en     km
en     km

អាសនៈកម្ពុជានៅIPUអាចប្រឈមនឹងការព្យួរតែអ្នកនាំពាក្យCPPថាIPUមិនមានអំណាចដូចនេះទេ

Share

ភ្នំពេញ៖ ខណៈការចូលកាន់តំណែងនៃរាជរដ្ឋាភិបាលនិងសមាជិកសភាថ្មីជិតចូលមកដល់ មានការព្រួយបារម្ភ អំពីអាសនៈរបស់កម្ពុជានៅសហភាពអន្តរសភា(IPU) ថាកំពុងស្ថិតនៅលើផ្លូវមួយស្រពេចស្រពិលដែលអាចប្រឈមនឹងការព្យួរ ស្របពេលដែលសភាIPUនេះធ្លាប់បានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ កក្កដាថ្មីៗនេះ។ តែយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចហាក់មិនសូវចាប់អារម្មណ៍ និងមិនជឿថា កម្ពុជាដែលជារដ្ឋសមាជិករបស់ IPU នោះនឹងត្រូវព្យួរអាសនៈរបស់ខ្លួននោះទេ។

 

                                                                                                                  Logo IPU

 

បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅអំឡុងថ្ងៃទី៥ ទី៦ និងទី៧ រដ្ឋាភិបាលនិងសមាជិកសភាថ្មី កើតចេញក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដា នឹងត្រូវតែងតាំងហើយចូលបំពេញការងារក្នុងស្ថាប័ននីតិប្រតិបត្តិនៃរដ្ឋសភាអាណត្តិថ្មីសម្រាបនីតិកាលទី៦នេះ។

តែយ៉ាងណា ការចូលទៅកាន់តំណែងរបស់ស្ថាប័នជាតិធំៗពីរនេះ នៅគ្រាដែលសហគមន៍អន្តរជាតិមួយចំនួនបានបដិសេធមិនទទួលស្គាល់ការបោះឆ្នោត។ ក្នុងនោះសហភាពអន្តរសភា(IPU)ដែលមានមូលដ្ឋាននៅប្រទេស ស្វិសមានសមាជិក ១៧៨ប្រទេស ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតុលាការកម្ពុជាដែលបានរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់សមាជិកបក្សប្រឆាំងចំនួន ១១៨រូបចំនួន ៥ឆ្នាំ។

តាមរយៈសេចក្តីថ្លែងការណ៍ IPU បានវាយតម្លៃករណីនេះថា បានរំលោភបំពានលើបទដ្ឋានសិទ្ធិមនុស្សដែលបានចងក្រងដោយIPU។ IPU ក៏ធ្លាប់បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបង្វែរស្ថានភាពនយោ បាយត្រឡប់ទៅរកប្រក្រតីភាពវិញ ដោយប្រគល់ឱ្យគណបក្សប្រឆាំងបានចូលរួមការបោះឆ្នោតជាតិ និងបន្តការសន្ទនានយោបាយប្រសិនបើចាំបាច់ដោយមានការគាំទ្រពីIPU។ មិនតែប៉ុណ្ណោះ IPU បានរក្សាទុក អាសនៈ តំណាងសមាជិកសភានៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងស្ថាប័ននេះទៀតផងគឺរហូតមកដល់ពេលនេះ។ នេះគឺជាចំណោទមួយ ដែលធ្វើអោយមានការគិតថា អាសនៈរបស់សភាថ្មីទំនងនឹង លំបាក រក្សាទុកបានទៀតនៅក្នុងស្ថាប័នអន្តរជាតិមួយនេះ។

បើទោះបីជាសហភាពអន្តរសភា(IPU)ទទួលស្គាល់ ឬមិនទទួលស្គាល់ក្តី សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនសូវជាចាប់អារម្មណ៍ឡើយ ។លោកជឿជាក់ថា IPUនឹងទទួលស្គាល់កៅអីកម្ពុជា ព្រោះកម្ពុជាជាសមាជិកក្នុងក្រុមសភាអន្តរជាតិនេះ។ ចំពោះលោក សុខ​ ឥសាន កម្ពុជាមិនព្រួយបារម្ភអ្វីជាដុំកំភួនឡើយ ប្រសិនបើIPU ពិតជាមិនទទួលស្គាល់ ឬព្យួរអាសនៈកម្ពុជាមែននោះ។លោកថា ​ការព្យួរអាសនៈកម្ពុជា មិនមានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជានោះទេ គឺគ្រាន់តែអាចប៉ះពាល់តិចតួចដល់ចំណងកាទូតតែប៉ុណ្ណោះ។    

