en     km
en     km

អតីតប្រធានាធិបតីអាហ៊្វ្រិកខាងត្បូង ហ្សាកុប ហ្ស៊ូម៉ា ប្រែក្លាយខ្លួនពីវីរជនទៅជាឧក្រិដ្ឋជន

Share

លោក ហ្សាកុប ហ្ស៊ូម៉ា (Jacob Zuma) អតីតប្រធានាធិបតីអាហ៊្វ្រិកខាងត្បូង ដែលកំពុងរួតរឹតដោយបញ្ហា ឥឡូវនេះប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេល ១៥ ខែ ផ្សេងទៀត ក្នុងបទគេចវេសពីការស៊ើបអង្កេតរឿងពុករលួយអំឡុងការគ្រប់គ្រងរបស់លោក។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង (អាអែហ្វប៉េ/AFP) ដែលត្រូវបាន ម៉ៃក្រូសុហ្វថ៍ញូស៍ (MSN) លើកយកមកផ្សាយបន្តនៅថ្ងៃអង្គារ ទី២៩ ខែមិថុនា។

កាលពីនៅក្មេង លោក ហ្សាកុប ហ្ស៊ូម៉ា ធ្លាប់ត្រូវបានគេចាប់ដាក់ពន្ធនាគារដែរ ដោយសារតែលោកបានចូលរួមប្រយុទ្ធប្រឆាំងនឹងរបបរើសអើងជាតិសាសន៍នៅអាហ៊្វ្រិកខាងត្បូង។ ប្រភពដដែលរម្លឹកប្រាប់ដូច្នេះ ដោយបន្ថែមថា រូបលោកមានឈ្មោះពេញ ហ្សាកុប ហ្សិដលិយីឡេគីស្សា ហ្ស៊ូម៉ា (Jacob Gedleyihlekisa Zuma) ហើយថា ផ្នែកកណ្ដាលនៃឈ្មោះនេះមានន័យថា «បុរសដែលសើចនៅពេលកំពុងកិនសត្រូវរបស់ខ្លួន»។ បើតាម អាអែហ្វប៉េ លោក ហ្ស៊ូម៉ា បានចេញពីមជ្ឈដ្ឋានក្មេងគង្វាល ហើយបានក្លាយជាប្រធានាធិបតីទី ៤ របស់ប្រទេសអាហ៊្វ្រិកខាងត្បូង មកពីគណបក្សកាន់អំណាចឈ្មោះ សមាជជាតិអាហ៊្វ្រិក (ANC)។

ជាមនុស្សប្រជាប្រិយនិងរីករាយ លោក ហ្សាកុប ហ្ស៊ូម៉ា បានបាត់បង់ភាពអនុគ្រោះក្នុងឆ្នាំ ២០១៨ មុនដំណាច់អាណត្តិទី ២ របស់គាត់ ហើយត្រូវបានគណបក្សបណ្ដេញចេញពីអំណាច ដោយសារមានការចោទប្រកាន់ពីបទពុករលួយនិងការរំលោភអំណាច។ អាអែហ្វប៉េ បន្តរាយការណ៍ឱ្យដឹងដូច្នេះ ដោយបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងនេះក្ដី លោកអតីតប្រធានាធិបតីនៅរក្សាបានបណ្ដាញអ្នកស្មោះត្រង់នឹងលោក ដែលជាសមាជិកសភា មន្ត្រីរដ្ឋការ និងអ្នកគាំទ្រនៅតាមមូលដ្ឋាន ដែលបន្តប្រមូលផ្ដុំគ្នាគាំទ្រអតីតមេដឹកនាំរបស់ពួកគេ ដោយពុំគិតអំពីរឿងអាស្រូវនានាដែលបង្អាប់កិត្តិយសរបស់លោកឡើយ។

បើតាម អាអែហ្វប៉េ អ្នកគាំទ្រលោក ហ្សាកុប ហ្ស៊ូម៉ា បានការពារទង្វើប្រមាថដដែលៗពីសំណាក់រូបលោក ទៅលើគណៈកម្មការប្រឆាំងអំពើពុករលួយ ហើយការប្រព្រឹត្តបែបនេះបានបណ្ដាលឱ្យតុលាការធម្មនុញ្ញ
អាហ៊្វ្រិកខាងត្បូងកោះហៅរូបគាត់ឱ្យទៅផ្ដល់សក្ខីកម្ម មុនពេលសម្រេចដាក់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល  ១ ឆ្នាំ ៣ ខែ ពីបទមិនស្ដាប់បញ្ជាតុលាការ។

ជាក់ស្ដែង លោក ហ្ស៊ូម៉ា បានដើរចេញពីអង្គជំនុំជម្រះ ដោយនិយាយចោទប្រកាន់ប្រធានអង្គជំនុំជម្រះ គឺលោក រ៉េម៉ុន ហ្សុងដូ (Raymond Zondo) ថាល្អៀង ទោះបីជាសាក្សីចំនួន ៣៤ នាក់បានរៀបរាប់ភ្ជាប់រូបលោកទៅនឹងអំពើទុច្ចរិតនានាដែលខុសគន្លងច្បាប់ក៏ដោយ។ នេះបើតាម អាអែហ្វប៉េ ដែលលើកឡើងដែរថា អ្នកគាំទ្រអតីតប្រធានាធិបតីបានអះអាងថា ការចោទប្រកាន់ដោយគ្មានភស្តុតាងនោះមានចរឹតនយោបាយ។

ទីភ្នាក់ងារសារព័ត៌មានបារាំងលើកឡើងថា អំពើមិនស្មោះត្រង់ពុំមានអ្វីប្លែកទេ ចំពោះលោក ហ្ស៊ូម៉ា ហើយថា រូបលោកក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១៦ បទល្មើសទៀត ក្នុងនោះមានអំពើបន្លំ អំពើពុករលួយ ការប្រកបរបរទុច្ចរិត ទាក់ទងនឹងការទិញអាវុធ យុទ្ធភណ្ឌ កាលពីឆ្នាំ ១៩៩៩ ពីក្រុមហ៊ុនអាវុធអឺរ៉ុប ពេលដែលរូបគាត់នៅក្នុងតំណែងជាអនុប្រធានាធិបតី។

លោក ហ្សាកុប ហ្ស៊ូម៉ា ធ្លាប់ត្រូវបានប្រកាសឱ្យរួចទោសម្ដង ក្នុងករណីដែលរូបគាត់ត្រូវបានចោទប្រកាន់និងយកទៅកាត់ទោសក្នុងតុលាការនៅឆ្នាំ ២០០៦ ពីបទរំលោភកូនស្រីនៃសហការីរបស់គាត់ម្នាក់ ដែលផ្ទុកមេរោគអេដស៍៕

Share

Image
Image
Image