en     km
en     km

អាកាសធាតុ​ នឹង​ចុះ​ត្រជាក់​ខ្លាំង​ចន្លោះ​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៩​ កុម្ភៈ​

Share

ភ្នំពេញ​ ៖​ ក្រសួង​ធាន​ធាន​ទឹក​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​ នឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់​កម្រិត​ ១៣​អង្សា​សេ​តាម​តំបន់​ជួរ​ភ្នំ​ និង​តំបន់​ខ្លះ​ទៀត​ស្ថិត​នៅ​ចន្លោះ​ ២០​អង្សា​សេ​ លើកលែងតែ​ខេត្ដ​ជាប់មាត់​សមុទ្រ​ ដែល​នឹង​មាន​សីតុណ្ហភាព​ស្ថិត​ក្នុង​រង្វង់​ ២៣​ ទៅ​ ២៤​ អង្សា​សេ​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ដែល​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​នេះ​។

​ប្រទេស​កម្ពុជា​ កំពុង​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ ដែល​នឹង​បង្ក​ឲ្យ​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​លើ​ទី​០៤​ ចាប់ពី​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​។​ តាម​សេចក្ដីជូនដំណឹង​ក្នុង​រយៈពេល​ ៦​ថ្ងៃនេះ​ តំបន់​ជួរ​ភ្នំ​ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ដល់​កម្រិត​ ១៣​ ឬ​ ១៤​អង្សា​សេ​។​ ចំណែក​ខេត្ដឧត្ដរមានជ័យ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ រតនគិរី​ មណ្ឌលគិរី​ និង​ខេត្ដ​ប៉ៃលិន​ សីតុណ្ហភាព​ នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​ ១៥​ ទៅ​ ១៦​អង្សា​សេ​។​

​បន្ថែម​ពី​នេះ​ ខេត្ដពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ កំពង់ធំ​ ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ដកោះកុង​ សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​ ១៧​ ទៅ​ ១៨​អង្សា​សេ​។​ ចំណែក​សម្រាប់​រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ឆ្នាំង​ កំពង់ស្ពឺ​ តាកែវ​ កណ្ដាល​ ព្រៃវែង​ និង​ខេត្ដស្វាយរៀង​ សីតុណ្ហភាព​នឹង​ស្ថិត​ក្នុង​រង្វង់​ពី​ ១៩​ ទៅ​ ២០​អង្សា​សេ​។​

​ដោយឡែក​សម្រាប់​ខេត្ដ​ជាប់មាត់​សមុទ្រ​ ដែល​មាន​ដូច​ជា​ ខេត្ដ​កែប​ កំពត​ និង​ខេត្ដ​ព្រះ​សីហ​នុ​ សីតុណ្ហភាព​ នឹង​ស្ថិត​ក្នុង​រង្វង់​ពី​ ២៣​ ដល់​ ២៤​ អង្សា​សេ​៕

Share

Image
Image
Image