en     km
en     km

អង្គការ​សេ​ដាក​ ៖​ ជញ្ជ្រាំង​ស្រូវ​ជា​ជីធម្មជាតិ​ល្អ​បំផុត​សម្រាប់​ដំណាំ​ស្រូវ​ សូមកុំ​ដុត​ចោល​!

Share

​ភ្នំពេញ​ ៖​ ដើម្បី​ឲ្យ​កសិករ​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់​ជាប់​ជា​និច្ច​ និង​កាត់​បន្ថយ​នូវ​ចំណាយ​ក្នុង​ការ​ទិញ​ជី​ពី​ខាងក្រៅ​ កសិករ​គ​ម្បី​ប្រើប្រាស់​ឡើង​វិញ​នូវ​អនុ​ផល​ស្រូវ​ ដើម្បី​ប្រើ​ធ្វើ​ជា​ជីធម្មជាតិ​ ដែល​មាន​ដូច​ជា​ចំបើង​ ជញ្ជ្រាំង​ស្រូវ​ និង​អង្កាម​ ជាដើម​។​

ការភ្ជួរជញ្ជ្រាំងស្រូវរបស់កសិករ។រូបភាពពីCEDAC
ការភ្ជួរជញ្ជ្រាំងស្រូវរបស់កសិករ។រូបភាពពីCEDAC
​ក្នុង​ចំណោម​ស្រូវ​ដែល​មាននៅ​ក្នុង​ដីស្រែ​បន្ទាប់​ពី​ការ​ច្រូតកាត់​របស់​កសិករ​ ជញ្ជ្រាំង​ស្រូវ​ គឺជា​ធនធាន​មួយ​ដែល​មាន​សារៈ​ប្រយោជន៍​ និង​ប្រកប ដោយ​សក្តា​នុ​ពុល​ខ្ពស់​បំផុត​សម្រាប់​កសិករ​ ជា​ពិសេស​ជញ្ជ្រាំង​ស្រូវ​ក៏​ជា​ជីធម្មជាតិ​ដ៏​ល្អ​ ដែល​ជួយ​ឲ្យ​ដី​ផុស​ និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់​ស្រូវ​ថែម​ទៀត​ផង​។​

​ទោះ​យ៉ាងនេះ​ក្តី​ ជញ្ជ្រាំង​ស្រូវ​នៅ​តែ​មិន​ត្រូវ​បាន​ទទួល​ការ​ថែរក្សា​ប៉ុន្មាន​នោះ​ទេ​ ក្នុង​ចំណោម​ប្រជា​កសិករ​ជា​ច្រើន​ រហូត​ដល់​មានការ​ដុត​បំផ្លាញ​ចោល​ដោយ​ចេតនា​ ឬ​អ​ចេតនា​ ទៀត​ផង​ ។​

ការ​ដុត​ជញ្ជ្រាំង​ចោល​ដោយ​ ចេតនា​ ឬ​អ​ចេតនា​បែប​នេះ​ នាំ​មក​នូវ​គុណវិបត្តិ​ជា​ច្រើន​ដូច​ជា​ បាត់បង់​នូវ​សារធាតុសរីរាង្គ​សម្រាប់​ប្រើ​ជា​ជី​ជំនួយ​ដល់​ដី​ បាត់បង់​នូវ​គម្រប​ការពារ​ដី​ពី​កម្តៅថ្ងៃ​ ហើយ​ចំហេះ​ជញ្ជ្រាំង​ស្រូវ​នាំ​មក​នូវ​កម្តៅ​ និង​ ឩ​ស្ម័ន​ផ្សេងៗ​ ជា​ពិសេស​ឧស្ម័ន​កាបូ​និ​ច​ ដែល​អាច​បង្ក​ការ​បំពុល​ដល់​បរិយាកាស​ និង​បង្កើត​ឲ្យ​មាន​អាកាសធាតុ​ក្តៅ​ទៀត​ផង​ ។​

ដោយ​មើលឃើញ​ពី​អត្ត​ប្រយោជន៍​នៃ​ជញ្ជ្រាំង​ស្រូវ​ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​កសិករ​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ បែប​នេះ​ អង្គការ​សេ​ដាក​ សូម​អំពាវនាវ​ដល់​កសិករ​ និង​អ្នក​ពាក់ព័ន្ធ​ ជា​ពិសេស​ គ្រូបង្រៀន​ និង​អាជ្ញាធរ​មូលដ្ឋាន​ ជួយ​ចាត់វិធានការ​ណ៍​ការពារ​ធនធានធម្មជាតិ​ដ៏​សំ ខាន់​នេះ​ ដោយ​ជំរុញ​ឲ្យ​កសិករ​ភ្ជួរ​ជញ្ជ្រាំង​លុប​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។​ អប់រំ​ឲ្យ​ប្រជា​កសិករ​ ជា​ពិសេស​កុមារ​ និង​យុវជន​ ឲ្យ​យល់​ពី​សារៈ​ប្រយោជន៍​នៃ​ជញ្ជ្រាំង​ស្រូវ​ និង​ណែនាំ​កុំ​ឲ្យ​ពួក​គេ​ដុត​ជញ្ជ្រាំង​ស្រូវ​។​ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​វិញ​ គ​ម្បី​មាន​វិធាន​ការណ៍​ផាកពិន័យ​ក្នុង​កម្រិត​ណាមួយ​ ចំពោះ​ជន​ណា​ដែល​ដុត​ជញ្ជ្រាំង​ និង​ចំបើង​ ទុក​តាម​វាលស្រែ​ដោយ​ចេតនា​។​

