en     km
en     km

អ្នកវិភាគបរទេស៖បើមានមូលដ្ឋានទ័ពជើកទឹកចិននៅកម្ពុជាគឺកម្ពុជាអាចជាទីតាំងនៃសង្រ្គាមត្រជាក់ថ្មី

Share

ភ្នំពេញ៖ លោ​ក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា មូលដ្ឋានទ័ពជើងទឹករបស់ចិន កំពុងលេចរូបរាងឡើងនៅប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន Asia Time បានស្រង់សំដីទស្សនៈរបស់អ្នកវិភាគមកចុះផ្សាយថា អាចបណ្ដាលឱ្យកម្ពុជាក្លាយជាទីតាំងកណ្ដាលនៃការផ្ទុះឡើងនៃសង្គ្រាមត្រជាក់ថ្មីមួយទៀត។ តែបែបនេះក្ដីអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលចំពោះការចុះផ្សាយថា កម្ពជាមានមូលដ្ឋានទ័ពជើងទឹកចិននៅខេត្តកោះកុង។

លោកសោមលាភជូនសេចក្ដីប្រែសម្រួល៖

 

                                                                 កាសែតAsia time

 

បើតាមការចុះផ្សាយលើគេហទំព័រសារព័ត៌មាន Asia Time នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បញ្ជាក់ថា លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិកមានប្រសាសន៍ដូចនេះ នៅប្រទេសសិង្ហបុរី ទីដែលលោកចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង​កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីភិច(Apec)។

សារព័ត៌មាននេះចុះផ្សាយទៀតថា ចាប់តាំងពីឆ្នាំ ២០១៧  ប្រទេសចិនបានបញ្ចុះបញ្ចូលកម្ពុជា ដោយយកច្រកនៅកោះកុង និងឈូងសមុទ្រថៃ សម្រាប់ការប្រើប្រាស់ជាមូលដ្ឋានកងជើងទឹករបស់ចិន។

លោក Mike Pence ថាសហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើសមយុទ្ធយោធាចិននៅសមុទ្រចិនខាងត្បូង រួមទាំងអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំងលុបបំបាត់ទីតាំងមីស៊ីលចេញតំបន់ត្រួតត្រា ដែលខ្លួនបានកាន់កាប់នៅក្នុងតំបន់ដែនដីដែលមានជម្លោះនោះ។

សព្វថ្ងៃនេះ ប្រទេសចិនជាម្ចាស់កម្ចី ព្រមទាំងផ្ដល់ជំនួយធំជាងគេបំផុតដល់កម្ពុជា។ ប្រទេសចិន អាចធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជារងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតសភានីតិកាលទី៦ ដែលសហគមន៍អន្តរជាតិថាជាការបោះឆ្នោតក្លែងក្លាយ។  

តំបន់កងទ័ពជើងទឹក ត្រូវបានគេគិតថាស្ថិតនៅក្នុងដីសម្បទានចំនួន ៤៥.០០០ ហិកតានៅក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន Tianjin Union Development Group (UDG) របស់ចិន បានជួលដីសម្បទានរយៈពេល ៩៩ ឆ្នាំនៅតំបន់នោះ ដែលគ្របដណ្តប់ស្ទើ២០% នៃឆ្នេរសមុទ្រទាំងមូលរបស់ប្រទេសកម្ពុជា។

យ៉ាងណា ទំហំនៃការអភិវឌ្ឍរបស់ក្រុមហ៊ុននេះ មានភាពចម្រោងចម្រាស់ជាមួយច្បាប់កម្ពុជា ដែលកំណត់ត្រឹម ដីសម្បទាន ១០០០០ ហិកតាតែប៉ុណ្ណោះ។

ផែនការវែងឆ្ងាយរបស់ចិន មានបំណងកសាង សេដ្ឋកិច្ចជិតស្និទ្ធជាមួយកម្ពុជា ដោយកសាងមជ្ឈមណ្ឌលព្យាបាលវេជ្ជសាស្ត្រ ខុនដូរ មណីយដ្ឋាន សណ្ឋាគារ នៅកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិជាដើម។

