊ុន​មិន​មាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ ដើម្បី​បាន​ដី​សម្បទាន​ អ៊‍ីចឹង​ជា​ទូទៅ​កិច្ចព្រមព្រៀង​ហ្នឹង​គឺ​ច្រើន​តែ​ខុស​ទាំង​សងខាង​ អ្នក​ដែល​ទទួល​បាន​ក៏​ខុស​ភាគច្រើន​ ហើយ​អ្នក​ដែល​ផ្ដល់​គឺ​ភាគី​រដ្ឋាភិបាល​ក៏​ច្រើន​តែ​ខុស​។​ ដោយសារ​អ៊‍ីចឹង​ហើយ​បានជា​ទូទៅ​មិនសូវ​ជា​មាន​ហ៊ាន​ការ​ប្ដឹងផ្ដល់​គ្នា​ដល់​ក្រុមហ៊ុន​ហ្នឹង​ គឺ​ដោយសារ​ប្រហែលជា​ក្រុមហ៊ុន​ក៏​មានខ្លួន​ខ្លាំង​ណាស់​ដែរ​ ដោយសារ​អ៊‍ីចឹង​បាន​រដ្ឋាភិបាល​គាត់​អាច​ចរចា​បាន​បែប​ហ្នឹង​បាទ​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ កន្លង​មក​ថ្មីៗ​នេះ​ ក្រសួងបរិស្ថាន​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​សម្រេច​រុះរើ​កិច្ចសន្យា​ ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៦​គម្រោង​ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៣​ គឺ​ខេត្តកោះកុង​ ពោធិ៍សាត់​ និង​ កំពត​ ដែល​មាន​ផ្ទៃក្រឡា​ ៤៥​ ៤៦៨​ហិ​កតា​៕​

Share

Image
Image
Image