ភ្នំពេញ៖ លោកស្រី ខេង ស៊ីសារ៉ាត់ នាយករងនៃអង្គការមេត្រីអន្តរជាតិAIM បានឱ្យដឹងថា អង្គការមេត្រីអន្ដរជាតិ បានជួយ សង្រ្គោះស្រ្ដីដែលងាយរងគ្រោះ និងរងគ្រោះដោយសារអំពើជួញដូរនៅឆ្នាំ ២០១៧ មានប្រសើរជាងឆ្នាំ២០១៦ ដោយសារមានកិច្ចសហប្រតិបត្តិការល្អជាមួយននឹងសមត្ថកិច្ច។
ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីកាលពីថ្ងៃទី ៤មករា លោកស្រី ខេង ស៊ីសារ៉ាត់ បាននិយាយថា ដោយសារកិច្ចសហការល្អបាននាំឱ្យមានការទប់ស្កាត់ករណីជួញដូរស្ត្រីបានច្រើនជាងបណ្ដាឆ្នាំមុនៗ។
លោកស្រី ខេង ស៊ីសារ៉ាត់ ៖«សម្រាប់អង្គការមេត្រីអន្ដរជាតិ យើងទទួលបាន ៤១៦ករណី បើប្រៀបធៀបឆ្នាំ២០១៦ ដែលចំនួនតួលេខនេះ គឺកើនឡើង គឺដោយសារតែយើងមានសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ ហើយយើងចុះជួយធ្វើការងារនេះបានច្រើនជាងមុន»។
នាយិការងប្រចាំប្រទេសនៃអង្គការមេត្រីអន្ដរជាតិ AIM បញ្ជាក់ថា នៅឆ្នាំ ២០១៦ មាន ៣២៨ ករណី។ តាមតួលេខនេះ ស្រ្ដីដែលងាយរងគ្រោះ និងរងគ្រោះនៅក្នុងអំពើជួញដូរនៅតែបន្ដកើតមាន ។
នៅក្នុងសេចក្ដីព្រាងរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារបង្ការទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ រយៈពេល ១០ គឺឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានបង្ហាញថា ស្ថានភាពនៃការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ មានការ
បង្ក្រាបបានច្រើនគួរឲ្យកត់សម្គាល់ ។ តែយ៉ាងណានៅក្នុងរបាយការណ៍នេះក៏បានបង្ហាញថា ស្ត្រីនៅតែប្រឈមនឹងការជួញដូរ និងរងអំពើអាជីវកម្មផ្លូវភេទ។តែបែបនេះក្ដីអ្នកធ្វើការផ្នែកស្រ្តីយល់ឃើញថា ការប្រឈមមុខរបស់ស្រ្តីនៅក្នុងបញ្ហានេះ បណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល៕