en     km
en     km

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

Share

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ សមាជិករដ្ឋសភា​អាមេរិក បាន​អនុម័ត​ច្បាប់ H.R 526 ឈានដល់ ការដាក់​ទណ្ឌកម្មកម្ពុជា ដែលសភាអាមេរិកថាបាន រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​​នៅ​កម្ពុជា ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបង្ហាញការសោកស្ដាយ និងអំពាវនាវឱ្យអាមេរិកពិចារណាឡើងវិញ ដើម្បីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរបន្តទៅមុខទៀត ។

រាយការណ៍ដោយ លោក សោម លាភ

សមាជិករដ្ឋសភា​អាមេរិក​លោក Ted Yoho  ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​នេះ​ជាថ្មី ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅថ្ងៃដដែលនោះថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ ២០១៩ នេះ ជាការដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា និង​មន្ត្រីមួយចំនួនទៀត ។

លោក Ted Yoho បង្ហាញក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​ H.R 526នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត ហើយ​បន្ទាប់​មក​ប្រធានាធិបតី​អាមេរិកចុះហត្ថលេខា ដើម្បី​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន ​។

លោកបន្ថែមថា នេះជាពេលដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ទទួលខុសត្រូវ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ។

ដោយឡែក លោក ព្រាប កុល នាយកប្រតិបត្តិរបស់អង្គការតម្លាភាពកម្ពុជា ក៏បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៦ កក្កដានេះថា ​​សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា(Cambodia Democracy Act) ឬ H.R. 526 នេះ​មាន​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរព​សិទ្ធិសេរីភាពនយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជារូបនេះបន្ថែមថា ការអនុម័តច្បាប់នេះ ជាជំហ៊ានដំបូងដោយសភាជាន់ទាប​ ហើយបន្ទាប់មកទៀតគឺតម្រូវឱ្យមានការពិនិត្យ និងអនុម័តដោយសភាជនខ្ពស់ ឬព្រឹទ្ធសភា  មុននឹងបញ្ជូនទៅប្រធាធិបតីចុះហត្ថលេខា និងប្រកាសសុពលភាពច្បាប់ ។

លោក ​អេលៀត អ៊ីងហ្គល ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភាតំណាងរាស្ត្រ​មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ​បញ្ជាក់ថា សហរដ្ឋ​អាមេរិកនៅតែគិត និងដើរជាមួយប្រជាពលរដ្ឋកម្ពុជា ។

ទាំងសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប បង្ហាញជំហដោយរិះគន់ថា កម្ពុជាមិនបានអនុវត្តន៍តាមគោលការណ៍ប្រជាធិបតេយ្យ គ្មានការគោរពសិទ្ធិមនុស្ស និងមិនមាននីតិរដ្ឋជាដើម ។

ប្រទេសប្រជាធិបតេយ្យធំៗទាំងនេះ ទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បោះឆ្នោតឡើងវិញដោយប្រព្រឹត្តទៅដោយយុត្តិធម៌ ស្មើភាពគ្នា និងត្រឹមត្រូវទៅតាមច្បាប់ ។

មុនការបោះឆ្នោតសភាជាតិនីតិកាលទី ៦ កម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈសេចក្ដីសម្រេចរបស់តុលាការកំពូល, ហាមឃាត់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួន ១១៨ រូបមិនអោយធ្វើនយោបាយ ដោយសំអាងលើការចោទប្រកាន់ប្រធានគណបក្សនេះឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ជាងនេះ ក៏មានការ ចោទប្រកាន់អ្នកសារព័ត៌មាន, អ្នកវិភាគ, រឹតត្បិតសេរីភាពអង្គការសង្គមស៊ីវិល និងបិទការិយាល័យប្រព័ន្ធផ្សព្វផ្សារដែលសាធារណៈជនឱ្យតម្លៃថា ជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ។

សេចក្តីស្នើច្បាប់ចំនួនបួនហើយ ដែលអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើឡើងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។ សេចក្តីស្នើច្បាប់ចំនួនបីទៀត ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មកម្ពុជា, ការធ្វើ​ឱ្យ​វិល​ត្រឡប់​វិញ​នៃការវិនិយោគនៅ​កម្ពុជា និងសេចក្តីស្នើច្បាប់​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ។

ថ្មីៗនេះ លោក សម រង្ស៊ី បានបន្តបញ្ជាក់ថាការធ្វើមាតុភូមិនិវត្តរបស់លោកមកប្រទេសកំណើតវិញនោះ នឹងមានអន្តរជាតិមួយចំនួននឹងមកជាមួយដែរ ក្នុងនោះមានសមាជិកសភាពរបស់ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប និងសភាសហរដ្ឋអាមេរិកផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា បានគម្រាមថា នឹងបិទទិដ្ឋាការចំពោះអន្តរជាតិណា ដែលនឹងអមដំណើរមកកម្ពុជាជាមួយក្រុមលោក សម រង្ស៊ី ។

យ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១៦ កក្កដានេះ ដោយបង្ហាញការសោកស្ដាយចំពោះការសម្រេចបែបនេះរបស់រដ្ឋសភាអាមេរិក ។ លោកថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលលោកទទួលបានដំណឹងនេះ ។

លោកចាត់ទុកច្បាប់នេះ ថាមានចរិតនយោបាយ និងគោលបំណងប្រឆាំងទៅនឹងសុច្ឆន្ទៈនយោបាយរបស់ប្រជាជនកម្ពុជា ដែលបានជ្រើសរើសមេដឹកនាំខ្លួនតាមផ្លូវច្បាប់ តាមរយៈដំណើរការបោះឆ្នោតប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ ។