តាម​បទ​ពិសោធន៍​ជាក់ស្តែង​របស់​កសិករ​ លឹ​ម​ ហួ​ន​ រស់នៅ​ភូមិ​ត្រពាំង​ត្នោត​ ឃុំ​សូ​សែន​ ស្រុក​   ព្រៃឈ​ ខេត្តកំពង់ចាម​ និយាយ​ថា​ ៖«​សព្វថ្ងៃ​ខ្ញុំ​ស្តាយ​ជាងគេ​គឺ​ ជញ្ជ្រាំង​ស្រូវ​តែ​ម្តង​ ពីព្រោះ​ជញ្ជ្រាំង​ស្រូវ​ បាន​ធ្វើ​ឲ្យ​ដីស្រែ​ធូ​ ដី​ផុស​ល្អ​ និង​មាន​ជីជាតិ​គ្រប់គ្រាន់​ ទោះបីជា​ខ្ញុំ​មាន​ជីធម្មជាតិ​ដាក់​ស្រែ​តិចតួច​ក៏​ដោយ​។​ ជាក់ស្តែង​ក្នុង​ផ្ទៃដី​ចំនួន​ ០,៥​ ហិ​កតា​ ខ្ញុំ​អាច​ទទួលផល​ស្រូវ​បាន​ប្រមាណ​ជា​  ៣​ពាន់​ គីឡូក្រាម​ ដែល​ពី​មុន​មិន​ទាន់​មានការ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ គឺ​លើ​ដី​ដដែល​អាច​ទទួលផល​បាន​ត្រឹមតែ​ ២២០០​ គីឡូក្រាម​»​។​ កសិករ​រូប​នេះ​សូម​អំពាវនាវ​ដល់​កសិករ​ទាំងអស់​ សូម​ភ្ជួរ​លុប​ជញ្ជ្រាំង​ស្រូវ​ដោយ​កុំ​ដុត​ចោល​ ។​

រូបកសិករសេដាកកំពុងប្រមូលផលស្រូវសរីរាង្គរបស់ខ្លួន។រូបភាពពីCEDAC
រូបកសិករសេដាកកំពុងប្រមូលផលស្រូវសរីរាង្គរបស់ខ្លួន។រូបភាពពីCEDAC
ចំណែក​អ្នកស្រី​ វង្ស​ ស៊ី​ធន​ រស់នៅ​ភូមិ​ត្នោត​ទ្រេត​ ឃុំ​តា​កោ​ ស្រុក​ពោ​ធ៌​រៀង​ ខេត្តព្រៃវែង​ អ្នកស្រី​តែងតែ​ធ្វើការ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​ច្រូតកាត់​រួច​ជា​និច្ច​ ហើយ​អ្នកស្រី​បាន​អនុវត្ត​បែប​នេះ​បាន​ចំនួន​ ៤​ ឆ្នាំ​ កន្លង​មក​ ។​ ជា​លទ្ធផល​អ្នកស្រី​សង្កេត​ឃើញ​ថា​ ទិន្នផល​ស្រូវ​បាន​បន្ត​កើនឡើង​ និង​ដីស្រែ​ប្រែជា​ដីមមោក​កាន់តែ​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ និង​សំបូរ​ទៅ​ដោយ​សត្វល្អិត​ក្នុង​ដី​ដូច​ជា​ជន្លេន​ ដែល​ជួយ​ឲ្យ​ដី​ធូរ​ជាង​មុន​ និង​មិន​នឿយហត់​ក្នុង​ការ​ប្រមូល​ជី​ដាក់​ស្រែ​ឡើយ​។​ ចំពោះ​ទ​និ្ន​ផល​ស្រូវ​វិញ​ អ្នកស្រី​ថា​ គាត់​បាន​ទទួល​បាន​ផល​ច្រើន​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកជំនាញ​ផ្នែក​កសិកម្ម​ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​អង្គការ​សេ​ដាក​ លោក​បណ្ឌិត​ យ៉ង​ សាំង​កុមារ​ បញ្ជាក់​បន្ថែម​ថា​ ការ​ថែរក្សា​ និង​ប្រើប្រាស់​ជញ្ជ្រាំង​ស្រូវ​ដើម្បី​ភ្ជួរ​លុប​ជា​ជីសរីរាង្គ​ គឺ​ធ្វើ​ឲ្យ​ដី​ ស្រែ​អាច​រក្សា​ជីជាតិ​បាន​យូរអង្វែង​ ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់​ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ជី​ពី​ខាងក្រៅ​បន្ថែម​។​ លោក​បន្ត​ថា​ នៅ​ពេល​ដី​មាន​សារធាតុសរីរាង្គ​ច្រើន​ ធ្វើ​ឲ្យ​ដីស្រែ​មាន​សមត្ថភាព​រក្សា​សំណើម​បាន​យូរ​ ទប់ទល់​នឹង​ភាពរាំងស្ងួត​បាន​ល្អ​ផង​ដែរ​៕

​ប្រភព​អត្ត​បទ​ ៖​ អង្គការ​ CEDAC​

Share

Image
Image
Image