en     km
en     km

អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ ខណៈ​រដ្ឋ​កំពុង​ពង្រឹង​នីតិរដ្ឋ​

Share

​ភ្នំពេញ​ ៖​ អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ ខណៈ​រដ្ឋាភិបាល​កំពុង​ពង្រឹង​នីតិរដ្ឋ​។​ ការ​អំពា​វា​នាវ​បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា​ កំណើន​អ្នកទោស​មានការ​កើន​ឡើងជា​រៀង​រាល់​ខែ​។​ ក្នុង​ចំណោម​អ្នក​ទាំងអស់​ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រៀង​ញៀន​ច្រើន​ជាងគេ​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ ដែល​បាន​អនុវត្ដ​កាលពីដើម​ឆ្នាំ​២០១៦​ និង​បន្ដ​បង្ក្រាប​មក​ដល់​ពេល​នេះ​ បាន​នាំ​ឲ្យ​កំណើន​អ្នកទោស​ក្នុង​ពន្ធនាគារ​ មានការ​កើនឡើង​ច្រើន​ទ្វេ​ដង​។​ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​ ប្រសាសន៍​ របស់​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ នៃ​ក្រសួងមហាផ្ទៃ​ លោក​ អ៊ួ​ង​ ច​ន្ធី​ កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​។​ កំណើន​អ្នកទោស​នេះ​ មិន​ថែម​ទាំង​ធ្វើ​ឲ្យ​គុក​កាន់តែ​ចង្អៀត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នាំ​ឲ្យ​ខ្វះ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ទៀត​។​ មន្ដ្រី​ដដែល​រូប​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​កង្វះខាត​ គឺ​ខ្វះ​ទាំង​អគារ​ និង​អនុរក្ស​ជា​ច្រើន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្ដែ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជ្រើសរើស​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ ដើម្បី​បំពេញបន្ថែម​ទីតាំង​ចាំបាច់​មុនគេ​។​

​រាប់​ចាប់ពី​ឆ្នាំ​២០០២​កន្លង​មក​ ក្រសួងមហាផ្ទៃ​ គឺ​តែងតែ​ប្រឡង​ជ្រើសរើស​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ចំនួន​ពី​ ៦០​ ទៅ​ ៧០​នាក់​ក្នុង​មួយ​ឆ្នាំ​។​ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៨​នេះ​ ក្រសួងមហាផ្ទៃ​បាន​ជ្រើសរើស​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​រហូត​ដល់​ ៦៥៣​នាក់​ ដែល​ក្នុង​នោះ​គឺ​ប្រឡង​កាលពី​អំឡុង​ខែមករា​ ជ្រើសរ​សើ​បាន​ចំនួន​ ៣៥០​នាក់​ និង​ប្រឡង​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​កន្លង​នេះ​ ត្រូវការ​ចំនួន​ ៣០៣​នាក់​បន្ថែម​ទៀត​។​

​អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក​ ហ៊ុយ​ ហឿ​ន​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ថា​ មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ ដែល​មាន​ស្រាប់​ គឺ​មាន​ប្រហែល​ជាង​ ២​ពាន់​នាក់​ ដែល​មិន​គ្រប់គ្រាន់​ឡើយ​ នៅ​ក្នុង​ការ​បំពេញការងារ​ ព្រោះ​ចំនួន​អ្នកទោស​បាន​កើនឡើង​រហូត​ដល់​ជាង​ ៣​ម៉ឺន​នាក់​ ស្រប​ពេល​ដែល​កាលពីមុន​មាន​ប្រមាណ​ជា​ ១​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ​ ៖«​និយាយ​រួម​អ្នកទោស​កើន​រាល​តែ​ខែ​។​ បើ​និយាយ​មែនទែន​ទៅ​ចំនួន​ដែល​វា​ចេញ​ និង​ចំនួន​ចូល​ហ្នឹង​វា​អត់​មាន​តុល្យភាព​។​ អា​ចំនួន​ចូល​វា​ច្រើន​ជាង​ចំនួន​ចេញ​ ពី​មួយ​ឆ្នាំ​មួយ​ឆ្នាំ​ចំនួន​មានការ​កើន​អ្នកទោស​។​ ឥឡូវនេះ​កើន​ដល់​ ៣​ម៉ឺន​ហើយ​ លើស​បន្ដិចបន្ដួច​ប្រហែល​ ១០០​ ទៅ​ ២០០​នាក់​»​។​