យ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះបន្ថែមថា ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនអាចទទួលយកបានទេ ដោយសារតែសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងផ្អែកទៅលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ បង្ហាញតែមហិច្ឆិតានយោបាយជាប្រវត្តិប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតែបុណ្ណោះ ។ ជាងនេះ សេចក្តីស្នើច្បាប់នេះ ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព នឹងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា ។

លោកផៃ ស៊ីផាន អំពាវនាវទាំងនីតិបញ្ញត្តិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការពិចារណាឡើងវិញ នូវជំហររបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍នៃការថែរក្សាទំនាក់ទំនងល្អនឹងគ្នា ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។

លោករំពឹងទុកថា ព្រឹទ្ធសភាអាមេរិក ក៏ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ច្បាស់ជាយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រជាជាតិទាំងពីររបស់យើងបាននឹងកំពុងតែខិតខំប្រឹងប្រែង ដើម្បីបន្តរក្សាផលប្រយោជន៍រួមគ្នាជាដាច់ខាត ។

​លោក​ Ted Yoho  កាលពីឆ្នាំ ២០១៨ កន្លងមក ក៏បានធ្វើ​សេចក្តី​ស្នើ​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​លេខ​ H.R. 5754 ​ហើយ​ត្រូវ​បានសភា​តំណាងរាស្ត្រ​អនុម័ត​ដោយ​សំឡេង​ជា​ឯកច្ឆ័ន្ទ​ ប៉ុន្តែ​ព្រឹទ្ធសភា​មិន​បាន​យក​ច្បាប់​នោះ​មក​ពិនិត្យ​អនុម័ត​ទេ ​ហើយ​រដ្ឋ​សភា​ក៏​បាន​ផុតអាណត្តិ​ ។

ក្នុងសេចក្ដីស្នើច្បាប់ស្ដីពី « ប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៨» បញ្ជាក់ថា ដើម្បីដាក់ទណ្ឌកម្ម លើសមាជិក មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលដែលបានប្រើប្រាស់តួនាទី ធ្វើឱ្យប៉ះពាល់ លទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិ មនុស្ស នៅកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកចេញផ្សាយនៅថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៨ បានបង្ហាញពីបញ្ជីឈ្មោះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដែលត្រូវបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឱ្យចូលទឹកដីអាមេរិករួមមាន៖

សម្ដេច ហ៊ុន សែន​នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា,

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា,

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា,

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,

លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌,

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន,

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស,

លោក ឱម យិនទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ,

លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ,

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា,

លោក គន់ គីម មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,

លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិ និងអគ្គមេបញ្ជាការកងរាជអាវុធហត្ថ,

លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិ,

លោក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងអគ្គស្នងការនគរបាល រាជធានីភ្នំពេញ,

លោក ហ៊ុន ម៉ាណែត អនុប្រធានបុគ្គលិកទូទៅនៃកងយោធពលខេមរភូមិន្ទ,

លោក សុខ ពុទ្ធីវុធ នាយកប្រតិបត្តិនៃក្រុមហ៊ុនសូម៉ា គ្រុប (SOMA Group) និង

លោកស្រី ហ៊ុន ម៉ាណា ជាប្រធាន ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍បាយ័ន ។

បន្ទាប់ពីនេះ លោក ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិ បានប្រកាសដោយមិនជាន់ទឹកដីអាមេរិកឡើយ ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ថា លោកមិនខ្វល់ចំពោះការបង្កកទ្រព្យសម្បត្តិ ឬបិទទិដ្ឋាការនោះទេ ព្រោះមិនមានទ្រព្យសម្បត្តិណាឱ្យបង្កក ហើយបើបិទទិដ្ឋាការធ្វើឱ្យមិនចាំបាច់ខាតលុយទៅប្រទេសអាមេរិកផង ។ កាលនៅក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ ប្រទេសជប៉ុនកាលពីមួយខែមុននេះ សម្ដេចហ៊ុនសែន ចង់អោយ មេដឹកនាំប្រទេសជប៉ុន លោកស៊ីន សូអាបេ ជួយនាំសារទៅប្រាប់លោកប្រធានាធិបតីដូណាល់ត្រាំថា កម្ពុជា នៅចាត់​ទុក​អាមេរិកជាមិត្តរបស់ខ្លួន ហើយ ចង់ផ្សះផ្សា ទំនាក់ទំនងឡើងវិញ។

ពាក់ព័ន្ធនឹង បញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សហភាពអឺរ៉ុប ក៏កំពុងដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាផងដែរ ។

ជាការឆ្លើយតបទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់កម្ពុជាតែងតែអះអាងថា កម្ពុជាធ្វើអ្វីតាមគោលនយោបាយរបស់ខ្លួន ដែលជារដ្ឋអធិបតេយ្យ និងរដ្ឋមានឯករាជ្យ ដោយមិនអាចធ្វើទៅបានឡើយនៅការប្ដូរអធិបតេយ្យជាមួយជំនួយ ឬប្រពន្ធអនុគ្រោះពន្ធផ្សេងៗឡើយ ។

យ៉ាងណាអ្នកសង្កេតការណ៍មួយចំនួន បានទទូចថា ទាំងលោកសមរង្ស៊ី និង សម្ដេចនាយករដ្ឋមន្ត្រី គួរប្រញាប់និយាយរកគ្នាវិញ ហើយ ចាប់ផ្ដើមចរចា។ ពួកគាត់ថា បក្សកាន់អំណាចក៏ត្រូវ​បោះ​បង់​ចោល ភាពមានះរឹងរុស ហើយ ធ្វើតាមលក្ខខណ្ឌ មួយចំនួនរបស់ សហភាពអឺរ៉ុប និង​អាមេរិក៕

Share

Image
Image
Image