en     km
en     km

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលទិញអាវុធ ព្រោះសមរភូមិរវាងអាមេរិក និងចិននៅជិតកម្ពុជា

Share

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលទិញអាវុធ ព្រោះសមរភូមិរវាងអាមេរិក និងចិននៅជិតកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់អំពីមូលហេតុដែលចាំបាច់ទិញកាំភ្លើងពីចិន ក្នុងនោះគឺមានហេតុផលដើម្បីជាការការពារសន្តិសុខជាតិ ខណៈដែលសមរភូមិចិន និងអាមេរិក គឺនៅជិតកម្ពុជាពេក ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែលប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ថាការទិញអាវុធនេះ ជារឿងដែលមិនចាំបាច់ ។ អ្នកវិភាគថា ការទិញអាវុធពីចិននេះ ជាការបង្ហាញថា កម្ពុជាលំអៀងទៅខាងចិន ដែលចាំបាច់ត្រូវតែបញ្ជាក់ជំហដើម្បីឱ្យមានតុល្យភាពរវាងទំនាក់ទំនងកម្ពុជា ជាមួយនឹងប្រទេសលោកខាងលិច និងលោកខាងកើត ។

រាយការណ៍ដោយលោក សោម លាភ

លោក ផៃ ស៊ីផាន៖ «យើងឃើញថាសកម្មភាពនៃសមរភូមិរវាងចិន ហើយនិងអាមេរិកាំងវានៅជិតៗយើងនឹងហើយតើ វាមាននៅឆ្ងាយណា។ ដូច្នេះតើរាជរដ្ឋាភិបាលមានសិទ្ធិទទួលការខុសត្រូវចំពោះវិស័យការពារជាតិ និងសន្តិសុខជាតិអាចមានសិទ្ធិធ្វើអ៊ីចឹងបានទេ? បើសិនគ្មានសិទ្ធិមិនបានធ្វើរាជរដ្ឋាភិបាលទេ» ។ នេះជាប្រសាសន៍របស់លោក ផៃ ស៊ីផានបញ្ជាក់អំពីមូលហេតុមួយក្នុងមូលហេតុផ្សេងទៀត ដែលកម្ពុជាត្រូវទិញអាវុធបន្ថែមពីចិន ។ 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ៨ សីហានេះនៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងសន្និសីទ្ធិបូកសរុបលទ្ធផលក្រោយការបោះឆ្នោតសភានីតិកាលទី៦ រយៈពេលមួយឆ្នាំថា ការដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថានឹងទិញអាវុធពីប្រទេសចិននេះ គឺគោលបំណងដើម្បីការពារសន្តិសុខជាតិ ។

លោកផៃ ស៊ីផានបញ្ជាក់សួរមជ្ឈដ្ឋានដែលរិះគន់ចំពោះការសម្រេចទិញអាវុធពីចិនរហូតដល់ទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារនោះថា តើខ្មាស់គេទេ ដែលគេថាកម្ពុជាមានតែអាវុធ អេដចាយ។

លោក សម រង្ស៊ី ជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសម្ដងទៀតថាលោកវិលចូលកម្ពុជាឱ្យខានតែបានក្នុងឆ្នាំ ២០១៩នេះ ។ លោកបញ្ជាក់កាលពីថ្ងៃទី ៣០កក្កដាថា លោកមិនមែនមកឱ្យសម្ដេចហ៊ុន សែន ចាប់ខ្លួននោះទេ តែគឺលោកមកចាប់សម្ដេច ហ៊ុន សែន ។

ថ្មីៗនេះមានដំណឹងថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ ដោយមានអមដំណើរមកជាមួយដោយសមាជិកសភារបស់ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួន ។

ជាងនេះ លោកនឹងចូលមកនៅត្រឹមប្រទេសថៃមួយរយៈពេលខ្លី ទើបបន្តមកកម្ពុជា ។

កន្លងទៅ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា តែងតែអះអាងថា ប្រទេសកម្ពុជាជាប្រទេសពោពេញទៅដោយសន្តិភាពដែលពិបាកនឹងរកបាន ដូចនេះត្រូវតែការពារវា ។

ពាក្យថាសន្តិភាព និងសន្តិសុខនេះ ត្រូវបានមន្ត្រីកម្ពុជាយកមកជាហេតុផលមួយដ៏សំខាន់សម្រាប់កម្ចាត់ក្រុមដែលនឹងធ្វើសកម្មភាព ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាយល់ថា ជាការធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ឬជាភេរវកម្មនយោបាយ ពោលគឺទៅលើក្រុមលោក សម រង្ស៊ី ។

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាអះអាងជារឿយៗថា នឹងប្រឆាំងនឹងវត្តមានរបស់លោក សម រង្ស៊ី ទោះធ្វើឡើងក្នុងរូបភាពណាក៏ដោយ ។

យ៉ាងណា កាលពីថ្ងៃទី ២៩ កក្កដា សម្ដេចហ៊ុន សែន ថ្លែងថា នឹងអនុវត្តន៍ច្បាប់ទៅលើតែអ្នកមានទោសតែប៉ុណ្ណោះ ។

