en     km
en     km

អ្នកនយោបាយ និងអ្នកវិភាគប្រាថ្នាចង់ឱ្យកម្ពុជាមានឯកភាពជាតិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ 

Share

ភ្នំពេញ៖ មកដល់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំកុរ ឆ្នាំ ២០១៩ អ្នកនយោបាយបក្សប្រឆាំងមួយចំនួនកំពុងជាប់បំរាមនយោបាយ ។តែយ៉ាងណាអ្នកនយោបាយនៅបរទេស មួយចំនួនទៀតកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ។

ដោយឡែក បក្សកាន់អំណាច ដែលជាបក្សដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏កំពុងធ្វើនយោបាយដើម្បីបន្ថែមការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យតាមតួនាទីរៀងៗខ្លួន ។

យ៉ាងណាអ្នកនយោបាយនៅប៉ូលធំពីរនេះ  កំពុងបែកបាក់គ្នាយ៉ាងខ្លាំង។ ឱកាសនៃ​ពិធីចូល​ឆ្នាំកាន់តែជិតចូលមកដល់ដែរ តែគ្មានអ្វីប្រែប្រួលល្អឡើយនៅពេលនេះ ។

អ្នកវិភាគ រួមទាំងអ្នកនយោបាយ ដាក់ការរំពឹងថា នឹងមានការឯកភាពជាតិឡើងវិញក្រោយ​បុណ្យ​ចូលឆ្នាំ។

លោក សោម លាភ រាយការណ៍អំពីព័ត៌មាននេះដូចតទៅ៖

 

ប្រទេសកម្ពុជា ត្រូវបានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលប្បញ្ញត្តដោយឱ្យអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ។

យ៉ាងណា ស្ថានភាពនយោបាយ ទិដ្ឋភាពនៃការដឹកនាំកម្ពុជាក្រោមសមាសភាពរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញខុសៗគ្នា​រវាង​ អ្នកវិភាគ អ្នកនយោបាយបក្សប្រឆាំង រួមទាំងគណបក្សកាន់អំណាច ។

មន្ត្រីគណបក្សកាន់អំណាច តែងតែអះអាង ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន កម្ពុជាមានប្រជាធិបតេយ្យពេញលេញ មានការគោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋពេញលេញបរិបូរណ៍ ។

ដោយឡែក ខាងមន្ត្រីអតីតគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយត្រូវបានតុលាការកំពូលរំលាយ ជាហេតុមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសភានីតិកាលទី ៦ នោះ តែងតែអះអាងថា ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ គឺមិនមែនធ្វើឡើងដើម្បីបុព្វហេតុកម្ពុជានោះទេ។ តែធ្វើឡើងដើម្បីបក្សពួកនិយម ក្រុមគ្រួសារនិយម  បន្តរក្សាអំណាច លុយកាក់ មាសប្រាក់ជាដើម ។

ពួកគេតែងតែចោទប្រកាន់ថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាការដឹកនាំខុសច្បាប់ ព្រោះថ្នាក់ដឹកនាំដែលបានមកពីការបោះឆ្នោតក្លែងក្លាយ ។

ដោយឡែក សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យមួយចំនួន ក៏ចាត់ទុកថា ការបោះឆ្នោតកន្លងមករបស់កម្ពុជា គឺមានភាពមិនប្រក្រតីនោះទេ ។

ក្រឡេកទៅមើលមជ្ឈដ្ឋានអ្នកវិភាគវិញ បង្ហាញការមើលឃើញខុសៗគ្នា ពោលគឺអ្នកវិភាគមួយចំនួនព្រួយបារម្ភចំពោះការដឹកនាំតាមរបៀបបក្សកាន់អំណាចសព្វថ្ងៃ ខណៈអ្នកវិភាគខ្លះមិនគិតដូនេះនោះទេ ។

កត្តាសត្យានុម័ត រាល់អ្នកនយោបាយទាំងអស់ មានតួនាទីដើម្បីជាការបម្រើផលប្រយោជន៍រួម ដើម្បីស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខសង្គម រួមទាំងការអភិវឌ្ឍ ដែលនេះជាអ្វីដែលប្រជាជនទាំងអស់ចង់បាន បើទោះបីជាការធ្វើនយោបាយនោះ មានយុទ្ធសាស្ត្រផ្សេងៗគ្នា ទៅតាមបុគ្គល ក្រុម ឬបក្សពួក ។

