en     km
en     km

អង្គភាពប្រឆាំងអំពើពុករលួយចាប់​មន្ត្រីក្រសួង​ការ​បរទេសពាក់ព័ន្ធ​​​អំពើ​​ពុក​​រលួយ​

Share

​ភ្នំពេញ​៖​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចាប់​មន្ត្រី​ក្រសួងការបរទេស​មួយ​រូប​ កាលពី​​ថ្ងៃ​ទី​ ៣១​ មីនា​​ ទាក់​​ទង​​នឹង​ករណី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ​ ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួងការបរទេស​។

ACU
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ លោក​ ជុំ​ ស​ន្ទ​រី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ពុំ​ទាន់​ទទួល​បាន​​ព័ត៌មាន​លម្អិត​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​ ដោយ​ទុក​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​លើ​ករណី​នេះ​បន្ត​ទៀត​។​

លោក​ ជុំ​ ស​ន្ទ​រី​ ៖ «​ ខ្ញុំ​មិន​ទាន់​បញ្ជាក់​អ្វី​បាន​នៅឡើយ​ទេ​ ដោយ​រង​ចាំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ធ្វើការ​ស៊ើបអង្កេត​សិន​»​។​

ចំណែក​លោក​ ឃាង​ សេង​ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​ទាន់​ធ្វើការ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ឡើយ​ដោយ​លោក​ជាប់​ប្រជុំ​។​

​លោក​ ព្រាប​ កុ​ល​ នាយ​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ សាទរ​ចំពោះ​ចំណាត់ការ​របស់​ AUC​  ដែល​ចាប់ខ្លួន​មន្ត្រី​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នា​ពេល​នេះ​។​ ទោះជា​យ៉ាងណា​លោក​ ព្រាប​ កុ​ល​ លើក​ឡើង​ថា​ អង្គ​ភាព​មួយ​នេះ​ ធ្វើការ​បាន​មួយ​ចំនួន​ហើយ​ លើ​ករណី​បង្ក្រាប​អំពើ​ពុក​រលួយ​ ប៉ុន្តែ​មិន​ទាន់​ស្រប​ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​នៅឡើយ​ទេ​។​

«​ ខ្ញុំ​គិត​ថា​ គាត់​បាន​ធ្វើ​កិច្ចការ​បាន​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​ដូចដែល​ប្រជាពលរដ្ឋ​លោក​ចង់​បាន​​ទេ​ ទាក់ទង​ទៅ​នឹង​ចំណាត់ការ​លើ​វិធាន​ផ្លូវច្បាប់​ ការងារ​ទប់ស្កាត់​ ការងារ​ផ្សព្វផ្សាយ​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ពុក​រលួយ​ អង្គភាព​ប្រឆាំង​ពុក​រលួយ​បាន​ធ្វើ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​»​។​

ជុំវិញ​បញ្ហា​នេះ​ ក្រសួងការបរទេស​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះហត្ថលេខា​ដោយ​លោក​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ នៅ​ថ្ងៃ​ទី​ ៣១​ មីនា​  បាន​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ទាំង​អស់​ កុំអោយ​មានការ​ភ្ញាក់​ផ្ញើ​ល​លើ​ករណី​នេះ​៕

Share

Image
Image
Image