en     km
en     km

អតីតស្រី្តជាប់ពន្ធនាគារចោទតុលាការក្រុងភ្នំពេញថា កាត់ទោសដោយអយុត្តិធម៌

Share

អតីត​អ្នក​ជាប់​ពន្ធ​នា​គារ​ទាំង​១០​រូប​ រួម​ទាំង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹង​កក់​ សហ​គមន៍​បុរី​កីឡា​ ថ្ម​គោល​ និង​អ្នក​ភូមិ​បឹង​ឈូក​ ប្រមាណ​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​នេះ​ ដើម្បី​សម្តែង​កំហឹង​របស់​ពួក​គេ​ទៅ​លើ​ប្រព័ន្ធ​តុលា​ការ​ ដែល​កាត់​ក្តីឲ្យ​ពួក​គេ​ជាប់​ពន្ធ​នា​គារ​រយៈ​៥​ខែ​ដោយ​អយុត្តិ​ធម៌​។

សម្រែក​ផ្ទួនៗ​ និង​បដា​ដែល​បាន​លើក​ច្រូង​ច្រាង​ ព្រម​ទាំង​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ត្រូវ​បាន​បាច​នៅ​ពី​មុខ​ ច្រក​ចូល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ សកម្ម​ភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​នូវ​ការ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ សម្រេច​របស់​តុលា​ការ​
ហើយ​អ្នក​ទាំង​នោះ​បាន​ស្រែក​ថ្កោល​ទោស​ប្រព័ន្ធ​តុលា​ការ​ថា​ជា​ស្ថាប័ន​មិន​ឯក​រាជ្យ​។

រូបភាព៖ កែវ សុខា
រូបភាព៖ កែវ សុខា

«វា​ជា​រឿង​មួយ​អយុត្តិ​ធម៌​សម្រាប់​ពួក​យើង​ជា​ទី​បំផុត​…​យើង​ទៅ​រក​អាជ្ញា​ធរ​ដើម្បី​ផ្តល់​ដំណោះ​ស្រាយ​ជូន​ពួក​យើង​គឺ​បង្ហូរ​ទឹក​លូរ​ស្អុយ​ពី​តំបន់​បឹង​កក់​ប៉ុន្តែ​ពួក​យើង​បែរ​ជា​ជាប់​​គុក​​ទៅ​​វិញ​​។ ​ពួក​យើង​ចង់​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​ថា​ នៅ​កម្ពុជា​គ្មាន​តុលា​ការ​ដែល​ឯក​រាជ្យ​និង​កាត់​ក្តី​សុក្រឹត​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ​
តុលា​ការ​ស្រុក​ខ្មែរ​ជា​ឈ្នាន់​របស់​អ្នក​មាន​អំណាច​ អ្នក​មាន​លុយ​ និង​អ្នក​នយោបាយ​»។​ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​ស្រី្ត​បឹងកក់​ អ្នក​ស្រី​ ទេព​ វណ្ណី​។

ចំណែក​ឯ​កញ្ញា​ សុង​ ស្រីលាប​ ដែល​ធ្លាប់​បាន​ជាប់​ពន្ធ​នា​គារ​ក្នុង​ចំណោម​ស្រ្តី​ទាំង​១០​រូប​នោះ​ដែរ​បាន​និយាយ​ថា​ កញ្ញា​មាន​ការ​សោក​ស្តាយ​ ដែល​តុលា​ការ​បាន​សម្រេច​ដាក់​ពន្ធ​នាគារ​ ដោយ​មិន​មាន​ការ​វិនិច្ឆ័យ​ច្បាស់​លាស់​។​ ហើយ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​បំផុត​នោះ​ គឺ​អ្នក​ដឹក​នាំ​ ជា​ពិសេស​លោក​នាយក​រដ្ឋ​មន្រ្តី​ ដែល​មិន​បាន​ចុះ​ទៅ​ពិនិត្យ​ហេតុ​ការណ៍​ នៅ​ទី​តាំង​ជំលោះ​ពិត​ប្រាកដ​ និង​មិន​បាន​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​នោះ​ឡើយ​។​

