en     km
en     km

អ្នកច្បាប់ UN ថាសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្លាក់ចុះ

Share

កាលពីថ្ងៃទី ២៧ មិថុនា គណៈកម្មការនៃក្រុមប្រឹក្សាអ្នកច្បាប់ បញ្ជាក់ថាស្ថានការណ៍សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាធ្លាក់ចុះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ International Commission of Justice កាលពីថ្ងៃទី ២៧ មិថុនា។

 

ការដែលថា សិទ្ធិមនុស្ស នៅកម្ពុជាធ្លាក់ចុះធ្ងន់ធ្ងរដូចនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាដេញដោលមួយ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។ ខ្លឹមសារនៃកិច្ចប្រជុំនេះ បានលើកយកប្រទេសកម្ពុជាមកធ្វើជាឧទាហរណ៍ ដែល ជារដ្ឋមួយកំពុងតែបោះជំហានចូលទៅក្នុងរបបផ្ដាច់ការ ដោយសារការការបង្រាបសកម្មភាពផ្សេងៗដែលជាការរំលោភសិទ្ធិមនុស្ស។

ជាងនេះ រាល់សកម្មភាពបង្រ្កាបទាំងនេះ ជាប្រការមួយដែលធ្វើឱ្យសង្គមស៊ីវិលមិនអាចនិយាយដោយបើកចំហបាន អំពីបញ្ហាផ្សេងៗ ដោយសារមានការភ័យខ្លាចមានការគំគួន និងសងសឹក។

របាយការណ៍របស់គណៈកម្មការនៃក្រុមប្រឹក្សាអ្នកច្បាប់  បន្តថាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញនីតិរដ្ឋ ដែលចាប់កំហុសដោយគណបក្សកាន់អំណាចគឺ ជាហេតុមួយធ្វើឱ្យមិនមានការជឿទុកចិត្តចំពោះដំណើរការនៃការបោះឆ្នោត ២៩ កក្កដាខាងមុខនៃកម្ពុជា។ របបនៃការគ្រប់គ្រងនេះ បានគាបសង្កត់សង្គមស៊ីវិល បិទបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គណបក្សប្រឆាំង និងគាបសង្កត់ពលរដ្ឋ។

ជាមួយគ្នានេះក៏សង្កេតឃើញដែរថា រដ្ឋាភិបាលកម្ពុជាគម្រាមផ្ដន្ទាទោសជនណាដែលអំពាវនាវឱ្យធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាដើម។ មិនតែប៉ុណ្ណោះ ក៏មានការបង្កើតក្រុមការងារ ដើម្បីតាមដាន និងគ្រប់គ្រងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ពលរដ្ឋសាមញ្ញមួយចំនួន ក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំឃាំងក្រោមឥទ្ធិពលនៃច្បាប់ថ្មី ស្ដីពីការប្រមាថព្រះមហាក្សត្រ។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាភាសាអង់គ្លេសទៀតមួយ ត្រូវបានលក់ទៅឱ្យម្ចាស់ថ្មីម្នាក់ ដែលគេសង្ស័យជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល ស្របពេលមានការស៊ើបអង្កេតមកលើសមាជិកអង្គការសង្គមស៊ីវិលក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។

គួររំលឹកផងដែរថា ​ក្នុង​សម័យប្រជុំ​លើក​ទី​ ៣៧ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ កាលពីថ្ងៃទី ២១ មីនា ឆ្នាំ ២០១៨ ប្រទេស​នូវែលសេឡង់តំណងឱ្យប្រទេស​ចំនួន​ ៤៥ ​ធ្វើការ​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ បានថ្លែង​ថ្កោលទោស​ដល់​កម្ពុជា អំពី​​ការ​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មានឯករាជ្យ​។ យ៉ាងណាក្ដី ក្រុមប្រទេសទាំងនោះមើលឃើញថា ការបោះឆ្នោតសភានីតិកាលទី ៦ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ កក្កដា នឹង​មិន​អាច​ចាត់​ទុក​ថា ស្រប​ច្បាប់​នោះទេ ពោលគឺមិនមានភាពត្រឹមត្រូវ ស្មើភាព​ និងយុត្តិធម៌ឡើយ។

វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបភ្លាមៗ ពីលោកកែបរ៉េមី ប្រធានគណៈកម្មាធិការសិទិ្ធមនុស្ស កម្ពុជាបានទេ នៅថ្ងៃនេះ។ តែបែបនេះក្ដី លោកលជីនម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្មីៗនេះ ដែលប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់សមាជិកសភាអ៊ាស៊ានដើម្បីសិទ្ធិមនុស្ស បានច្រានចោល រាល់សេចក្ដីរាយការណ៍ទាំងឡាយដែល រិះគន់បក្សកាន់អំណាចនៅកម្ពុជាដឹកនាំ ធ្វើមានការធ្លាក់ចុះសិទ្ធិមនុស្ស ។ លោកជីនម៉ាលីន អះអាងសទ្ធិមនុស្ស និងការគោរពច្បាប់ត្រូវតែដើរទន្ទឹមគ្នា៕

 

 

Share

Image
Image
Image