en     km
en     km

អ្នកវិភាគឡៅ ម៉ុងហៃ ចង់ឱ្យព្រះមហាក្សត្រលើកលែងទោសនិងផ្ដល់ងារជាសម្ដេចដល់លោក សមរង្ស៊ី

Share

ភ្នំពេញ៖ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយដ៏ល្បីនៅកម្ពុជាចង់ឃើញលោក សម រង្ស៊ី មេបក្សប្រឆាំងទទួលបានបរម្យងាជាសម្ដេច គឺដូចនឹងថ្នាក់ដឹកនាំមួយចំនួននៃគណបក្សកាន់អំណាចផងដែរ ក្នុងនោះមាននាយករដ្ឋ​ន្ត្រីសម្ដេច ហ៊ុន សែន ។ ការទូលថ្វាយទៅព្រះមហាក្សត្រសុំផ្ដល់បរម្យងាទៅលោក សម​រង្ស៊ី និងការប្រទានការលើកលែងទោសនោះ គឺចំពេលដែលមេបក្សប្រឆាំរូបនេះរៀបចំចូលប្រទេសវិញដើម្បីប្រកួតប្រជែងនយោបាយផ្ទាល់នៅកម្ពុជា​ ។ តែអ្វីដែលលោកឡៅ ម៉ុងហៃចាប់អារម្មណ៍នោះទំនងលោកផ្ដោតទៅលើលោក សម រង្ស៊ីដែលប្រកាសផ្ដល់ដំណែងថ្នាក់ដឹកនាំជាតិធំៗទៅយុវជនជំនាន់ក្រោយ ហើយខ្លួនលោកត្រឹមតែជាទីប្រឹក្សាតែប៉ុណ្ណោះ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជា បានស្នើឱ្យព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសទាំងអស់ និងផ្ដល់ងារជាសម្ដេច ដល់លោក សម រង្ស៊ី ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ១៩ មីនា ម្សិលមិញ ។

តាមរយៈសារស្នើរបស់លោក ឡៅ ម៉ុងហៃនេះ លោកសរសេរដោយភ្ជាប់ជាមួយនឹងវីដេអូរបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលលោកថ្លែងឱ្យមានការបើកឱកាសដល់យុវជនអាចចូលរួមក្នុងជីវភាពនយោបាយដឹកនាំប្រទេស ហើយខ្លួនលោកផ្ទាល់ធ្វើត្រឹមតែព្រឹទ្ធាចារ្យ ឬទីប្រឹក្សាតែប៉ុណ្ណោះ ។

អ្នកវិភាគរូបនេះបញ្ជាក់ថា លោក សម រង្សី ជារដ្ឋបុរសខ្មែរ ជាបណ្ឌិតព្រឹទ្ធាចារ្យមួយរូប ។

ជាក់ស្ដែងលោក សរសេរបែបនេះថា «សូមព្រះមហាក្សត្រជាទីគោរពសក្ការ:របស់ប្រជាជាតិខ្មែរ ព្រះមេត្តាព្រះរាជទានការលើកលែងទោសទាំងអស់ដល់គាត់ និងព្រះរាជទានបរមងារជា សម្តេច ដល់គាត់»

លោកបន្ថែមថា ការលើកលែងទោស និងបរមងារ ដែលលោក សម រង្ស៊ី សមទទួលបាននេះ នឹងច្បាស់ជាប្រកបដោយធម៌ បានមកដោយធម៌ និងកើតឡើងដោយធម៌ យ៉ាងពិតប្រាកដ ។

