en     km
en     km

🔊អ្នកវិភាគ៖ គោលដៅ៥ចំនុចថ្មីរបស់ CNRP អាចឱ្យពួកអ្នកមានខិលខូចប្រឈមមុខផ្លូវច្បាប់

Share

ភ្នំពេញ៖ ខណៈ​ការ​បោះ​ឆ្នោត​កាន់តែ​ជិត​ចូល​មក​ដល់​ គណបក្សប្រឆាំង​ធំ​ជាងគេ​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ បាន​បញ្ចេញ​គោលនយោបាយ​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​កាន់តែ​ច្បាស់​។​

(ពីឆ្វេង)លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឡុង គឹមឃន ជាអ្នកស្រាវជ្រាវ គោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ និង លោក បណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម
(ពីឆ្វេង)លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឡុង គឹមឃន ជាអ្នកស្រាវជ្រាវ គោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ និង លោក បណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម

គណបក្សប្រឆាំង​ ដឹកនាំ​ដោយ​ លោក​ សម​ រ​ង្ស៊ី​ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ បាន​បញ្ចេញ​ យុទ្ធសាស្ត្រ​ថ្មី​ទៀត​ ចំនួន​៥​ចំនុច​ ដែល​ជា​ផ្នែក​មួយ​ នៃ​ការ​ឃោសនា​របស់​ខ្លួន​ទាក់ទាញ​ ម្ចាស់​ឆ្នោត​។

​ប៉ុន្តែ​ចំនុច​ទាំង​៥​នេះ​ មើលទៅ​ គឺជា​ផែនការ​ ដ៏​សំខាន់​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​ បើ​បក្ស​ប្រឆាំង​នេះ​ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​។​

​ប៉ុន្តែ​អ្វី​ដែល​ ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​គឺ​គោលដៅ​ប្រាំ​ចំនុច​នេះ​ អាច​នាំ​ឱ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​ មួយ​ចំនួន​បាន​មក​ពី​អំពើ​ខុសច្បាប់​ អាច​ប្រឈម​មុខ​នឹង​ ផ្លូវច្បាប់​តែ​អាច​ធ្វើ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ ដីធ្លី​បាន​ ផលប្រយោជន៍​មក​វិញ​។​

​នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​។​ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ ចាត់ទុកជា​រឿង​បោកប្រាស់​ ម្ចាស់​ឆ្នោត​ទៅ​វិញ​។​ សូម​ស្ដាប់​ លោក​ លៀ​ ស៊ី​ណា​ ស្រង់​សម្ដី​អ្នកវិភាគ​ មក​ជំរាប​ជូន​ដូច​តទៅ​៖

 

​គោលដៅ​ ៥​ ចំណុច​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្ហោះ​លើ​ បណ្ដាញ​សង្គម​របស់​ លោក​ សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​១៦​សីហា​ ដែល​មាន​ ដូច​ខាងក្រោម​នេះ​៖