សារព័ត៌មាន Asia Time ចុះផ្សាយបន្ថែមទៀតអំពីការមើលឃើញរបស់ក្រុមអ្នកវិភាគ។ ជាក់ស្ដែង ក្រុមអ្នកវិភាគបង្ហាញការយល់ឃើញថា កំពង់ផែនៅកោះកុង ដែលជាកំពង់ផែទឹកជ្រៅ នឹងមានទំហំធំល្មមអាចផ្ទុកនាវាចម្បាំង និងនាវាពិឃាដរបស់ចិន ក៏ដូចជានាវាដទៃទៀតនៃកងទ័ពជើងទឹករំដោះប្រជាជនចិនទៀតផង។

                                                                     កំពុងផែកោះកុង

 

លោក Sophal Ear ជាសាស្ត្រាចារ្យរងផ្នែកកិច្ចការការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៃរដ្ឋ Los Angeles និយា​យថាកំពង់ផែពាណិជ្ជកម្មទឹកជ្រៅៗនេះ អាចប្រើប្រាស់បានសម្រាប់នាវាកងទ័ពជើងទឹក។

ក្រុមហ៊ុនដែលនៅពីក្រោយការអភិវឌ្ឍរបស់ក្រុមហ៊ុន Tianjin Union Development Group  ត្រូវបានបង្កើតឡើងដំបូង ជាក្រុមហ៊ុនសាជីវកម្មដែលមានកម្មសិទ្ធិទាំងស្រុងពីចិន ប៉ុន្តែបានប្តូរទៅជាសហគ្រាស ដើម្បីទទួលបានការសម្បទានដីរយៈពេល ៩៩ ឆ្នាំ។ បន្ទាប់ពីទទួលបានសម្បទានដីនៅកម្ពុជាហើយ សហគ្រាសនេះបានប្តូរទៅជាក្រុមហ៊ុនវិញ ដើម្បីបំពេញកម្មជាសិទ្ធិរបស់ចិន។

លោក Liao Keduo ស្នងការបញ្ជាការដ្ឋានយោធានៃទីក្រុងTianjin នៃកងទ័ពរំដោះប្រជាជនចិនបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់កាលពីពេលថ្មីៗនេះ។  ក្នុងជំនួបនោះ លោកបានរាយរ៉ាប់អំពីគម្រោងអភិវឌ្ឍន៍នេះថាជា ផ្លែផ្កានៃមិត្តភាពរវាងចិន និងកម្ពុជា។

យ៉ាងណា ការអភិវឌ្ឍនៅកោះកុងត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ Harbored Ambitions ដែលត្រូវបានចេញផ្សាយកាលពីខែមេសា ដោយលោក Devin Thorne និង Ben Spevack ដែលជាក្រុមស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញមានមូលដ្ឋាននៅវ៉ាស៊ីនតោន។

តាមរបាយការណ៍របស់អ្នកស្រាវជ្រាវនេះបញ្ជាក់ថា តំបន់សាកល្បង ដែលជាគម្រោងនៃមន្ទីរពេទ្យ និងតំបន់កំសាន្ត អាចដឹកនាំក្រុមទាហានកងទ័ពរំដោះប្រជាជនចិន នៅតាមល្បាតនៃឈូងសមុទ្រថៃនិងខាងកើតនៃច្រកម៉ាឡាកា។

លោក Paul Chambers អ្នកវិភាគនយោបាយនៅមហាវិទ្យាល័យសហគមអាស៊ាននៃប្រទេសថៃនិយាយថា ការងារនៅកំពង់ផែ និងមូលដ្ឋានកងទ័ពជើងទឹក ដែលមានសក្តានុពលត្រូវបានចាប់ផ្ដើម។

លោកថា ប្រទេសចិន ផ្ដល់ជំនួយឧបត្ថម ដល់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យចិនគ្រប់គ្រងសេដ្ឋកិច្ច នយោបាយ និងយោធាលើប្រទេសកម្ពុជា ក្នុងការពង្រីកប្រទេសនេះឱ្យក្លាយទៅជាប្រទេសស្ថិតក្រោមអាណានិគមនិយមរបស់ទីក្រុងប៉េកាំង។ លោកបានបន្ថែមថា បន្ទាប់មកគឺមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជានឹងកើតឡើងដូចដែលឃើញសព្វថ្ងៃ។

ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានលុបចោលនូវសមយុទ្ធយោធារួមជាច្រើនជាមួយកងកម្លាំងប្រដាប់អាវុធអាមេរិក ខណៈកម្ពុជា បានបញ្ជប់កាងារនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់អាមេរិក ។

ប្រទេសកម្ពុជាបានផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសចិន ហើយឆ្នាំបន្ទាប់មកមានគំរោងធ្វើសមយុទ្ធយោធារួមគ្នាធំមួយ ដែលគេហៅថាការធ្វើលំហាត់នាគមាស ។

Asia Time សរសេរបន្ថែមថា លោកសមរង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា  ការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជា និងកន្លែងផ្សេងទៀត ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ឱ្យយោធាចិនគឺជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការរំលោភលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

លោក សម រង្ស៊ី បន្ថែមថា ការបោះបង់ចោលអព្យាក្រឹតភាពកម្ពុជា ជាផ្នែកមួយនៃការគំរាមកំហែង និងប្រឆាំងជាមួយប្រទេសជិតខាងដែលលោកថា សម្ដេច ហ៊ុន សែន កំពុងប្រឡែងលេងជាមួយនឹងភ្លើង។ ការណ៍នេះ ធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា កំពុងធ្វើឱ្យអន្តរាយដល់សន្តិភាពនៅក្នុងតំបន់។

                                               សម្តេច ហ៊ុន សែន និងលោកប្រធានាធិបតីចិន

 

យ៉ាងណាមិញ លទ្ធភាពនៃប្រទេសចិន ដែលនឹងបើកមូលដ្ឋានកងទ័ពជើងទឹកនៅកម្ពុជានឹងផ្លាស់ប្តូរសក្ដានុពលរបស់ប្រទេសនេះ។ បច្ចុប្បន្នប្រទេសចិនមានមូលដ្ឋានកងទ័ពបរទេសតែមួយប៉ុណ្ណោះ។ កងទ័ពជើងទឹកកងទ័ពរំដោះប្រជាជនចិន កាលពីឆ្នាំមុន បានបើកមូលដ្ឋានមួយនៅក្នុងទីក្រុងជីប៊ូទី នៃតំបន់ហ៊នអាហ្វ្រិកដែលខ្លួនបានអះអាងថាត្រូវបានបង្កើតឡើងដើម្បីចូលរួមនៅក្នុងបេសកកម្មរក្សាសន្តិភាពនៅក្នុងទ្វីបអាហ្វ្រិក។

ករណីនេះមានបញ្ហាចោទសួរថា ហេតុអ្វីបានជាប្រទេសចិនចង់បង្កើតមូលដ្ឋានកងទ័ពជើងទឹកមួយនៅក្នុងប្រទេសកម្ពុជា។

Asia Time បញ្ជាក់ថាទីក្រុងប៉េកាំងចង់បានមូលដ្ឋានកងទ័ពជើងទឹក ដើម្បីឱ្យខ្លួនអាចការពារជនជាតិរបស់ខ្លួន ក្នុងករណីមានអាសន្នដូចជា ការជម្លៀសប្រជាពលរដ្ឋចេញពីប្រទេសដទៃហើយបន្ថែមលើសនេះទៀតមូលដ្ឋានកងទ័ពជើងទឹករបស់ចិន នៅកម្ពុជានឹងមានសារៈសំខាន់ក្នុងការការពារផ្លូវពាណិជ្ជកម្មសមុទ្ររបស់ប្រទេសចិន។

សារព័ត៌មាននេះបង្ហាញទៀតបង្ហាញថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា Xiong Bo បានចាកចេញពីតំណែងនៅពាក់កណ្តាលខែតុលាដែលមិនទាន់ត្រូវបានប្រកាសជាសាធារណៈដោយស្ថានទូតនៅឡើយទេ។

យ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា តើអ្នកណានឹងក្លាយជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា។

ជាងនេះ ប្រទេសកម្ពុជាអាចនឹងស្ថិតនៅក្នុងជំរុំយុទ្ធសាស្រ្តរបស់ចិននៅពេលដែលភាពតានតឹងរវាងអាមេរិក និងចិនកំពុងកើតឡើងនៅក្នុងទឹកក្បែរកម្ពុជាគឺសមុទ្រចិនខាងត្បូង។