លោកបណ្ឌិតឡៅម៉ុងហៃ ត្រូវបានដាក់ឈ្មោះថាជាអ្នកវិភាគជើងចាស់ដ៏ល្បីឈ្មោះ ក្នុងចំ​ណោម​​អ្នកវិភាគ ជនជាតិខ្មែរមួយចំនួនទៀត ។ តែលោកត្រូវបានរកឃើញថាជា​អ្នក​វិភាគ​ម្នាក់សិ្នទ្ធនឹងលោកកឹមសុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ។ ការវិភាគ​របស់​លោក ពេលខ្លះ មានចំណុចកណ្ដាលល្អណាស់ តែពេលខ្លះលោក ហាក់ចំអកឱ្យលោកសមរង្ស៊ី។ យ៉ាងណា សម្ដេចហ៊ុនសែនក៏ធ្លាប់វាយប្រហារ លោកបណ្ឌិតឡៅម៉ុងហៃដែរ។

លោក សម រង្ស៊ី បានប្រកាសជាច្រើនដងថា លោកនឹងវិលចូលកម្ពុជាវិញនៅឆ្នាំ ២០១៩នេះ ដែលលោកថា មកស្វែងរកប្រជាធិបតេយ្យពេញលេញនៅកម្ពុជា ។ តែលោកបញ្ជាក់ក្នុងវីដេអូកាលពីម្សិលមិញថា លោកមិនត្រូវការដំណែងណាមួយនោះទេ ដោយគ្រាន់តែលោកជំនះរាល់ឧបសគ្គទាំងឡាយដើម្បីបើកផ្លូវឱ្យយុវជនដឹកនាំប្រទេសដែលបានមកពីការប្រកួតប្រជែងពិតប្រាកដទៅបានហើយ។

លោកសមរង្ស៊ី ធ្លាប់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅដើមទសវត្ស១៩៩០។ លោកជារដ្ឋមន្ត្រី មក​ពី​គណបក្សហ្វ៊ុនស៊ីនប៉ិច ។ លោកចាប់ផ្ដើមល្បីឈ្មោះ គឺដោយសារតំណែងស្នាដៃរបស់លោក ជារដ្ឋមន្ត្រីហើយក្រោយមកជាមេបក្សប្រឆាំងតែម្នាក់គត់នៅកម្ពុជា ដែលប្រឈមនឹងហានិភ័យ ដល់អាយុជីវិតជាច្រើន។ លោកសមរង្ស៊ីនិងសម្ដេចហ៊ុនសែន ត្រូវសង្កេតឃើញថា ជាដៃគូ​ប្រកួតប្រជែងខ្លាំងក្លាបំផុតលើសង្វៀនប្រកួតនៅកម្ពុជា។

តែអតីតរដ្ឋមន្ត្រីរូបនេះ ត្រូវបាន​កាត់​ទោសជាច្រើនដង និងកំពុងមានទោសរាប់សិបទៀត ។​ តែយ៉ាងណា លោកថាទោស​របស់​លោកជារឿងនយោបាយ ។​ បើព្រះមហាក្សត្រទទួលយកសំណើរបសលោកបណ្ឌិតឡៅម៉ុងហៃ គឺបរមងារ សម្ដេចនឹង​កើនមួយទៀត ដោយរាប់ទៅអាចមានដប់រូប ក្នុងនោះ មាន​ទាំង​នាយករដ្ឋមន្ត្រីដែល​ទទួលបានបរមងារទាំងសម្ដេចផង ឋាន្តរស័ក្ដនៃបរមងារជា​តេ​ជោ​ថែមទៀត ។

គេ​នៅចាំបានថា ឪពុកក្មេករបស់លោកសមរង្ស៊ី គឺលោកញឹកជូឡុង ក៏មានងារជាសម្ដេច ចក្រី​​តេជោ​ធិបតី ញឹក ជូឡុង ដែល បរមងារនេះ លោកញឹកជូឡុង បានទទួលតាំង​ពីសង្គម​រាស្ត្រនិយម ដោយការប្រទានពីសម្ដេចព្រះបាទនរោត្តមសីហនុ។

យ៉ាង​ណា​សាររបស់លោកបណ្ឌិតឡៅម៉ុងហៃ មិនទាន់មានចាប់អារម្មពីលោកសម រង្ស៊ី​នៅឡើយ​ទេ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image