១-​ ប្រគល់​សង​ប្រទេស​កម្ពុជា​ ជូន​មក​ប្រជារាស្ត្រ​ខ្មែរ​វិញ​ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ តែ​មួយ​គត់​។​
២-​ ប្រគល់​សង​ទ្រព្យសម្បត្តិ​ជាតិ​ ជូន​មក​ប្រទេស​ជាតិ​វិញ​ ដូច​ជា​ព្រៃឈើ​ រ៉ែ​ ភ្នំ​ បឹងបួរ​ ស្ទឹង​ ទន្លេ​ រហូត​ដល់​ឆ្នេរសមុទ្រ​ និង​កោះ​កណ្តាល​សមុទ្រ​ ដើម្បី​ទុក​គ្រប់គ្រង​ឲ្យ​បម្រើ​ផលប្រយោជន៍​សាធារណៈ​ និង​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ទាំងនោះ​។​
៣-​ ប្រគល់​សង​ទ្រព្យសម្បត្តិ​របស់​ប្រជារាស្ត្រ​ ជូន​មក​ប្រជារាស្ត្រ​វិញ​ ដែល​ជា​ម្ចាស់​ដើម​ និង​ម្ចាស់​ពិត​ លើ​ផ្ទះសម្បែង​ ដីធ្លី​ ស្រែ​ ចំការ​ របស់​ពួក​គេ​។​
៤-​ ប្រគល់​សង​សិទ្ធិ​សម្រេច​ទាំងឡាយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ ជូន​មក​ប្រជាពលរដ្ឋ​វិញ​ មាន​ន័យ​ថា​ បញ្ឈប់​ការ​អភិវឌ្ឍន៍​ក្លែងក្លាយ​ដូច​សព្វថ្ងៃ​ ដែល​បម្រើ​តែ​ផលប្រយោជន៍​ក្រុម​គ្រួសារ​មេដឹកនាំ​ពុក​រលួយ​ និង​បក្សពួក​មួយ​ក្តាប់​តូច​ ហើយ​រៀបចំ​ឲ្យ​មានការ​អភិវឌ្ឍន៍​ពិតប្រាកដ​ ប្រកបដោយ​ចេរភាព​និង​សមធម៌​ ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​
៥-​ ប្រគល់​សង​វាសនា​ប្រទេស​កម្ពុជា​ ជូន​មក​ប្រជារាស្ត្រ​ខ្មែរ​វិញ​ ដែល​ជា​អ្នក​សម្រេច​អនាគត​របស់​ខ្លួន​ និង​អនាគត​ស្រុក​យើង​ ក្នុង​ឯករាជ្យ​ភាព​ដ៏​ពេញលេញ​។​

​តើ​អ្នកវិភាគ​បញ្ហា​សង្គម​ យល់​ឃើញ​ដូច​ម្ដេច​ដែរ​ ចំពោះ​គោលដៅ​៥​ចំនុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដូចនេះ​?​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​បញ្ចេញ​ការ​យល់​ឃើញ​របស់​លោក​ថា​ ជា​ហានិភ័យ​ ខ្លាំង​ចំពោះ​ អ្នកមាន​អំណាច​ ដែល​ មានបាន​ដោយសារ​ការ​រឹបអូស​ដីធ្លី​ពី​ ពលរដ្ឋ​។​ លោក​ ពិនិត្យ​ ឃើញ​ដូចនេះ​ថា​៖

ស្តាប់សំឡេង៖

 

 

​ចំណែក​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ជា​អ្នក​ស្រាវជ្រាវ​ គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ យល់​ឃើញ​ ថា​៖

 

​ជាមួយ​គ្នា​នេះ​ លោក​ បណ្ឌិត​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ ក៏​បាន​បង្ហាញ​ ការ​យល់​ឃើញ​របស់​លោក​ដែរ​។​ លោក​ ពិនិត្យ​ ឃើញ​មាន​ ចំនុច​ គុណសម្បត្តិ​និង​គុណវិបត្តិ​ដូចនេះ​៖​

ស្តាប់សំឡេង៖

 

 

​យ៉ាងណា​ ក៏​ដោយ​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​  លោក​ សុខ​ ឥ​សាន​ ចាត់​ទុក​ គោលនយោបាយ​៥​ចំនុច​ របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ជា​រូបភាព​ បោក​បញ្ឆោត​។​ លោក​ថា​ កាលពី​ឆ្នាំ​២០១៣​ គណបក្ស​នេះ​ ក៏​បាន​ប្រើ​គោលនយោបាយ​ដូចនេះ​ដែរ​។​ លោក​ អះអាង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ ពិតៗ​និង​បាន​អនុវត្ត​ បាន​ជោគជ័យ​ហើយ​។​

ស្តាប់សំឡេង៖

 

​កាលពី​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥​ឆ្នាំ​ ២០១៣​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឈ្នះ​ អាសនៈ​សភា​ បាន​ ៦៨​ ដោយ​បាន​បាត់​២២​អាសនៈ​  ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ ដណ្ដើម​បាន​អាសនៈ​៥៥​ ដោយ​កើន​បាន​៣៦​អាសនៈ​។​

​បក្សនយោបាយ​ទាំង​២​នេះ​ ត្រូវ​បាន​មើលឃើញ​ថា​ នឹង​ មានការ​ប្រកួតប្រជែង​ យ៉ាង​ខ្លាំងក្លា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨៕​

 

 

 

 

Share

Image
Image
Image