en     km
en     km

អាជ្ញាធរឃុំថ្មពូន ថានារីរងគ្រោះក្នុងករណីបុរសម្នាក់លួចផ្សំដំណេកថ្ងៃរៀបការមានបញ្ហាផ្លូវចិត្ត

Share

ព្រៃវែង៖ អាជ្ញាធរឃុំថ្មពូន ខេត្តព្រៃវែង ទីកើតហេតុករណី បុរសម្នាក់លួចដេកជាមួយកូនក្រមុំថ្ងៃផ្សំដំណេកបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ស្រ្តីជាជនរងគ្រោះក្នុងករណីរំលោភហាក់មានបញ្ហាវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរ និងក្រុមគ្រួសារកំពុងឃ្លាំមើល។ ក្រុមអង្គការលើបញ្ហាស្រ្តីបាន ផ្តល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋាន ក្រុមគ្រួសារ និងសហគមន៍ ត្រូវចេះលើកទឹកចិត្តនារីរងគ្រោះ ដើម្បីឱ្យនាងមានក្តីសង្ឃឹមថ្មីក្នុងជីវិត ជៀសវាងការបញ្ចប់ជីវិតដោយការធ្វើអត្តឃាតខ្លួនឯង។

 

                                                        ជនល្មើសដែលរំលោភកូនក្រមុំថ្ងៃផ្សំដំណេកត្រូវអាជ្ញាធរចាប់បាន។

 

នារីជនរងគ្រោះក្នុងករណីលួចសេពសន្ថវៈនៅរាត្រីផ្សំដំណេកនៃថ្ងៃអាពាហ៍ពិពាហ៍ ស្ថិតនៅឃុំថ្មពូន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ពេលនេះកំពុងមានស្ថានភាពបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយនាងមានអាការៈ​ចង់នៅតែឯងក្នុងបន្ទប់ មិនសូវចេញក្រៅផ្ទះជួបញាតិមិត្តបងប្អូនក្នុងស្រុកភូមិនោះទេ ។ជារឿយៗនាងតែងយំពេលនឹកឃើញរឿងអកុសលនោះកើតឡើង។ នេះជាការប្រាប់ត្រួសៗ ពីអាជ្ញាធរឃុំថ្មពូន ភូមិឆ្កឹស ទីដែលនារីរងគ្រោះកំពុងស្នាក់នៅ។

មេឃុំថ្មពូន លោក ឃិន ចាប មេភូមិឆ្ពឹស លោកស្រី លាប ឈាត និងលោក ជឿន ឆន ប្រធានប៉ុស្ត៍ស្តីទីឃុំថ្មពូន សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននារីរងគ្រោះកំពុងមានបញ្ហាផ្លូវចិត្តក្រោយជួបហេតុការណ៍នេះ។ អាជ្ញាធរបន្តថា នាងសព្វថ្ងៃសំងំនៅតែក្នុងផ្ទះ មិនសូវហ៊ានចេញក្រៅផ្ទះរាក់ទាក់និយាយលេងជាមួយអ្នកភូមិនោះទេ។ លោក ឃិន ចាប ឱ្យដឹងបន្តថា នារីរងគ្រោះបានតែងតែយំសោកជារឿយៗទំនងនឹកឃើញរឿងអកុសលដែលបានកើតឡើងលើខ្លួន។ តែយ៉ាងណាពួកគាត់ថា អាជ្ញាធរតែងទៅសួរសុខទុក្ខ លើកទឹកចិត្ត ពិសេសគឺផ្តាំផ្ញើឱ្យអាណាព្យាបាលឃ្លាំមើល ព្រោះខ្លាចនាងធ្វើអត្តឃាតខ។