មន្ត្រីធំៗ នៃស្ថាប័នធំៗទាំងបី នៅកម្ពុជាដែលជាស្ថាប័នដាច់ដោយឡែកពីគ្នា មុនពេលពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលគេឃើញភាគច្រើនគឺស្ថាប័ននីតិប្បញ្ញត្ត ដែលជាស្ថាប័នបង្កើតច្បាប់ និងស្ថាប័នីតិប្រតិបត្តិដែលជាស្ថាប័នអនុវត្តច្បាប់ បានចេញសារព្រោងព្រាតដើម្បីជាការអបអរសាទរ និងជូនពរពលរដ្ឋ ពិសេសគឺជូនពរមន្ត្រីដែលមានឋានៈខ្ពស់ជាងខ្លួន ។

ជាក់ស្ដែង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាន់អំណាចជិត៤០ ឆ្នាំ បានផ្ញើសារជារៀងរាល់ថ្ងៃជូនចំពោះប្រជាជាតិកម្ពុជា ។

នាយករដ្ឋមន្ត្រីកម្ពុជា តែងតែបង្ហាញនូវក្ដីសង្ឃឹម និងជូនពរប្រជាពលរដ្ឋកម្ពុជាឱ្យមានសុវត្តិភាពគ្រប់ប្រការ ហើយសប្បាយរីករាយ ជួបជុំគ្រួសារនៅក្នុងឱកាសនោះ ។

នាយករដ្ឋមន្ត្រីកម្ពុជាថា បើទោះបីជាឱកាសនៃបុណ្យចូលឆ្នាំជាតិខ្មែរឈានចូលមកដល់ ក៏សម្ដេច ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅតែមានកិច្ចការងារជាច្រើន ដែលជាកិច្ចការបម្រើជាតិ មិនអាចនឹងដកឃ្លាបាន ។

នាយករដ្ឋមន្ត្រីកម្ពុជាថា កិច្ចការប្រទេសជាតិ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាខ្លាំង ហើយក៏មិនបោះបង់កិច្ចការក្រៅប្រទេសដែរ ។

សម្ដេច ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិខ្មែរទាំងអស់ថា នឹងលុបបំបាត់អំពើពុករលួយ អនុវត្តអភិក្រមទាំងប្រាំ គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា និងបង្កើន ក៏ដូចជាបើកចំហរ ឬស្វាគមន៍អ្នកវិនិយោគបរទេសមកកម្ពុជាឱ្យកាន់តែច្រើនឡើងៗ ដើម្បីធ្វើឱ្យកម្ពុជាមានការអភវិឌ្ឍជឿនលឿន ។

សម្ដេច ហ៊ុន សែន បង្ហាញការចង់ឃើញប្រជាជនកម្ពុជាក្លាយជាសេដ្ឋីឱ្យបានកាន់តែច្រើនឡើងៗ ។

សម្ដេច នាយករដ្ឋមន្ត្រីតែងតែអះអាងជាដាច់ខាតថា ក្រោមការដឹកនាំរបស់សម្ដេច គឺមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីបរទេសណាមួយឡើយ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ ហើយក៏មិនផ្លាស់ប្ដូរកម្មវត្ថុនេះ ជាមួយនឹងជំនួយ ឬការអនុគ្រោះពន្ធអ្វីដែរ ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ទោះបីជាយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែពង្រឹងនយោបាយការបរទេសជាមួយចិនក្នុងការធ្វើកិច្ចសហប្រតិបត្តិការណ៍ជាគ្នាយូរអង្វែងតទៅមុខទៀត ។ 