លោក សុខ ឥសាន៖«យើងយល់ថា រដ្ឋសភារបស់ព្រះរាជាណាចក្រកម្ពុជាដែលកើតចេញពីការបោះឆ្នោតពិតប្រាដក ហើយដែលសម្តែងឆន្ទៈតាមរយៈប្រជាពលរដ្ឋដែលមានចំនួនជាង៨៣% នេះហើយជារដ្ឋសភាស្របច្បាប់ត្រង់អាណាទទួលស្គាល់ ឬមិនទទួលស្គាល់មិនមែនជាកត្តាកំណត់នោះទេ។ យើងជាសមាជិកIPU រួចហើយ អញ្ចឹងមិនអាចIPUទៅទទួលស្គាល់សភាភាគតិច ឬតំណាងរាស្រ្តសំឡេងភាគតិចដែលត្រូវតុលាការរំលាយរួចហើយនោះទេ អាហ្នឹងវាអត់មានផ្លូវដែលឱ្យគាត់[IPU]ជ្រើសរើសផ្សេងពីហ្នឹងនោះទេ»។

                                                លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

 

សហភាពអន្តរសភា(IUP) ជាបណ្តុំស្នូលមួយសម្រាប់កិច្ចសន្ទនាសភាលើសកលលោក ហើយការងារសម្រាប់របស់អន្តរសភានេះ គឺផ្តោតលើសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជននិងដើម្បីបង្កើតឱ្យមានសមាសភាពតំណាងប្រជាធិបតេយ្យ។ សហភាពអន្តរសភា(IUP) បង្កើតឡើងនៅឆ្នាំ១៨៨៩ មានទីតាងនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។បេសកកម្មរបស់IPUនេះ ផ្តោតសំខាន់លើការរួមចំណែកដល់ការការពារនិងការលើកកម្ពស់សិទិ្ធមនុស្ស ដែលជាកត្តាសំខាន់នៃលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍរបស់សភាលើសកលលោក។

ករណីដែល អាចកើតឡើង ក្នុងស្ថាប័នIPU គឺអាចត្រូវព្យួរអាសនៈកម្ពុជា លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហានយោបាយមានប្រសាសន៍ថា កម្ពុជាអាចនឹងប្រឈមការដាក់វិធានការលើការអនុគ្រោះពន្ធ ព្រោះប្រទេសសហគមន៍អន្តរជាតិពិសេសសហរដ្ឋអាមេរិក និងសភាអឺរ៉ុបបានភ្ជាប់ការអនុគ្រោះពន្ធនាំចូល ជាថ្នូរនឹងការគោរពសិទ្ធិការងារ សិទ្ធិមនុស្ស និងលទ្ធប្រជាធិតេយ្យជាដើម។លោកបណ្ឌិត មាស នី បន្ថែមថា ប្រសិនបើអាសនៈកម្ពុជានៅស្ថាប័នIPUត្រូវបានព្យួរ ហើយធ្លាក់ចូលក្នុងវិធានការដកពន្ធអនុគ្រោះពីបណ្តាប្រទេសលោកខាងលិចមែននោះ នោះអាចផលប៉ះពាល់ធំមួយ។

លោកបណ្ឌិត មាស នី៖«ប្រសិនគេ[IPU]មិនទទួលស្គាល់ អាហ្នឹងវាអាស្រ័យលើវិធានការណ៍របស់គេត្រូវធ្វើ ដូចជាទាក់ទងការអនុគ្រោះការនាំចេញអ្វីហ្នឹង។ ក្នុងនោះមានជម្រើសមួយគឺការបង្កើនពន្ធ បានន័យថាគេមិនឱ្យទៅទទេនោះទេ គឺគេតម្លើងពន្ធ គេយកពន្ធក្នុងកម្រិតណាមួយ។ ហើយទី២ គេអាចព្យួរផ្នែកណាមួយនៅក្នុងរយៈពេលមួយឆ្នាំខាងមុនទៀត ឧទាហរណ៍ថា ត្រូវព្យួរប៉ុន្មានដែលប៉ះពាល់ដល់កម្មករប្រមាណមួយម៉ឺននាក់ ឬប្រាំពាន់នាក់ ដើម្បីតាមមើលតទៅទៀត»។

                                                         លោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវធ្ឍន៍សង្គម។

 

កម្ពុជាបានចូលជាសមាជិកសហភាពអន្តរសភានេះនៅឆ្នាំ១៩៩៧។ លោកសុខឥសាន្ត អ្នកនាំពាក្យបក្សកាន៉អំណាច បានធ្វើការព្រមានថា បើប្រទេសណា ឬស្ថាប័នអន្តរជាតិ ណា មួយជ្រៀតជ្រែកឬ ប្រើសិទ្ធិអធំណាចរបស់ខ្លួន ហួសព្រំដែន ច្បាប់ការទូត អន្តរជាតិគឺកម្ពុជាក៏មានសិទិ្ធការពារខ្លួនដែរនៅឆាកអន្តរជាតិ ដែលលោកថា ការខូចខាតចំណងការទូតនិងផលប្រយោជន៍សេដ្ឋកិច្ចក៏ប៉ះពាល់ប្រទេសនោះ ឬស្ថាប័នអន្តរជាតិនោះដែរ៕

Share

Image
Image
Image