                                                                                             សមុទ្រចិនខាងត្បូង

 

អ្នកវិភាគម្នាក់ទៀត គឺDerek Grossman នៃ ក្រុមហ៊ុនសារជីវកម្មមួយរបស់អាមេរិក  បានប្រាប់ Asia Time ថា ចិនមានមហិច្ឆតា​ពង្រីកមូលដ្ឋានទ័ពជើងទឹកនៅកម្ពុជា អាចជាសញ្ញាមួយប្រាប់ទៅប្រទេសវៀតណាម ពីករណី ជម្លោះសមុទ្រចិនខាងត្បូងព្រោះតែក្រុងហាណូយក៏មានភាពតានតឹងជាមួយក្រុងប៉េកាំងក្នុងជំលោះដែនទឹកនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា សម្ដេច ហ៊ុន សែន បង្ហាញការមិនចូលបក្សសម្ព័ន្ធ មានន័យថាកម្ពុជាជារដ្ឋមួយដែលគ្មានទំនាក់ទំនងភូមិសាស្ត្រទៅនឹងមហាអំណាចណាមួយឡើយ។

តែបែបនេះក្ដី អ្នកនាំពាក្យក្រសួងការពារជាតិមិនទាន់បានទទួលដំណឹងនេះនៅឡើយនោះទេ។

លោក ឈុំ សុជាតិ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី​ ១៦ ខែវិច្ឆិកានេះថា មកទល់ពេលនេះ មិនដែលមានមូលដ្ឋានកងទ័ពបរទេសនៅស្រុកខ្មែរទេ ហើយតទៅមុខក៏មិនមានដែរ។

កម្ពុជានាពេលបច្ចុប្បន្នមានជនបរទេសចូលមកកម្ពុជាជាច្រើន ក្នុងគោលបំណងវិនិយោគ ឬទស្សនកិច្ចជាដើម។ ប៉ុន្តែសម្រាប់ជនជាតិចិនត្រូវបានគេកត់សំគាល់ថា បានមកកាន់កម្ពុជាកាន់តែច្រើនឡើ់ងៗ ហើយជ្រើសរើស​ទីតាំងជាប់សមុទ្រដូចជា នៅខេត្តព្រះសីហនុជាដើម។

លោក ឯម សុវណ្ណារ៉ា អ្នកតាមដានបញ្ហាសង្គម និងនយោបាយកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានច្បាប់ដែលមិនអនុញ្ញាតិឱ្យមានទ័ពបរទេសនៅលើទឹកដីនេះឡើយ។

                                              លោក ឯម សុវណ្ណារ៉ា

 

កម្ពុជា ធ្លាប់ធ្លាក់ក្នុងសង្រ្គាមស៊ីវិល កាលពីអំឡុងពិភពលោកផ្ទុះសង្រ្គាមត្រជាក់ កាលពីទសវត្ស ទី៧០,៨០ និង ៩០។ សង្រ្គាមស៊ីវិលនៅកម្ពុជា ពេលនោះកើតចំពេល តំបន់ឥណ្ឌូចិនផ្ទុះសង្រ្គាមដែរគឺរវាងវៀតណាមខាងត្បូងគាំទ្រដោយអាមេរិកនិងវៀតណាមខាងជើងប្រកាន់របបកុម្មុយនិស្ត។ ក្រោយពី របបសាធារណរដ្ឋខ្មែរត្រូវបានផ្ដួលរំលំនៅថ្ងៃទី១៧មេសា១៩៧៥ គឺទ័ពព្រៃខ្មែរក្រហម ដឹកនាំដោយប៉ុលពត ដែលនិយម មនោគមន៍វិជ្ជាម៉ៅនិយមនៃពួកកុម្មុយនិស្តចិន បានឈ្នះក្នុងសមរភូមិនេះ។​តែក្រុមនេះត្រូវបានផ្ដួលរំលំនៅថ្ងៃទី៧មករា១៩៧៩ ដោយកងទ័ពកម្ពុជា មួយក្រុម ដឹកនាំដោយសម្ដេចហេងសំរិន សម្ដេច ជាស៊ីម សម្ដេចហ៊ុនសែននិង លោកប៉ែនសុវណ្ណ គាំទ្រដោយកងទ័ពវៀតណាម៕ 

 

Share

Image
Image
Image