សម្រាប់លោកបណ្ឌិតមាស នី ក្នុងនាមជាអ្នកវិភាគនយោបាយឯករាជ្យមួយរូបក្នុងសង្គមកម្ពុជា លោកបណ្ឌិតបានមានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា អ្នកនយោបាយនៅកម្ពុជាបានបង្ហាញដោយប្រយោលតាមរយៈការគ្រប់គ្រងតាមបែបទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ។ យ៉ាងណា លោកបណ្ឌិតសង្ឃឹមថា ឆ្នាំថ្មីអ្នកនយោបាយគួរពិចារណាលើកិច្ចការនេះ ។

លោកបណ្ឌិតថា អ្នកនយោបាយ ជាពិសេសគឺអ្នកនយោបាយដែលមានសមត្ថកិច្ចកំពុងដឹកនាំកម្ពុជាគួរសិក្សាពីលទ្ធភាព និងតម្រូវការរបស់ពលរដ្ឋកម្ពុជា ព្រោះអ្នកនយោបាយទាំងអស់ដឹងច្បាស់អំពីតម្រូវការ ឬមិនមែនតម្រូវការរបស់ពលរដ្ឋតាមរយៈការបង្ហាញមតិយោបល់ ឬប្រតិកម្មលើបណ្ដាញសង្គមហ្វេសបុក ។

លោកបណ្ឌិតមាស នី បន្តថាអ្នកនយោបាយដែលជាក្បាលម៉ាស៊ីនដឹកនាំកម្ពុជាគួរខិតខំស្វះស្វែងរកច្រកចេញដើម្បីឈានទៅដល់ការឯកភាពគ្នា សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ។

លោកបណ្ឌិតបង្ហាញថា ការគិតពីតម្រូវការរបស់សហគមន៍អន្តរជាតិអាចជាច្រកមួយសំខាន់សម្រាប់ការធ្វើឱ្យមានឯកភាពនៅកម្ពុជា ។ ជាងនេះ គឺជាការអនុវត្តតាមច្បាប់ ពិសេសគឺរដ្ឋធម្មនុញ្ញនៃកម្ពុជាដែលជាច្បាប់កំពូល ។

លោកបណ្ឌិតមិនចង់ឃើញអ្នកនយោបាយពង្រឹងអំណាចរបស់ខ្លួនជាជាងការពង្រឹងការសាមគ្គីគ្នាដើម្បីប្រយោជន៍ជាតិនោះទេ ។  

ជាងនេះ អ្នកវិភាគរូបនេះ ក៏បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនដែរថា គុណតម្លៃសំខាន់របស់មេដឹកនាំនយោបាយគឺការបង្កើនមិត្តតែកាត់បន្ថយសត្រូវ ហើយការជ្រើសយកការកំណែរទម្រង់តាមបែបមនុស្សធម៌និយមជាជាងការពង្រឹងនិតិរដ្ឋក៏នឹងមិនអាចជួយរក្សានូវប្រជាប្រីយភាពរបស់ខ្លួនសំរាប់រយៈពេលវែងបានឡើយ ។

ស្ថានភាពនយោបាយតឹងតែងនៅកម្ពុជា គឺក្រោយពេលដែលមានការរំលាយគណបក្សសង្គ្រោះជាតិ ហើយគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះលើការបោះឆ្នោតទាំងស្រុង ដោយមានតែគណបក្សនេះតែមួយប៉ុណ្ណោះ ដែលមានអាសន្នៈក្នុងរដ្ឋសភា ពោលគឺ ១២៥ លើ ១២៥ ។

យ៉ាងណា អ្នកនយោបាយបក្សប្រឆាំង និងបក្សកាន់អំណាច មិនដែលបង្ហាញជំហរទៅលើការសម្រុះសម្រួលគ្នានោះទេ ពោលគឺបក្សកាន់អំណាចមិនចរចាជាមួយអតីតគណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិក៏មិនចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដោយថា ឱ្យគណបក្សប្រជាជនកម្ពុជាទៅចរចាជាមួយអន្តរជាតិជាដើម ។

សម្រាប់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នៅតែចិញ្ចឹមចិត្តថា នឹងចូលមកកម្ពុជាវិញ ដើម្បីឱ្យមានការផ្លាស់ប្ដូរដោយវិជ្ជមានឱ្យខានតែបានក្នុងឆ្នាំ ២០១៩នេះ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image