en     km
en     km

អ្នកនាំពាក្យតុលាការ៖ សំណុំរឿងជនល្មើសបាញ់សម្លាប់លោកកែម ឡី បានទៅដល់តុលាការ

Share

ភ្នំពេញ៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងតាមរយៈសារ តេឡេក្រាម នៅល្ងាចថ្ងៃទី ១១ កក្កដានេះថា  សំណុំរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយ បានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីមាន​ការ​សាកសួរ នៅស្នងការដ្ឋានគរបាលរួចមក ។

cover-PP-municipal-court-(licadho)

សារអេឡិចត្រូនិចនៅលើតេឡេក្រាម នៅថ្ងៃនេះ លោក លី សុផាណា បានប្រាប់ថា ​នៅថ្ងៃ​ច័ន្ទ​ទី១១ កក្កដា អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ហើយកំពុងពិនិត្យឯកសារ និងភស្ដុតាងនៅក្នុងសំណុំរឿងនេះ នឹងសួរ​ចម្លើយ​​ជនល្មើសនៅថ្ងៃស្អែកបន្ដទៀត។

តែទោះយ៉ាងណា បើតាមការបញ្ជាក់ពី លោក លី សុផាណា ដដែល គឺ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេចឃុំជនល្មើសជាខ្មាន់កាំភ្លើងបាញ់លោកបណ្ឌិត កែម ឡី ឱ្យនៅ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។

កាលពីព្រឹកថ្ងៃចន្ទនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យសមត្ថកិច្ចពង្រឹងសន្តិសុខ ខណៈ​សម្ដេច សម្ដែងការចូលរួមកាន់ទុក្ខគ្រួសារលោក កែម ឡី ។

ទាក់ទងករណីនេះ អង្គការក្នុងប្រទេស ៧០អង្គការបានចេញសេចក្ដីថ្លែងការណ៍ ដោយ ថ្កោល​ទោស យ៉ាងខ្លាំង ចំពោះអំពើឃាតកម្មលើ លោក កែម ឡី ។ អង្គការទាំងនោះបានទាមទារ ឱ្យ ស្វែង​​រកយុត្តិធម៌ពិតៗជូនជនរងគ្រោះ ។

សូមជំរាបថា លោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានគេឃាតករ​បាញ់​សម្លាប់នៅក្នុង Star Mart ខណ្ឌចំការមន ក្បែរស្តុបបូកគោ នៅវេលាម៉ោង ៨និង​៤៥នាទី​ព្រឹក ដែល​ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

 

Share

Image
Image
Image