en     km
en     km

អតីតតំណាងរាស្រ្តសុំសិទ្ធិធ្វើនយោបាយ អ៊ូ ច័ន្ទរ័ត្នផ្ញើសារជូនពរសម្តេចហ៊ុនសែន

Share

លោក  អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ របស់អតីតគណបក្សសង្រ្គោះជាតិ បានសរសេរសារជូនពរ ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់សម្តេច នាយករដ្ឋមន្រ្តី​ ហ៊ុនសែននៅក្នុងបណ្តាញសង្គម Facebook របស់លោក នាឱកាសថ្ងៃខួបគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំរបស់សម្តេច ហ៊ុន សែន។

សារជូនពររបស់អតីតអ្នកតំណាងសុំសិទ្ធិធ្វើនយោបាយឡើងវិញរូបនេះបានធ្វើឲ្យសម្តេច នាយក​​រដ្ឋមន្រ្តី​មានការរំភើបចិត្តជាខ្លាំង។ សម្តេច បានចូលទៅ Comment ដោយអំណរគុណជូនទៅ លោក អ៊ូ ច័ន្ទរ័ត្នវិញ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍

លោក  អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះសារជូនពរ សម្ដេច នាយករដ្ឋមន្ត្រីក្នុងឱកាសខួបកំណើតគម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំរបស់សម្តេចកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។​

នៅក្នុងសារជូនពរខ្លីរបស់លោក អ៊ូ ច័ន្ទរ័ត្ន បានសរសេររៀបរាប់ជូនពរ និងការអបអរសារទរជូនទៅសម្តេច ហ៊ុន សែន យ៉ាងដូច្នេះថា« នៅក្នុងឱកាសខួបគំរប់ ៦៨ឆ្នាំ ខ្ញុំសូមចូលរួមអបអរ និងជូនពរអោយសម្តេច ជួបតែសុខភាពល្អ និងជួបតែពុទ្ធពរព្រះបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ» ដោយភ្ជាប់ជាមួយរូបភាពមួយសន្លឹករបស់សម្តេច ហ៊ុន សែន មកជាមួយផងដែរ។

ក្រោយពីបង្ហោះបានរយៈពេល ១១ម៉ោង សម្តេច នាយករដ្ឋមន្រ្តី ក៏បានចូលមក Comment នៅក្នុងសារជូនពររបស់លោក អ៊ូ ច័ន្ទរ័ត្ន ដោយសម្តែងនូវការអរគុណជាខ្លាំងសម្រាប់សារជូនពរមួយនេះ ហើយក៏បានសរសេរដោយបែបនេះថា « ខ្ញុំសូមថ្លែងនូវការអរគុណចំពោះឯកឧត្តមដែលបានជូនពរនៅក្នុងថ្ងៃកំណើតរបស់ខ្ញុំ នឹងសូមជូនពរឯកឧត្តម ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សូមឯកឧត្តមទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ»។

ជាការកត់សម្គាល់ ការបង្ហោះសារជូនពររបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានធ្វើឲ្យអ្នកតាមដានស្ថានការណ៍នយោបាយ មានការភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រោះដោយសារតែវាជារឿងដ៏កម្រមួយនៅក្នុងឆាកនយោបាយរបស់សង្គមកម្ពុជា ដែលអ្នកនយោ​បាយ​មកពីបក្សផ្សេង គឺជាពិសេសគឺបក្សកាន់អំណាច និងបក្សប្រឆាំង មានភាពល្អូកល្អើន ឬជូនពរគ្នាជាសាធារណៈបែបនេះចាប់តាំងពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយ តុលា​ការ​កំពូលកាលពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០១៧។

ចំណែកឯអ្វីដែលកាន់តែចំឡែកទៀតនោះ គឺអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិរូបនេះ គឺមិនធ្លាប់ប្រើសម្តីពាក្យពេចន៍ល្អៗបែបនេះទៅកាន់សម្តេចនាយករដ្ឋមន្រ្តីពីមុន។​ក៏​ប៉ុន្តែ​​​​ចាប់ពីតាំងសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឃើញថា បុរសនេះបានដោះដូរជំហរ​និង​ឥរិយាបទ។

សូមជម្រាបថា លោក អ៊ូ ច័ន្ទរ័ត្ន ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល ១១៨រូបមកពីអតីតគណបក្សសង្គ្រោះជាតិដែលជាប់បំរាមមិនឱ្យធ្វើសកម្មភាពនយោបាយ។ តែនៅរយៈពេលដើមឆ្នាំ២០១៩នេះ លោក អ៊ូ ច័ន្ទរ័ត្ន បានទទួលសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ក្រោយពីស្នើសុំការប្រោសព្រះរាជទានពីព្រះមហាក្សត្រខ្មែរដើម្បីត្រឡប់ចូលមកធ្វើនយោបាយវិញ។

ពុំមានតែ លោក អ៊ូ ច័ន្ទរ័ត្ន ទេសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺក្នុងនោះ មានទាំងលោកគង់គាំ អតីត ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិផងដែរ។ តែយ៉ាងណា មានអ្នកនយោបាយ តិច​តួចប៉ុណ្ណោះ បានសុំសិទ្ធិដូចលោក អ៊ូ ច័ន្ទរ័ត្ននិងលោកគង់គាំ។កន្លងសម្ដេច ហ៊ុនសែន ព្រមាន ថា បើអ្នកណាមិនចេញមុខសុំសិទ្ធិនយោបាយឡើងវិញគឺគ្មានផ្លូវ ធ្វើនយោបាយ​ឡើយ ហើយបើធ្វើសកម្មភាពនឹងមានទោសថែមទៀត៕ 

Share

Image
Image
Image