en     km
en     km

អ្នកកាសែត VOD ម្នាក់ត្រូវសមត្ថកិច្ចដេញពីក្រោយពេលត្រឡប់ពីសួរពលរដ្ឋរឿងជម្លោះដីធ្លី

Share

ភ្នំពេញ៖ ស្ថាប័នខេមបូចា ទទូចឱ្យមន្រ្តីពាក់ព័ន្ធ ពិសេសមន្រ្តីមូលដ្ឋានត្រូវគោរពសិទ្ធិ និង យល់ដឹងពីសិទ្ធិរបស់អ្នកសារព័ត៌មាន ដោយមិនត្រូវរារាំង និង គំរាមកំហែងពេលអ្នកសារព័ត៌មានបំពេញការងារនោះទេ។ ការលើកឡើងនេះបន្ទាប់ពីអ្នកកាសែត VOD ម្នាក់ត្រូវបាន​សមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ពេលអ្នកកាសែតរូបនោះធ្វើដំណើរត្រឡប់ពីយកព័ត៌មានករណីជម្លោះដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខេមបូចាចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានបដិសេធការថ្លែងនេះ ដោយចាត់ទុកថា ការលើកឡើងនេះ បំភ័ន្តមតិសាធារណជនឱ្យមានការយល់ច្រលំពីសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

លោក ពក ខឺយ​ អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(VOD) ត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ និងស្ទាក់ពីមុខផង ពេលលោកធ្វើដំណើរត្រឡប់ចេញពីសាកសួរព័ត៌មានប្រជាពលរដ្ឋរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងតំបន់ព្រលានយន្តហោះថ្មី។ ហេតុការណ៍ កើតឡើងនៅត្រង់ចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា​ ខេមបូចា ដែលបង្ហោះលើទំព័រហ្វេសប៊ុកខ្លួនកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

លោក ពក ខឺយ បានរៀបរាប់ហេតុការណ៍ថា ពេលលោកធ្វើដំណើរចេញពីយកព័ត៌មានក្នុងសន្និសីទកាសែតដែលប្រជាពលរដ្ឋបានរៀបចំនៅតំបន់ព្រលានយន្តថ្មី គ្រានោះ មានមនុស្សពីរនាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូមួយគ្រឿងស្លាកលេខរដ្ឋដេញលោកពីក្រោយ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហៅទូរស័ព្ទប្រាប់លោកថា មានប៉ូលីសតាមពីក្រោយ លោកក៏បន្ថែមល្បឿនម៉ូតូ ព្រោះខ្លាចសមត្ថកិច្ចគំរាមដកហូតរូបភាព និងវីដេអូក្នុងកិច្ចសម្ភាស។

លោក ពក ខឺយ បានបន្តទៀតថា ពេលលោកព្យាយាមបន្ថែមល្បឿនម៉ូតូ ស្រាប់តែមានកម្លាំងសមត្ថកិច្ចពាក់ឯកសណ្ឋាននគរបាលប្រហែល ៥ នាក់នៅស្ទាក់ផ្លូវពីមុខ ដែលគ្រានោះលោកក៏បន្ថែមល្បឿនម៉ូតូកាន់តែលឿនដើម្បីគេចចេញពីស្ថានភាពនោះ។ ក្រោយបន្ថែមជិះបានប្រហែល ៥០០ម៉ែត្រ សមត្ថកិច្ចទាំងនោះក៏បញ្ឈប់ការជិះម៉ូតូដេញលោក ហើយលោកបានបន្តដំណើរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

អ្នកកាសែតរូបនេះបន្តឱ្យដឹងទៀតថា ស្ថិតក្នុងស្ថានភាពនោះ លោកមានអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំង ដោយខ្លាចរងការគំរាមកំហែងពីសមត្ថកិច្ចឱ្យលុបរូបភាពផង និងខ្លាចរងការវាយធ្វើបានផង។លោកយល់ថា សកម្មភាពរបស់សមត្ថកិច្ចជិះម៉ូតូដេញលោកបែបនេះ បង្ហាញឱ្យឃើញពីរូបភាពធ្វើទុក្ខបុកម្នេញ និងរារាំងចង់បំបាក់ស្មារតីដល់អ្នកសារព័ត៌មាន។

