en     km
en     km

អាជ្ញាធរ​ខេត្ដបាត់ដំបង​ បង្ក្រាប​អ្នក​ជូ​ញ​ដូរ​សត្វព្រៃ​ ០៧​នាក់​

Share

​ភ្នំពេញ​ ៖​ ស្នងការ​ខេត្ដបាត់ដំបង​ បាន​ចាប់ខ្លួន​មនុស្ស​ ០៧​នាក់​ គ្រោង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ ករណី​ជួញដូរ​សត្វព្រៃ​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដបាត់ដំបង​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៨​។​

​ស្នងការ​ខេត្ដ​ប្រាប់​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​សហការ​ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​បាន​ចុះ​បង្ក្រាប​ករណី​ធ្វើ​អាជីវកម្ម​សត្វ​ស្លាប​ដ៏​កម្រ​ នៅ​ក្នុងភូមិ​ពុកឆ្មា​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ង​ ខេត្ដបាត់ដំបង​។​ ការ​បង្ក្រាប​នេះ​ បាន​ចាប់ខ្លួន​អ្នក​ជួញដូរ​ចំនួន​ ០៧​នាក់​ និង​សត្វ​ស្លាប​កម្រ​ចំនួន​ ១០​ប្រភេទ​។​ សត្វ​ស្លាប​ទាំងនេះ​ មាន​ចំនួន​ ៦៨៦​ក្បាល​ ត្រូវ​បាន​សម្លាប់​ទាំងអស់​។​

​វិទ្យុ​ស្ដ្រី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ ទាក់ទិន​ករណី​នេះ​ពី​អធិការ​ស្រុក​សង្កែ​បាន​ទេ​។​ តែ​យ៉ាងណា​ស្នងការ​រង​ខេត្ដបាត់ដំបង​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ លោក​ ជេ​ត​ វ​ណ្ណី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ អាជ្ញាធរ​ពិតជា​បាន​បង្ក្រាប​អ្នក​ជូ​ញ​ដូរ​សត្វព្រៃ​ពិតមែន​។​ ប៉ុន្ដែ​លោក​មិន​អាច​ពន្យល់​បាន​ ដោយសារ​តែ​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្នងការ​ខេត្ដបាត់ដំបង​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​បង្ក្រាប​បាន​ សត្វ​ស្លាប​ទាំង​ ៦៨៦​ក្បាល​នោះ​ ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង​។​ ដោយឡែក​អ្នក​ជូ​ញ​ដូរ​ទាំង​ ០៧​នាក់​ ក្រោយ​ពេលធ្វើការ​សាកសួរ​ស្រាវជ្រាវ​ដោយ​មន្ដ្រី​ជំនាញ​ហើយ​ ពួក​គេ​នឹង​ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដបាត់ដំបង​ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។​

​សូម​ជម្រាប​ថា​ យោង​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ គឺ​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ថ្នាក់​ទី​១​ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ ចាប់ពី​ ៥​ឆ្នាំទៅ​ដល់​ ១០​ឆ្នាំ​ ចំពោះ​ជន​ទាំងឡាយ​ណា​ ដែល​បាន​ចូល​ទៅ​បរបាញ់​សត្វ​ នៅ​ក្នុង​ព្រៃ​ការពារ​ ហើយ​សម្លាប់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ ឬ​នាំ​ចេញ​ប្រភេទ​សត្វ​ក្រុម​ជិត​ពូជ​។​ ក្នុង​ករណី​ដែល​ជន​នោះ​មិន​រាងចាល​ នឹង​ត្រូវ​ផ្ដន្ទាទោស​ទ្វេ​ដង​៕

Share

Image
Image
Image