​បន្ថែម​ពី​នេះ​ លោក​ ហ៊ុយ​ ហឿ​ន​ បន្ដ​ថា​ ទាក់ទិន​នឹង​ចំនួន​អ្នកទោស​កើនឡើង​ដូច្នេះ​ ពីព្រោះ​តែ​ចំនួន​ប្រជាជន​មានការ​កើនឡើង​ខ្លាំង​ ហើយ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ប្រឹងប្រែង​អនុវត្ដ​ច្បាប់​កាន់តែ​តឹង​រឹង​ ៖«​កំណើន​ពលរដ្ឋ​គឺ​ទី​១​ ទី​២​ ត្រូវ​នឹង​ស្ថានភាព​យើង​កំពុង​តែ​អន្ដរ​ការ​ឆ្លង​ពី​ប្រទេស​មិន​ទាន់​អភិវឌ្ឍន៍​ទៅ​ប្រជា​ប្រទេស​អភិវឌ្ឍន៍​ អ​ញ្ចឹ​ង​ប្រទេស​អន្ដរ​ការ​អ​ញ្ចឹ​ង​វា​អន្ដរ​ការ​ទាំង​ការ​អនុវត្ដ​ច្បាប់​អី​ផ្សេងៗ​។​ ជា​បណ្ដើរៗ​យើង​ពង្រឹង​ច្បាប់​ដូច​ដែរ​គោលការណ៍​រដ្ឋាភិបាល​យើង​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ​អ​ញ្ចឹ​ង​។​ ពង្រឹង​ច្បាប់​ហ្នឹង​គឺ​គ្រប់​វិស័យ​ដូច​ជា​វិស័យ​ចរាចរណ៍​ បទល្មើស​ព្រៃឈើ​ ជលផល​ ទាំង​វិស័យ​គ្រឿងញៀន​។​ ការ​ពង្រឹង​ច្បាប់​ហ្នឹង​ចាប់​មនុស្ស​ក៏​កាន់តែ​ច្រើន​ដែរ​»​។​

​ជាមួយ​គ្នា​នេះ​អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​បាន​និយាយ​ថា​ ពេល​ចូល​ទៅ​ដល់​ពន្ធនាគារ​ គឺ​មានការ​ធ្វើ​ទារុណកម្ម​អ្នកទោស​ និង​ការ​វាយដំ​ផ្សេងៗ​ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​។​ លោក​អះអាង​ថា​ បើ​ទោះជា​អ្នក​ជាប់គុក​ គឺ​សុទ្ធតែ​មានទោស​ ប៉ុន្ដែ​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ គឺ​សុទ្ធតែ​បាន​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​។​

​លោក​ ហ៊ុយ​ ហឿ​ន​ អំពាវនាវ​ក្នុង​នាម​រដ្ឋាភិបាល​ សុំ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ គោរព​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ជាប់​ពន្ធនាគារ​ ដោយ​ការ​មិន​ប្រព្រឹត្ដ​ល្មើសច្បាប់​ ដែល​ដូច​ជា​លួច​ ប្លន់​ សំលាប់​មនុស្ស​ និង​គ្រឿងញៀន​ជាដើម​។​ ចំពោះ​ករណី​គ្រឿ​ញៀន​នេះ​ លោក​សំណូមពរ​ឲ្យ​ពិសេស​អាណាព្យាបាល​ ត្រូវ​តែ​យកចិត្ដទុកដាក់​ក្នុង​ការ​អប់រំ​កូនៗ​ ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ពី​ព្រោះតែ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​សង្កេត​ឃើញ​ថា​ អ្នកទោស​ភាគច្រើន​ជាប់គុក​ព្រោះ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​៕

Share

Image
Image
Image