វិទ្យុស្រ្តីបានព្យាយាមសុំការបំភ្លឺពីអធិការរងស្រុកកណ្តាលស្ទឹងលោក ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹង តែលោកជាប់រវល់។ ចំណែកលោកឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ក៏ពុំទាន់ទទួលទូរស័ព្ទរបស់វិទ្យុស្រ្តីនោះទេនៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ។

ទាក់ទិនក្នុងរឿងនេះដែរ លោក ណុប វី នាយកប្រតិបត្តិសមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្លែងថា ការរារាំង និងការគំរាមកំហែងតាមរយៈរូបភាពផ្សេងៗមកលើអ្នកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេរីភាពអ្នកសារព័ត៌មាន។ ជាងនេះក៏ធ្វើឱ្យស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ​ពិសេសគឺសិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ។

ក្នុងរឿងនេះដែរ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ តាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរព័ត៌មានខេត្តកណ្តាលមកថា​ សមត្ថកិច្ចពុំបានធ្វើសកម្មភាពអ្វីដែលគំរាមកំហែងដល់អ្នកសារព័ត៌មានVODរូបនោះ ដូចការលើកឡើងថា សមត្ថកិច្ចអាចដករូបភាពឬប្រើហិង្សាលើអ្នកកាសែត។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ច​មានសិទ្ធិក្នុងការហាមឃាត់ ឬមិនអនុញ្ញាតដល់អ្នកគ្មានសមត្ថកិច្ចពាក់ព័ន្ធចូលទៅទីកន្លែងណាមួយដែលអាជ្ញាធរកំពុងអនុវត្តតួនាទីភារកិច្ចការងារ។ មូលហេតុក៏ព្រោះថា ការចូលទៅទីតាំងដែលអាជ្ញាធរហាមឃាត់ដោយគ្មានអនុញ្ញាតអាចបង្កការរំខានដល់ការអនុវត្តការងាររបស់សមត្ថកិច្ច និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលគ្មានភារកិច្ចការងារចូលក្នុងតំបន់ដែលសមត្ថកិច្ចកំពុងតែប្រតិបត្តិការភារកិច្ចការងារនោះ។

ដោយឡែកទាក់ទងនឹងសេចក្តីប្រកាសព័ត៌មានរបស់ខេមបូចាវិញ លោក មាស សុភ័ណ្ឌ សុំបដិសេធការលើឡើងនេះ ដោយថាការថ្លែងនេះ មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងពីសេរីភាពសារព័ត៌មាននៅកម្ពុជាឡើង ដោយលោកចាត់ទុកថា ជាការថ្លែងបែបនេះជាការបំភ័ន្តសាធារណៈមតិតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការអនុវត្តសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពសេរី គ្មានការរើសអើង គ្មានការគំរាមកំហែងដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។

តែយ៉ាងណា ជាការកត់ត្រារបស់ស្ថាប័នខេមបូចា ចាប់តាំងពីខែមករា ដល់ដើម ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីបៀតបៀនមកលើអ្នកសារព័ត៌មានចំនួន ៣៨ ករណី សរុបមានចំនួន ៥៦នាក់ ក្នុងនោះមានស្រ្តីចំនួន ៤នាក់ផងដែរ ដែលភាគច្រើនជាករណីចាប់ឃុំខ្លួន និងការប្រើអំពើហិង្សា។

ក្នុងករណីនេះ ខេមបូចា សូមទទូចដល់មន្រ្តីថ្នាក់លើនៃក្រសួងជំនាញរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃ ត្រូវណែនាំដល់មន្រ្តីនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យយល់ដឹងពីតួនាទីរបស់អ្នកសារព័ត៌មាន។ ជាងនេះ ក៏ត្រូវយល់ដឹងពីសិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាន និងគោលច្បាប់ពាក់ព័ន្ធនានាដែលគាំទ្រដល់អ្នកសារព័ត៌មានក្នុងការអនុវត្តនាទីផងដែរ៕

Share

Image
Image
Image