ភ្នំពេញ ៖ ក្រសួងសង្គមកិច្ចបានអះអាងថា ឆ្នាំ២០១៨នេះ ចំនួនជនពិការបានកើនឡើងជាងឆ្នាំកន្លងទៅ ដែលបានចូលបម្រើការងារ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ លោក អុល សុវាសនា មន្ត្រីជាន់ខ្ពស់ការការជនពិការអន្ដរជាតិ ទទួលស្គាល់ថា រដ្ឋាភិបាលបានខិតខំលើកិច្ចការនេះ ក៏ប៉ុន្ដែលោកយល់ថា គួរតែមានការផ្សព្វផ្សាយបន្ថែម ដើម្បីជំរុញវិស័យឯកជន ដែលលោកឃើញថា ហាក់អនុវត្ដបានតិចតូច។
លោក លៀ ស៊ីណា រាយការណ៍ ៖
រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា លោក សែម សុខា មានប្រសាសន៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា ចំនួនជនពិការ គឺបានកើនឡើងខ្ពស់នៅឆ្នាំ២០១៨នេះ ដែលបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ប្រសាសន៍របស់លោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយលើការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ ដល់ខណ្ឌទាំង១២ និងបណ្ដាវិស័យឯកជន ស្ថិតនៅរាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ដនូវអនុក្រឹត្យស្ដីពីការជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារ និងបានលើកទឹកចិត្ដទាំងវិស័យរដ្ឋ និងឯកជន ឲ្យជ្រើសរើសជនពិការចូលបម្រើការងារ។ តាមរយៈអនុក្រឹត្យនេះ លទ្ធផលបានបង្ហាញឲ្យឃើញថា ក្រសួងស្ថាប័នរដ្ឋ ចំនួន ៤០ បានទទួលជនពិការចំនួន ២៨៣៩នាក់ ហើយមាន ៧៣០នាក់ជាស្ដ្រី។ ក្នុងចំណោមជនពិការជាង ២ពាន់នាក់នេះ មាន ១៤៧៨នាក់ ជាជនពិការកម្រិតធ្ងន់។
ដោយឡែកសម្រាប់វិស័យឯក ដែលមានដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ក៏មានការកើនឡើងដែរ ដែលក្រសួងបានសាកល្បង លើវិស័យទាំងនោះនៅភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដសៀមរាម លើអង្គភាពចំនួន ៧៧។ ជាលទ្ធផលវិស័យឯកជនទាំងនោះ បានទទួលជនពិការចំនួន ៣០៥៥នាក់ ហើយមាន ១៩៤៧នាក់ជាស្ដ្រី។ នៅក្នុងឆ្នាំ២០១៨នេះ ជនពិការដែលបានចូលបម្រើការងារទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន សរុបមានចំនួន ៥៨៦៨នាក់។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការជ្រើសរើសជនពិការ ចូលបម្រើការងារ ដែលមាន២%សម្រាប់ស្ថាប័នសាធារណៈ និង១%សម្រាប់ផ្នែកឯកជន។
លោក អុល សុវាសនា អនុប្រធានសម្របសម្រួលកម្មវិធី របស់អង្គការជនពិការអន្ដរជាតិ ហៅកាត់ថា H.I មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា លោកទទួលស្គាល់ពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ ក៏ដូចជាការចេញអនុកត្រឹត្យ ដើម្បីធ្វើយ៉ាងណាជួយដល់ជនពិការឲ្យទទួលបានការងារ និងគ្មានការរើសអើង។ លោកបន្ដថា តាមការសង្កេតមើលរបស់លោកផ្ទាល់ ស្ថាប័នរដ្ឋបានអនុវត្ដបានល្អប្រសើរតាមតាមអនុត្រឹត្យបើទោះជាមិនល្អឥតខ្ចោះក៏ដោយ។ ក៏ប៉ុន្ដែសម្រាប់វិស័យឯកជន លោកថា គឺហាក់អនុវត្ដបានតិចតូចនៅឡើយ ដោយសារតែវិស័យទាំងនោះមួយចំនួន ពេលខ្លះបានកំណត់លក្ខណក្នុងការជ្រើសរើសបុគ្គលិក ដែលបានបង្កជាការរាំងស្ទះដល់ពលរដ្ឋដែលមានពិការភាព ៖«វិស័យឯកជនយើងឃើញថា នៅមានភាពខ្វះខាតច្រើន ដោយសារស្ថាប័នឯកជនខ្លះគាត់នៅមានលក្ខណដើម្បីជ្រើសរើស។ ឧទាហរណ៍ថា គាត់ត្រូវការឲ្យមានសញ្ញាបត្រទុតិយភូមិ ឬក៏រៀននៅក្នុងកម្រិតថ្នាក់ណាមួយ អញ្ចឹងទៅក៏មិនបានជាទូលំទូលាយទៅដល់បងប្អូនមានពិការភាពដែរ ដោយសារតែបងប្អូនជនពិការរបស់យើងខ្លះអត់មានរៀនសញ្ញាបត្រចប់ទុតិយភូមិទេ។ អញ្ចឹងយើងអាចនិយាយបានថា ការជ្រើសរើសរបស់ពួកគាត់នៅមានកម្រិតនៅឡើយដែរ»។
ចំពោះការកំណត់នេះ លោក សុវាសនា គិតថា ដោយសារតែពួកគាត់មិនទាន់យល់ច្បាស់ពីបញ្ហារបស់ពលរដ្ឋដែលមានពិការភាព។ តែយ៉ាងណាលោកថា វាមិនមែនជាការរើសអើងទេ បើការកំណត់នោះតម្រូវទៅតាមតួនាទី និងមុខងារនៅក្នុងស្ថាប័ន លើកលែងតែការកំណត់ដោយចេតនារុញចេញនូវក្រុមពលរដ្ឋដែលមានពិការភាព។
តែបើទោះជាយ៉ាងនេះក្ដី អង្គការជនពិការអន្ដរជាតិ នៅតែបន្ដការព្យាយាមជំរុញ និងពន្យល់ធ្វើយ៉ាងណាឲ្យគ្រប់វិស័យទាំងអស់យល់ពីពលរដ្ឋដែលមានពិការភាព និងបើកឱកាសការងារពេញលេញសម្រាប់ពួកគាត់។ ជាងនេះអង្គការ H.I ក៏ព្យាយាមផងដែរ ដើម្បីឲ្យវិស័យឯកជនមានការកែប្រែនូវលក្ខណការងារ និងគោលនយោបាយស្ថាប័នជាដើម ដើម្បីឲ្យសមសម្របសម្រាប់ជនពិការ។
លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា អះអាងថា រាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀត ដើម្បីលុបបំបាត់ឲ្យបាននូវការរើសអើងលើជនពិការ។ លោកក៏អំពាវនាវផងដែរ ឲ្យគ្រប់អង្គភាពទាំងស្ថាប័នរដ្ឋ វិស័យឯកជននានា ចូលរួមថែមទៀតក្នុងការផ្ដល់ឱកាស សម្រាប់ជនពិការបានចូលបម្រើការងារ ដើម្បីរួមគ្នាក្នុងការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ៕