លោក ឃិន ចាប៖«កូនស្រីហ្នឹងវាខឹងអត់ចិត្ត យំសោកបោកខ្លួន វាតូចចិត្តមិនគួរកើតរឿងហ្នឹងឡើង។ វាមិនទាន់មានសកម្មភាពអីទេ តែគ្រាន់តែម៉ែឪភ័យនៅយាម។ វាប្រហែលមានការខូចចិត្តហើយរឿងនេះ ព្រោះអត់ដឹងខ្លួនសោះពេលគេរំលោភហ្នឹង ខ្លះគេថាត្រូវថ្នាំបានជាកូនស្រីហ្នឹងមិនដឹងអីសោះ ពេលបានមួយយប់មួយថ្ងៃហើយបានជាកូនស្រីហ្នឹងយំ ហើយលឺថាម៉ែឪមិនហ៊ានដើរចោលទេខ្លាចកូនគិតខ្លី»

កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៨  ជនល្មើសឈ្មោះ ឈឺន ចាន់សេង អាយុ​ ១៨ ​ឆ្នាំបានបន្លំខ្លួនជាកូនកម្លោះធ្វើសកម្មភាពរួមរក្សជាមួយកូនក្រមុំនៅយប់ថ្ងៃផ្សំដំណេកក្រោយពិធីមង្គលការ។ ហេតុការណ៍នេះកើតឡើងនៅផ្ទះកូនក្រមុំនៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​​។

តាមរបាយការណ៍របស់ប៉ូលីស ជនសង្ស័យ​ត្រូវ​បាន​ក្រុម​គ្រួសារកូនក្រមុំ​ចាប់​បាន​នៅ​ក្នុង​បន្ទប់​រួម​ដំណេក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែ​មករា​ ក្រោយពី​បាន​បន្លំ​ខ្លួន​ចូលរួម​សេពសន្ថវៈ​ជាមួយ​ស្ត្រី​ជា​កូនក្រមុំ​ អាយុ​ ១៨ ​ឆ្នាំ​រហូត​បាន​សម្រេច ។ ហេតុការនេះកើតឡើង ខណៈ ​កូនកំលោះ​​ស្រវឹង​ដេក​ក្រាប​នៅ​លើ​តុ​ក្នុង​រោងការរហូត​ទល់ភ្លឺ​ដោយ​មិន​ខ្វល់​អំពី​ការ​រួម​ដំណេក​នៅ​យប់​ថ្ងៃ​ដំបូង​របស់​ខ្លួននោះ​។

តាមការឱ្យដឹងពីលោក ជឿន ឆន ប្រធានប៉ុស្ត៍ស្តីទីឃុំថ្មពូន ជនល្មើសត្រូវបានសាលា​ដំបូង​ខេត្ត​ព្រៃវែង​​សម្រេច​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​» តាមមាត្រា​ ២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​អាច​ជាប់គុក​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​។ បច្ចុប្បន្នជនល្មើសត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង។

ស្រ្តីជាជនរងគ្រោះក្នុងករណីនេះ នាងមិនត្រឹមតែរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈលើរូបរាងកាយនោះទេ នាងក៏ត្រូវរងគ្រោះដោយប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយករណីនេះយ៉ាងសុះសាយ។ ធ្ងន់ធ្ងរជាងនេះស្រ្តីរូបនេះក៏ត្រូវបានភាគីកូនកម្លោះមិនទទួលយកជាភរិយាផងទៀត។ ប្រការនេះធ្វើឱ្យស្រ្តីជាជនរងគ្រោះក្លាយជាជនរងគ្រោះផ្ទួនៗ ដែលត្រូវមានការចូលរួមដោះស្រាយលើកទឹកចិត្តពីក្រុមគ្រួសារ សហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។

នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថា ស្រ្តីជាជនរងគ្រោះក្នុងករណីនេះ កំពុងធ្លាក់ក្នុងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ តាមលោកស្រី គឺ គេត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ជួយជ្រោម ជ្រែងដើម្បីធ្វើឱ្យនាងអាចមានកម្លាំងចិត្តតស៊ូរស់បន្តទៅមុខ ជៀសវាងបញ្ចប់បញ្ហាដោយការបញ្ចប់ជីវិតខ្លួនឯង។

