en     km
en     km

អាជ្ញាធរ​ទទូច​ឲ្យ​ពលរដ្ឋ​កុំ​ប៉ះពាល់​ ឬ​កែ​ច្នៃ​ ក្នុង​ករណី​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

Share

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រ​ពាំ​ស្វាយ​ ឃុំ​ស្វាយ​លើ​ ខេត្ដ​សៀម​ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ១៤​គ្រាប់​ ខណៈ​ទៅ​កាប់​ឆ្ការព្រៃ​ នៅ​លើ​ដី​ទួល​ដែល​ទំនេរ​ទុក​ចោល​ជា​យូរ​ឆ្នាំ​។​

​លោក​ ហួត​ សុ​បញ្ញា​ នាយ​រង​ប៉ុស្ដិ៍​ស្ដីទី​ ស្រុក​ស្វាយ​លើ​ ខេត្ដសៀមរាប​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ នេះ​ថា​ ភ្លាមៗ​ក្រោយ​ទទួល​ដំណឹង​ពី​ព្រ​ជា​ពលរដ្ឋ​ អាជ្ញាធរ​បាន​ទៅ​ប្រមូល​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ​ មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ ហើយ​ក៏​ប្រគល់​ជូន​ទៅ​អង្គការ​ដោះ​មីន​កម្ពុជា​។​

​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ មិន​ថា​ ទុក​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​ទេ​ ក៏​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​បាន​ផង​ដែរ​ ប្រសិនបើ​មានការ​ប៉ះទង្គិច​។​ លោកនាយ​រង​ប៉ុស្ដិ៍​ស្ដីទី​ ហួត​ សុ​បញ្ញា​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ករណី​ដែល​បាន​ជួប​ប្រទះ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ មិន​ថា​ ប្រភេទ​ណា​នោះ​ទេ​ ត្រូវ​តែ​រួសរាន់​ផ្ដល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ និង​មិន​ត្រូវ​ប៉ះពាល់​ ឬ​ក៏​យក​គ្រាប់​ទាំងនោះ​ទៅ​កែ​ច្នៃ​ឡើយ​។​

​គួរ​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ មាន​ប្រជាពលរដ្ឋ​ ២​នាក់​ បាន​រង​របួស​ធ្ងន់ធ្ងរ​ ម្នាក់​បាន​ដាច់​ដៃ​ និង​ខូចខាត​ផ្ទៃមុខ​ ព្រោះតែ​ការ​កែ​ច្នៃ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ក្នុង​បំណង​យក​ទៅ​បោក​ត្រី​។​ យ៉ាងណា​ ជុំវិញ​បញ្ហា​កាក​សំណល់​ គ្រាប់​យុទ្ធ​មិន​ទាន់​ផ្ទុះ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ ដើម្បី​បោសសម្អាត​គ្រាប់​មីន​ ប្រឆាំង​មនុស្ស​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​ ដោយ​សំដៅ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាជន​ និង​សង្គម​ជាតិ​៕

Share

Image
Image
Image