en     km
en     km

អ្នកវិភាគថា ខែសីហាជាពេលវេលាកម្ពុជាត្រូវព្រួយបារម្ភរឿងដកការអនុគ្រោះពន្ធ

Share

ភ្នំពេញ៖ អ្នកវិភាគនយោបាយថា អំឡុងពាក់កណ្ដាលនៃខែសីហា ជាពេលដែលផុតដំណាក់កាលទី ១ នៃនីតិវិធីត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធEBA ចេញពីកម្ពុជា ដោយសហភាពអឺរ៉ុប ហើយសហរដ្ឋអាមេរិក ផងដែរ។ នេះជាប្រការដែលធ្វើឱ្យកម្ពុជាគួរព្រួយបារម្ភ ខណៈតម្លៃការទូតកម្ពុជានឹងធ្លាក់ចុះបន្ថែមទៀត ។ តែយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ដដែលជាដដែលផ្ទុយពីអ្វីដែលអ្នកវិភាគបានលើកឡើងនេះ ។

លោកសោម លាភ រាយការណ៍លម្អិតពីព័ត៌មាននេះ៖

 

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា កាលពីថ្ងៃទី ៣០ ឧសភាម្សិលមិញថា ខណៈពេលនេះសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមិនទាន់ចាត់វិធានការជាក់លាក់លើការអនុគ្រោះពន្ធណាមួយទៅលើកម្ពុជានោះទេ ហើយវិស័យការទូតនៅមានលក្ខណៈធម្មតា ។

អ្នកវិភាគរូបនេះបន្ថែមថា ការទូតកម្ពុជាអាចនឹងធ្លាក់ចុះជាខ្លាំងប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកសម្រេចជាស្ថាពរក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា​។

លោក ឯម សុវណ្ណារ៉ា រំលឹកបន្ថែមថា នៅខែសីហាខាងមុខនឹងផុតដំណាក់កាលទីមួយដែលសហភាពអឺរ៉ុប នឹងចាត់វិធានការដកការអនុគ្រោះពន្ធEBA ជាក់ជាមិនខាន ។  

លោកថា កម្ពុជាមាននូវទ្រឹស្ដីនយោបាយអព្យាក្រិត្យបានល្អហើយ តែនៅឡើយតែការអនុវត្ត និងឥរិយាបទនយោបាយមិនទាន់ធ្វើបាននៅឡើយនោះទេ ។

យ៉ាងណា គេតែងតែឮថា សម្ដេច​នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីរបស់រាជរដ្ឋាភិបាលជារឿយៗអះអាងថា កម្ពុជាមិនមានការព្រួយបាម្ភចំពោះការដកការអនុគ្រោះពន្ធពីកម្ពុជាដោយសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកនោះទេ ដោយបង្ហាញឱ្យឃើញថា កម្ពុជាអាចរីកលូតលាស់ធំធាត់ផ្នែកសេដ្ឋកិច្ចដោយខ្លួនឯង ។

សមាជិករាជរដ្ឋាភិបាលកម្ពុជា តែងតែថ្កោលទោសចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ដែលចាប់ផ្ដើមចាត់វិធាការបណ្ដោះអាសន្នលើការដកការអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ។

ជាងនេះ អ្នកជំនួញធំៗ ក៏បង្ហាញការព្រួយបារម្ភ និងអំពាវនាវឱ្យសហភាពអឺរ៉ុបពិចារណាលើកិច្ចការនេះ ។

ជាក់ស្ដែង ជាថ្មីម្ដងទៀត លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុថា កម្ពុជាជារដ្ឋឯករាជ្យ មានសិទ្ធិក្នុងការជ្រើសរើសជម្រើសរបស់ខ្លួនដើម្បីផលប្រយោជន៍កម្ពុជា ។

តែយ៉ាងណា ថ្មីៗនេះ សម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានជម្រាបភាគីជប៉ុនថា កម្ពុជាចង់មានទំនាក់ទំនងការទូតល្អជាមួយនឹងសហរដ្ឋអាមេរិក ពោលគឺមិនចង់ធ្វើជាសត្រូវនោះទេ ។

កម្ពុជា ប្រសិនបើបាត់បង់ការអនុគ្រោះពន្ធនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសហភាពអឺរ៉ុប នោះនឹងខាតបង់ទៅលើការចំណាយលើពន្ធចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។

កន្លងមកថ្មីៗនេះ ឃើញថា ការនាំចូលអង្ករពីកម្ពុជាទៅសហភាពអឺរ៉ុប មានការធ្លាក់ចុះជាខ្លាំង ក្រោយពេលដែលសហភាពនេះសម្រេចយកពន្ធអង្ករពីកម្ពុជា ។

តែយ៉ាងណា អង្ករកម្ពុជាមានការនាំចូលទៅប្រទេសចិនកើនឡើងជាខ្លាំង ។ ប្រទេសចិនបានសន្យាទិញអង្ករពីកម្ពុជាចំនួនពី៣០ ទៅ៤០ ម៉ឺនតោន ហើយវៀតណាម ក៏សន្យាទិញពីកម្ពុជាមួយចំនួនដែរ ។

បើទោះបីជាបែបនេះក្ដី អ្នកវិភាគ រួមទាំងអ្នកជំនាញបង្ហាញការទស្សនៈយល់ឃើញថា ទីផ្សារនៃប្រទេសចិន និងវៀតណាម មិនអាចជំនួសទីផ្សារអឺរ៉ុប និងអាមេរិកបាននោះទេ ៕

 

Share

Image
Image
Image