en     km
en     km

អ្នកជំងឺ​គ្រុនឈាម​កើនឡើង​ខ្លាំង​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៨​នេះ​

Share

​ភ្នំពេញ​៖​ អ្នកជំងឺ​គ្រុនឈាម​ដែល​ភាគច្រើន​ជា​កុមារ​ មានការ​កើនឡើង​ជិត​បី​ដង​នៅ​ក្នុង​រយៈ​ឆមាស​ទី​១​ ដើមឆ្នាំ​ ២០១៨​នេះ​។​ អ្នកជំងឺ​យ៉ាងតិច​ ១៣​ នាក់​ស្លាប់​ ដោយ​ជំងឺគ្រុនឈាម​។​
​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

ប្រជាពលរដ្ឋក្រីក្រមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។ រូបភាព៖ Facebook មន្តីរពេទ្យគន្ធបុប្ផា។

​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​កន្លែង​ដក់​ទឹក​នៅ​ក្នុង​សំបក​កំប៉ុង​ សំ​បងកង​ឡាន​ចាស់ៗ​ ត្រឡោក​ដូង​ ទឹក​ថ្លុក​នាំ​ឲ្យ​មូស​ខ្លា​ពង​កូនបង្កើត​ជា​មូល​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។​

​ក្នុង​ឆមាស​ទី​១​ ដើមឆ្នាំ​ ២០១៨​នេះ​ អ្នកជំងឺ​គ្រុនឈាម​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មណ្ឌល​សុខភាព​ និង​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​កើនឡើង​ខ្ពស់​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក​កាលពី​ឆ្នាំ​មុន​។​

​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ៧​ខែ​ ចាប់ពី​ខែ​ មក​រា​ ដល់​ ខែកក្កដា​ មាន​អ្នកជំងឺ​គ្រុនឈាម​ដែល​ភាគ​ជា​ច្រើន​ជា​កុមារ​កើនឡើង​រហូត​ដល់​ ៥២៨៤​ ករណី​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ អ្នកជំងឺ​គ្រុនឈាម​មាន​ ១៥៨០​ករណី​។​ អ្នកជំងឺ​គ្រុនឈាម​កើនឡើង​ជាង​ ៣៧០០​នាក់​ ឬ​ស្មើនឹង​ ៧៧​ភាគរយ​។​

​របាយការណ៍​ក្រសួង​ បញ្ជាក់​ថា​ កុមារ​ស្លាប់​ ១៣​ នាក់​ ដោយ​ជំងឺគ្រុនឈាម​ក្នុង​ចំណោម​អ្នកជំងឺ​ប្រហែល​ ៧​ ពាន់​នាក់​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​។​

​ដើម្បី​ទប់ស្កាត់​បង្ការ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​ ២០១៨​នេះ​ ក្រសួងសុខាភិបាល​បាន​ចែក​សេរ៉ូម​ប្រមាណ​ ៥​ ម៉ឺន​ប្លោក​ ថ្នាំ​អា​បែ​ត​ចំនួន​ ៣៥០​ តោន​ និង​ ថ្នាំ​បាញ់​សម្លាប់​មូស​ជាង​ ៦​ ពាន់​លី​ត្រ​ ត្រូវ​បាន​បែងចែក​ទៅ​តាម​មន្ទីរ​រាជធានី​ ខេត្ត​។​

​ជំងឺគ្រុនឈាម​មាន​រោគ​សញ្ញា​ គ្រុនក្តៅ​ ឈឺក្បាល​ ឈឺ​ក្រោម​រង្វង់​ភ្នែក​ ឈឺពោះ​ និង​កន្ទួល​ក្រហម​លើ​ស្បែក​ ឬ​ហូរ​ឈាម​។​ ប្រសិនបើ​សង្ស័យ​ថា​មាន​ជំងឺគ្រុនឈាម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ជា​បន្ទាន់​ ហើយ​ត្រូវ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥​ រាយការណ៍​ទៅ​មន្ត្រី​សុខាភិបាល​បើ​មានការ​ផ្ទុះ​ជំងឺ​គ្រុនក្តៅ​ខុសធម្មតា​ក្នុងភូមិ​។​

​បើ​តាម​របាយការណ៍​រយៈពេល​មួយ​ខែ​ចាប់ពី​ថ្ងៃ​ ២១​ ខែកក្កដា​ ដល់ថ្ងៃទី ២១ ​ខែ​ សីហា​ ឆ្នាំ​ ២០១៨​ របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ផា ​ដែល​ជា​មន្ទីរពេទ្យ​ល្បីល្បាញ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ ឱ្យ​ដឹង​ថា​ កុមារ​ចំនួន​ ២៦២៨​ នាក់​ កើត​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ កើនឡើង​ជាង​៤​ដង​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​កុមារ​កើត​ជំងឺគ្រុនឈាម​មាន​អត្រា​ខ្ពស់​ជាង​មនុស្ស​ពេញវ័យ​ និង​មនុស្ស​ចាស់​។​ ជំងឺគ្រុនឈាម​នឹង​កើត​មាន​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​នៅ​ជាយក្រុង​ កន្លែង​មាន​ដក់​ទឹក​ ឬ​ការ​ស្តុក​ទឹក​ទុក​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មូលហេតុ​ផ្តល់​ទីជម្រក​សម្រាប់​មូល​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​នេះ​។​

​ទោះបី​យ៉ាងណា​តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៧​ របស់​នាយ​ដ្ឋា​ន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ រក​ឃើញ​ថា​ ជំងឺគ្រុនឈាម​ថយ​ចុះ​ចំនួន​ ១២០​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។​

​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ និង​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ​ និង​ស្លៀកពាក់​ខោអាវ​ឱ្យ​កុមារ​ជិត​ ដើម្បី​ការពារ​កុំឱ្យ​មូល​ខាំ​៕

Share

Image
Image
Image