លោក ផៃ ស៊ីផានថា ជារឿងធម្មតា និងសាមញ្ញនោះទេ ដែលកម្ពុជានឹងចាប់បុគ្គល ឬក្រុមណាដែលបង្ករជាចលាចល និងបង្ករឱ្យមានអរិយភាព បាត់បង់សន្តិភាពជាដើម ។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី ៣១ កក្កដាថា ការទិញគ្រឿងសាស្ត្រាវុធពីចិននេះ បង្កើនឥទ្ធិពលរបស់ចិនមកលើកម្ពុជា កាន់តែខ្លាំងឡើង ខណៈដែលការទិញនេះ មិនចាំបាច់នោះទេ ព្រោះលោកថា កម្ពុជាជាប្រទេសក្រីក្រជាងគេក្នុងពិភពលោក ហើយក្នុងពេលដែលប្រព័ន្ធអប់រំ និងសុខាភិបាល នៅកម្ពុជាមិនទាន់ល្អប្រសើរនៅឡើយនោះ ។

លោក ផៃ ស៊ីផានថា មូលហេតុដែលនាំឱ្យទិញអាវុធពីចិន ហើយមិនមែនប្រើប្រាស់ថវិកាជាតិនោះ ព្រោះអាវុធចិនមានតម្លៃថោក ហើយថវិកាជាតិដើម្បីទុកសម្រាប់វិស័យអប់រំ និងសុខាភិបាល ។

«លុយនឹងគឺមិនមែនលុយ លុយនឹងដោយសារលុយយើងមានកំណើនលុយដែលនៅសេសសល់ យើងប្រើប្រាស់ជាបណ្ដោះអាសន្នសិន ។ ហើយសួរថា ហេតុដូចម្ដេចបានទៅទិញចិន? ពីព្រោះវាថោក ពិភពលោកគេទិញរបស់ពីចិនតើ ទាំងអស់គ្នាមើលជុំវិញខ្លួនយើងថារបស់យើងប្រើប្រាស់ជារបស់ចិនឬមិនមែនទេ»។

លោកឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការបន្ថែមការទិញអាវុធពីចិននេះ ជាការបង្ហាញថា កម្ពុជាកាន់តែលំអៀងទៅរកចិន ។

«ជំហរបស់រដ្ឋាភិបាលទិញសម្ភារៈចិននៅក្នុងខណៈពេលដែលមានការរសើបពាក់ព័ន្ធមជ្ឈដ្ឋានលោកខាងលិចដែលកំពុងតែសង្ស័យកម្ពុជា​ មានឥរិយាបថងាកទៅចិន ចឹងការសម្ដែងទស្សនៈនេះក៏ជាកិច្ចការមួយធ្វើឱ្យមានការអល់អែក ឬមួយករណីស្ទាក់ស្ទើជាមួយសហគមន៍លោកខាងលិច ដែលកម្ពុជាទិញសព្វាវុធពីលោកខាងកើត ។ ករណីនេះ កម្ពុជាគួរតែមានយន្តការ វិធានការវិធីសាស្ត្រផ្សេងទៀតដើម្បីជួយរក Balance តុល្យភាពរវាងកម្ពុជានៅចន្លោះរវាងលោកខាងលិច និងលោកខាងកើត» ។ 

លោកផៃ ស៊ីផាន មានរំលឹកថា កាលពីមានជម្លោះរវាងកម្ពុជា និងថៃ លោក សម រង្ស៊ី ដែលរិះគន់ការទិញអាវុធនេះ បែជាទៅត្រូវរ៉ូវជាមួយនាយករដ្ឋមន្ត្រីថៃទៅវិញ ។

កន្លងមក សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភចំពោះការគាបសង្កត់កាន់តែច្រើនឡើងរបស់ប្រទេសចិនទៅលើប្រទេសអាស៊ានអោយទទួលយកបញ្ញាតិនៅក្នុងក្រមប្រតិបត្តិ ដែលមានបំណងរឹតត្បិតលើសិទ្ធិរបស់គេក្នុងការធ្វើជាដៃគូជាមួយនឹងប្រទេសឬក្រុមហ៊ុនភាគីទី៣ ។ ការណ៍នេះ ជាការកាន់តែបង្ហាញអោយឃើញច្បាស់ នូវបំណងរបស់ចិនដែលចង់គ្រប់គ្រងធនធានប្រេង និងឧស្ម័ន នៅសមុទ្រចិនខាងត្បូង ។

យ៉ាងណា សហរដ្ឋអាមេរិក អំពាវនាវឱ្យប្រទេសចិន គួរបញ្ឈប់អាកប្បកិរិយាសម្លុត និងគម្រាមកំហែងបន្តទៀត ហើយជៀសវាងការធ្វើសកម្មភាពបែបបង្ករហេតុ និងធ្វើអោយមានអស្ថិរភាព ៕

Share

Image
Image
Image