រី​ឯ​អ្នក​ស្រី​ ភួង​ សុភាព​ មក​ពី​សហ​គមន៍​ថ្ម​គោល​និង​ធ្លាប់​បាន​ជាប់​ពន្ធ​នា​គារ​ផង​នោះ​ បាន​ប្រាប់​ថា​ អ្នក​ស្រី​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​មុខ​សាលា​ដំបូង​ គ្រា​ដែល​អ្នក​ស្រី​និង​អ្នក​ឯ​ទៀត​បាន​​តវ៉ា​ឲ្យ​តុលា​ការ​ដោះ​លែង​សកម្ម​ជន​តំបន់​បឹង​កក់​។ អ្នក​ស្រី​បន្ត​ថា​ អ្នក​ស្រី​រង​នូវ​ភាព​ អយុត្តិ​ធម៌​ខ្លាំង​ណាស់​ ដែល​ត្រូវ​បាន​តុលា​ការ​សម្រេច​ឲ្យ​ជាប់​ពន្ធ​នាគារ​ ព្រោះ​អ្នកស្រី​មិន​បាន​បង្ក​អសន្តិ​សុខ​អ្វី​នៅ​មុខ​តុលា​ការ​នោះ​ទេ​។

ក្រុមអ្នកតវ៉ាកំពុងបោះប្រាក់ដុល្លារក្លែងក្លាយនៅពីមុខ ច្រកចូលសាលាដំបូងរាជធានីភ្នំពេញ - រូបភាព៖ កែវ សុខា
ក្រុមអ្នកតវ៉ាកំពុងបោះប្រាក់ដុល្លារក្លែងក្លាយនៅពីមុខ ច្រកចូលសាលាដំបូងរាជធានីភ្នំពេញ – រូបភាព៖ កែវ សុខា

ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ អ៊ុំ​ សំអាត​ ប្រធាន​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គ​ការ​លី​កា​ដូ​ ដែល​តែង​ តែ​តាម​ដាន​រឿង​នេះ​លើក​ឡើង​ថា​ «វា​ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​ស្រ្តី​នៅ​ក្នុង​តំបន់​បឹង​កក់​មែន​ ព្រោះ​ពួក​គាត់​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​អភិវឌ្ឈន៍​របស់​រដ្ឋា​ភិបាល​ ហើយ​នៅ​ពេល​ដែល​គាត់​ចេញ​ធ្វើ​ការ​ទាម​ទារ​រក​ដំណោះ​ស្រាយ​ គាត់​បែរ​ជា​ជាប់​ពន្ធ​ធនា​គារ​បន្ត​បន្ទាប់​…​។ ​លោក​បន្ត​ទៀត​ថា​ រដ្ឋា​ភិបាល​គួរ​គិត​គូរ​ឡើង​វិញ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ ជៀស​វាង​ មាន​ការ​ចេញ​តវ៉ា​ពី​ជន​រង​គ្រោះ​កាន់​តែ​ច្រើន​ឡើងៗ​។

គួរ​រំលឹក​ថា​ សកម្ម​ជន​ដី​ធ្លី​ទាំង​ចំនួន​ ១០​នាក់​ ត្រូវ​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំពេញ​ ចាប់​ឃុំ​ខ្លួន​កាល​ពីថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ដោយ​ចោទ​ប្រកាន់​ថា​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៅ​ពេល​ពួក​គេ​តវ៉ា​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ នៅ​ពេល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ទឹក​ស្អុយ​ជន់​លិច​។ ​ការ​ឃុំ​ខ្លួន​រយៈ​ពេល​ ៥​ខែ​នេះ​ ត្រូវ​បាន​សង្គម​ស៊ី​វិល​ និង​សាធារណ​ជន​មើល​ឃើញ​ថា​ ជា​អំពើ​អយុត្តិ​ធម៌​៕

Share

Image
Image
Image