លោកស្រីផ្តល់អនុសាសន៍ថា៖«អាជ្ញាធរ ឬអ្នកពាក់ព័ន្ធទាំងឡាយត្រូវតែយកចិត្តទុកដាក់ក្នុងការព្យាបាលគាត់នៅផ្លូវចិត្ត ព្រោះអានេះគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ហើយវាគួរតែមានកន្លែងដោះស្រាយបញ្ហាផ្លូវចិត្តរបស់គាត់ យើងមិនត្រូវព្រងើយកន្តើយបើសិនព្រងើយកន្តើយតទៅមុខទៀតគាត់ហ្នឹងអាចបាត់បង់ជីវិត បើមិនបាត់បង់ជីវិតទេ ក៏លែងមានញាណដែលអាចមានជីវិតអាចរស់នៅដូចគេដូចឯង»

                                លោកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ។

យោង​តាម​ការ​អះអាង​របស់​អ្នកស្រី លាត ឈាត មេភូមិ​ឆ្ពឹស គឺនៅ​ក្រោយ​ថ្ងៃ​កើត​​ហេតុ​ដ៏​អាក្រក់​នេះ ក្រុម​គ្រួសារ​ខាង​កូន​កំលោះ ​មិន​អនុញ្ញាត​ឲ្យ​​កូន​កំលោះ​​ទទួល​ស្គាល់​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឡើយ មិន​តែ​ប៉ុណ្ណោះ​បាន​ទាមទារ​ឲ្យ​ឪពុកម្ដាយ​ស្ត្រី​ជា​កូនក្រមុំ​រងគ្រោះ សង​ថ្លៃ​បង្គាប់​គ្រឿង​បណ្ណាការ​ចំនួន​ ១៤០០ ​ដុល្លារ​ថែម​ទៀត​។  

ទាក់ទងបញ្ហានេះលោកស្រី រស់ សុភាព បន្ថែមថា ក្នុងស្ថានភាពនេះភាគីក្រុមគ្រួសារកូនកម្លោះមិនគួរគប្បីបដិសេធចោលចំណងអាពាហ៍ពិពាណ៍ភ្លាមៗនោះទេ ត្រូវស្វែងរកដំណោះស្រាយ ដោយទុកបញ្ហាកេរ្តិ៍ឈ្មោះ និងរឿងព្រហ្មចារីដាច់ដោយឡែក ពីសុភមង្គលគ្រួសារ។

លោកស្រី រស់ សុភាព៖«កូនប្រុសហ្នឹងប្រសិនបើគាត់ជាមនុស្សយល់ដឹងពីសុខទុក្ខដៃគូររបស់ខ្លួន ថ្វីត្បត់តែខ្លួនមិនមែន រៀបអាពាហ៍ពិពាណ៍ដើម្បីរួមភេទឯណា គាត់រៀបការដើម្បីកាន់ដៃគ្នាទៅរកគ្រួសារមួយមានសុភមង្គល តែពលនេះគាត់ជាជនរងគ្រោះនេះ គាត់បែរជាមកទារសងបណ្តាការអីដូចជាមិនសមទេ»

យ៉ាងណាបើតាមការ បញ្ជាក់ពីមេឃុំថ្មពូន បានប្រាប់វិទ្យុស្រ្តីថា អាជ្ញាធរមានសមត្ថកិច្ចបានព្យាយាមសម្របសម្រួលជាមួយគ្រួសារកូនកម្លោះអស់ពីលទ្ធភាពហើយ តែពួកគេនៅតែមិនអាចទទួលយកបានដោយសំអាងថា នេះជារឿងអាម៉ាសកេរ្តិ៍ឈ្មោះ។ សម្រាប់នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព ទទូចអោយមានដំណោះស្រាយមួយជាបន្ទាន់សម្រាប់ កូនក្រមុំដែល រងភាពអាម៉ាស់នេះ ៕

Share

Image
Image
Image