en     km
en     km

អ្នកគាំទ្រ​ CNRP ៖​ «បើ​លោក​កឹ​ម​ សុខា​ មិន​មាន​សុវត្ថិភាព​ ពួក​គាត់​ក៏​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​​»

Share

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​ ២៩​ ខែឧសភា​នេះ​ ក្រុម​អ្នកគាំទ្រ​និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​រាយ​នាក់​នៅ​តែ​បន្ត​ស្នាក់​នៅ​មុខ​ទីស្នាក់ការ​ណ្តា​ល​បក្ស​សង្កាត់​ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​ ដើម្បី​ការពារ​ប្រធាន​ស្តីទី​គណ​បក្ស​​លោក​កឹ​ម​ សុខា​ ក្រែង​មានការ​ចាប់ខ្លួន​ពី​ក្រុម​សមត្ថកិច្ច​។​

CNRP-Supporter-3-WMC
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្តនាំគ្នាស្នាក់នៅខាងមុខទីស្នាក់ការបក្ស សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ / រូបភាព៖ ជួន សារ៉េត

បើ​តាម​សេចក្តីរាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​ស្ត្រី​ ដែល​បាន​ចុះ​ទៅ​សង្កេត​មើល​ដល់​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ​ បាន​រាយការណ៍​ថា​ ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដ៏​ល្បីឈ្មោះ​មួយ​នេះ​ នៅ​តែ​បន្ត​ឡើង​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ ដើម្បី​មក​ស្នាក់​ការ​បក្ស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​។​

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ គឺ​លោក​ ម៉ៅ​ ម៉េ​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​បាន​ទ្បើ​ង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈពេល​បី​ថ្ងៃ​រួច​មក​ហើយ​ ក្នុង​គោលបំណង​ដើម្បី​ការពារ​មិន​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​។​ លោក​ ម៉ៅ​ ម៉េ​ន​ អះអាង​ថា​ លោក​នឹង​បន្ត​ឃ្លាំមើល​ស្ថានការណ៍​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ទាល់តែ​ស្ថានការណ៍​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​វិញ​ ពោល​គឺ​ លុះត្រាតែ​លោក​ កឹ​ម​ សុខា​ មាន​សុវត្ថិភាព​។​

«​ពួក​ខ្ញុំ​គ្មាន​អី​នោះ​ទេ​ក្រៅពី​ទឹកចិត្ត​នឹង​ការ​លះបង់​រារាំង​មិន​ឱ្យ​ចាប់ខ្លួន​ ប៉ុន្តែ​បើ​ក្នុង​លក្ខណៈ​មានការ​ចាប់ខ្លួន​ណាមួយ​នោះ​ពួក​ខ្ញុំ​នឹង​ធ្វើការ​ផ្តាច់​ប្តូរ​ជាមួយនឹង​ខាង​សមត្ថកិច្ច​..»​។​

លោក​កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្គាប់​ឱ្យ​ចូលខ្លួន​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ប៉ុន្តែ​លោក​កឹ​ម​ សុខា​ បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ដីការ​នោះ​ទេ​។​

ការ​បដិសេធ​មិន​ចូល​បំភ្លឺ​នេះ​ជាដើម​ចម​បណ្តាល​ឱ្យ​មានការ​ស្វែងរក​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែឧសភា​នេះ​៕

Share

Image
Image
Image