ភ្នំពេញ៖ អ្នកវិភាគចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាកែប្រែជំហរនយោបាយឱ្យបានទាន់ពេលវេលា ដោយអនុវត្តន៍ឱ្យបាននូវស្ដង់ដាលទ្ធិប្រជាធិបតេយ្យទទួលស្គាល់ដោយពិភពលោក មិនមែនស្ដង់ដាកម្ពុជាតែម្នាក់ឯង ដើម្បីទប់ស្កាត់កុំឱ្យច្បាប់ដាក់ទណ្ឌកម្មនានាមកលើកម្ពុជាចូលជាធរមានទាន់ ។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាមិនខ្វល់រឿងនេះទេ ហើយកម្ពុជាមានស្ដង់ដាកម្ពុជា មិនអាចយកស្ដង់ដាប្រទេសដទៃមកអនុវត្តន៍នោះទេ ។ ពាក់ព័ន្ធនឹងករណីនេះ ដោយសារតែប្រទេសប្រជាធិបតេយ្យធំៗ បានចោទជាបញ្ហាថា កម្ពុជាមិនមានប្រជាធិបតេយ្យ រហូតដល់រដ្ឋសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដោយចោទថាគ្មានប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ។
រាយការណ៍ដោយ លោក សោម លាភ
ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃទី ១៦ កក្កដាថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំគណៈកម្មាធិការកណ្តាលជាថ្មីនៅទី២២ ខែសីហា ឆ្នាំ២០១៩ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។
បើតាមសេចក្ដីប្រកាសនេះ ធ្វើឡើងចំថ្ងៃដែលសមាជិករដ្ឋសភាអាមេរិក បានអនុម័តច្បាប់ H.R 526 ដែលឈានទៅដល់ ការដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជា ដែលសភាអាមេរិកថាបាន រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា ។ ទណ្ឌកម្មនៃច្បាប់នេះ នឹងអាចបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការដល់មន្ត្រីមួយចំនួនរបស់កម្ពុជា មិនឱ្យចូលទឹកដីអាមេរិក ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញភាពភ្ញាក់ផ្អើល និងសោកស្តាយខ្លាំង នៅពេលទទួលបានព័ត៌មាននេះ ។
លោក ផៃ ស៊ីផានថា ច្បាប់ HR 526 នេះ ធ្វើឡើងមានចរិតនយោបាយយ៉ាងជាក់ច្បាស់ និងស្នើឱ្យសភា និងរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ ដើម្បីបន្តទំនាក់ទំនងល្អជាមួយគ្នាបន្តទៀត ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការបរទេសនិងសហប្រតិ្តបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានចាត់ទុកការអនុម័តសេចក្ដីព្រាងច្បាប់ H.R ៥២៦ នេះ ថាជាការដើរផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាដៃគូគ្រប់វិស័យរវាងប្រទេសទាំងពីរ ។ ក្រសួងនេះអះអាងថា សេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើព័ត៌មានបំភ្លៃ លម្អៀង និងហួសសម័យ និងក្រោមហេតុផលនយោបាយ រួមទាំងមានស្តង់ដារពីរ ។
ក្រសួងការបរទេសបន្ថែមពីលើនេះថា ការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ថាជាការអនុវត្តច្បាប់ ដើម្បីការពារសន្តិសន្តិភាព និងស្ថិរភាពសង្គម ។
ក្រោយពីសភាជាន់ទាបអាមេរិកអនុម័តច្បាប់នេះជាឯកឆន្ទ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ មកពីបណ្ដារដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក និងកាណាដា បានមកចូលរួមបាតុកម្ម កាលពីថ្ងៃទី ១៧ខែកក្កដា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។ គោលបំណងនៃការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។ ជាងនេះ ពួកគាត់ ក៏បានទទូចដល់ព្រឹទ្ធសភាអាមេរិក ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១៨ កក្កដា ដោយលោកចង់ឃើញថ្នាក់ដឹកនាំកម្ពុជាគួរធ្វើយ៉ាងណាឆ្លើយតបទៅសហរដ្ឋអាមេរិកកុំឱ្យច្បាប់នេះ រួមទាំងច្បាប់មួយចំនួនទៀតដែលដាក់ទណ្ឌកម្មពាណិជ្ជកម្មលើកម្ពុជាចូលជាធរមានទាន់ ។
លោកបន្ថែមថា កម្ពុជាគួរតែទទួលស្គាល់ និងអនុវត្តន៍តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលពិភពលោកទទួលស្គាល់ ។
លោក សម រង្ស៊ី មានប្រសាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៧ កក្កដាថា ការអនុម័តច្បាប់ដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជានេះ អាចនឹងធ្វើឱ្យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបែកបាក់ ហើយមន្ត្រីទាំងនោះ នឹងដាក់បន្ទុក និងកំហុសទៅលើនាយករដ្ឋមន្ត្រីកម្ពុជា ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការនឹងបើកកិច្ចប្រជុំនៅថ្ងៃខាងមុខនេះ ធ្វើឡើងដើម្បីជាការវាយតម្លៃសម្មិទ្ធិផលដែលសម្រេចបានកន្លងទៅ និងដាក់ផែនការដើម្បីអនុវត្តន៍បន្ត ។
លោក សុខ ឥសាន្តថា កិច្ចប្រជុំនេះមិនមែនធ្វើឡើងពិភាក្សាដោយសារតែរដ្ឋសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជានោះទេ ពោលគឺកិច្ចប្រជុំនេះប្រុងនឹងធ្វើតាំងពីថ្ងៃទី ១០ កក្កដាមកម្ល៉េះតែដោយសារតែនាយករដ្ឋមន្ត្រីកម្ពុជាមានបញ្ហាសុខភាពបន្តិចបន្តួច ។
លោក សុខ ឥសាន្តបន្តថា ការចោទថាកម្ពុជាមិនមានការគោរពសិទ្ធិមនុស្ស គ្មានប្រជាធិបតេយ្យ គឺជាការមិនត្រឹមត្រូវនោះទេ ។
លោកថា កម្ពុជាមានស្ដង់ដាប្រជាធិបតេយ្យកម្ពុជាមិនអាចយកស្ដង់ដាប្រជាធិបតេយ្យប្រទេសផ្សេងមកអនុវត្តន៍នៅកម្ពុជានោះទេ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ដោយថាមិនមានកង្វល់ជាមួយនឹងច្បាប់ដែលរដ្ឋសភាអាមេរិកបានអនុម័តកន្លងទៅនោះទេ ព្រោះមន្ត្រីទាំងនោះគ្មានលុយឯណាទៅដាក់នៅធនាគារបរទេសនោះទេ ហើយបើមាន ក៏ខាងធនាគារគេមិនបា្រប់ដែល បានន័យថាគេជួយលាក់ការជាចាំបាច់ ។
ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ ២០១៩ ឬហៅកាត់ថា HR 526 ត្រូវបានសមាជិករដ្ឋសភាអាមេរិកសម្រេចអនុម័តជាឯកឆន្ទ ហើយត្រៀមនឹងបញ្ជូនទៅព្រឹទ្ធសភានៃប្រទេសនេះ ដើម្បីឆ្លងទៅកាន់ប្រធានាធិបតីចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ ៕