en     km
en     km

អតីតនាយករដ្ឋមន្ត្រីទី១នៃឆ្នាំ១៩៩៣នឹងធ្វើសកម្មភាពនយោបាយឡើងវិញ

Share

តាមច្បាប់បោះឆ្នោត  ប្រទេសកម្ពុជា នឹងបោះឆ្នោត ដោយផ្ទាល់ពីប្រជាជន រៀងរាល់៥ឆ្នាំម្ដង ទាំងការបោះឆ្នោត ជ្រើសតាំងសមាជិកសភា និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។ សម្រាប់ឆ្នាំ ២០២២ និង២០២៣ គឺការពេលវេលា នៃការបោះឆ្នោត ជាថ្មីទៀត។ កម្ពុជា ពុំដែលមានការរំលាយរដ្ឋសភា ដើម្បីបោះឆ្នោតមុនអាណត្តិម្ដងណានោះទេ ទោះជាកម្ពុជាមានវិបត្តិនយោ​បាយ ក៏ដោយ។ សម្រាប់ការបោះឆ្នោតខាងមុខនេះ ពុំដឹងថា បក្សសង្រ្គោះជាតិ អាចនឹងត្រូវបាន អនុញ្ញាតិអោយបង្កើតឡើងវិញនោះឬយ៉ាងណាទេ ។ ប៉ុន្តែបក្សរាជានិយម មួយនឹងបន្តមានវត្តមាន ។ ប្រធានរបស់បក្សនេះ គឺសម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ ។ តាមមន្រ្តីបក្ស នេះ គឺព្រះអង្គនឹងធ្វើសកម្ម​ភាព​នយោបាយឡើងវិញបន្ទាប់ពីខកខានដោយ ព្រះសុខភាព។

លោក នួន បូរិន ជូនសេចក្ដីរាយការណ៍៖

 

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​ប្រកាស​នៅ​ថា សម្ដេច​ក្រុមព្រះ នរោត្តម រណ​ឫទ្ធិ នឹង​យាង​មក​ដឹកនាំ​បក្ស និងចូលរួមសកម្មភាពនយោបាយ​វិញ​នា​ចុងខែ​កុម្ភៈ​ ខណៈព្រះអង្គសុខភាពល្អប្រសើរ។

អ្នកនាំពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ផាន់ សិទ្ធី មានប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពីថ្ងៃទី១៩ មករាថា ព្រះរាជ​សុខភាពសម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​និង​កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាពរយៈពេល​យូរ​នៅ​ប្រទេស​បារាំងហើយព្រះអង្គ​នឹង​យាង​មក​ដឹកនាំ​ គណបក្ស​ ដោយ​ផ្ទាល់​វិញ បន្ទាប់ពី​សមាជ​គណបក្ស ​ធ្វើ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ។

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ ​អតីត​នាយក​រដ្ឋមន្ត្រី​ទី១ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែលគណបក្សគណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​ឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ១៩៩៣។ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​ព្រះរាជ​តំណែង បន្ទាប់ពី​ព្រឹត្តិ​ការណ៍​បង្ហូរឈាម កាលពី​ថ្ងៃទី៥និង៦ ខែកក្កដា ឆ្នាំ១៩៩៧ដែលក្រុមប្រឆាំង និងលោកខាងលិចថា ជាព្រឹត្តិការណ៍រដ្ឋប្រហារ។

នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បានអាសនៈក្នុងរដ្ឋសភា លំដាប់ទី២ ។ បក្សឈ្នះឆ្នោត ពេលនោះ គឺបក្សប្រជាជនកម្ពុជា ។ ចំណែកគណបក្សប្រឆាំងដំបូងគេនៅកម្ពុជា គឺគណបក្សសមរង្ស៊ី។ នៅឆ្នាំ២០០៦ព្រះអង្គត្រូវបានទំលាក់ពីប្រធានបក្ស។  នៅក្នុងការបោះឆ្នោត​ឆ្នាំ​២០១៣ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច មិនទទូលបានអាសនៈនៅក្នុងរដ្ឋសភានោះទេ។ មានតែបក្ស២ប៉ុណ្ណោះ បានឈ្នះឆ្នោត គឺបក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោកសមរង្ស៊ី ។តែបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយ

តុលាការកំពូល ក្រោម ច្បាប់បក្សនយោបាយ ហើយពេលនោះ លោកកឹមសុខាជាប្រធានគណបក្ស ជំនួសលោកសមរង្ស៊ី ដែលបានលាលែង។ នៅពេលបក្សប្រឆាំងនេះ ត្រូវបានរំលាយ នៅឆ្នាំ២០១៧ គឺ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទទួល​បានអាស​នៈ​ជាង៤០ក្នុងរដ្ឋសភា ដែលជាអាសនៈរបស់បក្សសង្រ្គោះជាតិ រីឯបក្សផ្សេងៗទៀត ក៏បានទទួលផងដែរ របស់អាសនៈ ៥៥ នៃបក្សសង្រ្គោះជាតិ។

ទោះជាបែបនេះក្ដី អ្នកនាំពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ផាន់ សិទ្ធីបានប្រកាសថា​សម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ នឹងរៀបចំបក្សឡើងវិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ក្នុង​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ២០២៣ ។

សម្តេច​ក្រុមព្រះ បាន​រង​របួស​ជា​ទម្ងន់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ បច្ចុប្បន្ន​មាន​ព្រះជន្ម៧៦ព្រះវស្សា។ អ្នកសង្កេតការណ៍នៅ តែមើលឃើញថា គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច នៅតែពុំមានការគាំទ្រច្រើនទេ ។ តែការបញ្ចេញសកម្មភាព នយោបាយឡើងវិញរបស់សម្ដេចក្រុមព្រះ អតីតនាយករដ្ឋមន្ត្រទី១ ឆ្នាំ១៩៩៣ គឺ ជារឿងល្អ ដែលអ្នកនយោបាយជើងចាស់​រូបនេះ វិលមកកាន់វេទិកានយោបាយឡើងវិញ ក្នុងស្ថានការណ៍នយោបាយ កម្ពុជា​កំពុងរងការរិះគន់ពីក្រុមសិទិ្ធមនុស្សថានៅតែចង្អៀតសម្រាប់ ក្រុមប្រឆាំង ៕

Share

Image
Image
Image