en     km
en     km

អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​រក​ឃើញ​ថា​ មានការ​កើនឡើង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​លើ​កុមារ​

Share

cover-Judical-Forum
​អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ ដោយ​បាន​រក​ឃើញ​ថា​ ករណី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ ដែល​មាន​កើតឡើង​លើ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​ ក្នុង​ឆ្នាំ​២០១៥​ មាន ​២៩២​ករណី​ កើនឡើង​ជាង​ឆ្នាំ​ ២០១៤​ ដែល​មាន​ ២២១​ ករណី​។​ ការ​បង្ហាញ​របាយការណ៍​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ផ្នែក​ច្បាប់​អន្តរជាតិ​ ស្តី​អំពី​ការ​ប្រព្រឹត្ត​ និង​ការ​យកចិត្តទុកដាក់​មក​លើ​កុមារ​រង​គ្រោះ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​យុត្តិធម៌​ នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ក្នុង​រាជធានី​ភ្នំពេញ​។​

​យ៉ាង​ហោច​ណាស់​មាន​ករណី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ ២៩២​ ករណី​ ដូច​ជា​ បទល្មើស​មុន​ស្ស​ឃាត​ និង​បទល្មើស​រំលោភ​សេពសន្ថវៈ​ជាដើម​នោះ​ បាន​ប្រព្រឹត្ត​មក​លើក​កុមារ​ នៅ​ ២២​ ខេត្ត​ក្នុង​ឆ្នាំ​ ២០១៥​ កន្លង​ទៅ​នេះ​។​

នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ដែល​បាន​បង្ហាញ​ដោយ​លោក​ ចេ​ម​ស៍​ ម៉ាក​កាប៊ី​ (James​ McCabe)​ ប្រធាន​ប្រតិបត្តិការ​អង្គភាព​ការពារ​កុមារ​។​ លោក​បន្ត​ថា​ អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ បាន​ចុះ​អនុស្សា​រណៈ​ជាមួយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​ ២០១៣​ ដើម្បី​ផ្តល់​កិច្ច​គាំទ្រ​ដល់​ជន​រង​គ្រោះជា​កុមារ​ ទាំង​សេវា​ ទាំង​ធនធាន​ក្នុង​ការ​ស៊ើបអង្កេត​ រហូត​ដល់​ដំណាក់កាល​កាត់ទោស​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​កុមារ​នោះ​។

លោក​ ចេ​ម​ស៍​ ម៉ាក​កាប៊ី​ បន្ត​ថា​ កន្លង​មក​ បទល្មើស​មួយ​ចំនួន​មិន​ត្រូវ​បាន​បន្ត​ទៅ​ដល់​តុលាការ​ដើម្បី​ជំនុំជម្រះ​នោះ​ទេ​ ព្រោះ​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​កុមារ​មិន​មាន​ភាព​ជាក់លាក់​ ដែល​ជា​ហេតុ​មិន​អាច​ចោទប្រកាន់​ជនល្មើស​នាំ​មក​កាត់ទោស​បាន​។​

លោក​បញ្ជាក់​ថា​ ដោយសារ​មើលឃើញ​ពី​ភាព​ខ្វះចន្លោះ​នេះ​ ទើប​អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ បាន​សហការ​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ចុះ​ជួយ​បង្រៀន​ផ្តល់​បច្ចេកទេស​ដល់​សិក្ខាកាម​២៤​ នាក់​នៅ​ទូ​ទាំង​ ២៥​ ខេត្ត​ក្រុង​ និង​បាន​ផ្តល់​ឧបករណ៍​ថត​សំឡេង​ និង​វី​ដេ​អូ​មួយ​ចំនួន​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​ជន​រង​គ្រោះ​ ហ៊ាន​សារភាព​ពី​ហេតុការណ៍​ពិត​ដែល​បាន​កើត​មាន​មក​លើ​ខ្លួន​។​

សូម​បញ្ជាក់​ថា​ ក្នុង​ចំណោម​ករណី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទាំង​ ២៩២​ ករណី​នេះ​ មាន​ករណី​រំលោភ​សេពសន្ថវៈ​ចំនួន​ ២០២​ ករណី​  ករណី​រំលោភ​បូក​មាន​ ២​ ករណី​  ករណី​ប៉ុនប៉ង​រំលោភ​មាន​ ១៨​ ករណី​ ករណី​បៀតបៀន​កេរ្ដិ៍​ភេទ​មាន​ ៦​ ករណី​ ករណី​រួម​ភេទ​ជាមួយ​អនីតិជន​ ១៨​ ករណី​ និង​ករណី​ចាប់ជំរិត​កុមារ​ជាដើម​។​ ចំណែក​ខេត្ត​ដែល​មាន​អត្រា​ខ្ពស់​ជាងគេ​ក្នុង​ករណី​នេះ​ គឺ​ខេត្តបាត់ដំបង​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​៕

Share

Image
Image
Image