en     km
en     km

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

Share

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch​ ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ស្វែងរកសកម្មជន​នយោបាយអាវក្រហម​ថៃ​មួយរូប​ដែល​បាន​បាត់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​ខែ​មក​ហើយ។ ទោះបីជាបែបនេះក្តីអ្នក​នាំពាក្យរបស់​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​បានអះអាងថា មកដល់ពេលនេះព័ត៌មានដែលថាការបាត់ខ្លួនលោក វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធិនៅកម្ពុជានេះ មិនទាន់មានភស្តុតាងណាអាចបញ្ជាក់ថាជាការពិត ឬយ៉ាងណានោះទេ។ តែយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ងាធរកម្ពុជា នឹងខិតខំប្រឹងប្រែងស្វែងរកឲ្យអស់ពីលទ្ធភាពចំពោះការបាត់ខ្លួននេះ ដើម្បីស្តារឈ្មោះឲ្យកម្ពុជាវិញ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch​ ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ស្វែងរកសកម្មជន​នយោបាយអាវក្រហម​ថៃ​មួយរូប​ដែល​បាន​បាត់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​ខែ​មក​ហើយ។

សកម្មជន​អាវក្រហម​ថៃ​ឈ្មោះ​ វ៉ាន់ឆាឡឺម សាត់សក្តិសិត ​ត្រូវ​បានគេរាយការណ៍មកថាត្រូវបានគេ​ចាប់​ពន្រត់​ពី​កន្លែង​លោក​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៤​ ខែមិថុនា ឆ្នាំ២០២០ មកទល់នឹងពេលនេះដំណឹងរបស់ វ៉ាន់ឆាឡឺម សាត់សក្តិសិត នៅមិនទាន់មាននៅឡើងដែលធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភពីសុវត្ថិភាពរបស់លោក ហើយគ្មានអ្នកណាដឹងថាបច្ចប្បន្ននេះលោកនៅមានជីវិតរស់ឬយ៉ាងណានោះទេ។ សហគមន៍​អន្តរជាតិ​ដែល​មាន​អង្គការ​សហ​ប្រជាជាតិ ​សហរដ្ឋ​អាមេរិក​និង​សភា​សហភាព​អឺរ៉ុប​ ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ជា​បន្ទាន់​ពី​ការបាត់ខ្លួន​នោះ​ដែរ។

លោក ប្រែដ អាដាម ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍របស់លោក​​ថា៖ «ការ​ចាប់​ខ្លួន​សកម្មជន​ដ៏ល្បីឈ្មោះ​របស់​ថៃ​នៅ​តាម​វិថី​ក្រុង​ភ្នំពេញ​គឺជា​រឿងថ្មី​និង​ជា​របត់​ដ៏​គ្រោះថ្នាក់ដែល​ទាមទារ​ឲ្យមាន​ការឆ្លើយ​តប​ជា​បន្ទាន់​និង​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​ពីអាជ្ញាធរ​កម្ពុជា។ រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​បដិសេធ​រឿង​ដែល​មិន​អាច​ប្រកែក​បាន​នេះ​និង​ស្វែង​រកលោក​ វ៉ាន់ឆាឡឺម​ ជា​បន្ទាន់​ហើយ​ធានា​សុវត្ថិភាព​របស់​លោក»។​

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជនក្រុមអាវក្រហម បានបាត់ដំណឹងឈឹងពីកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលដែលលោកបានសុំពន្យារពេលទិដ្ឋាការស្នាក់នៅបាន២ឆ្នាំ។ នេះបើយោងទៅតាមសារព័ត៌មានស្និតនឹងរាជរដ្ឋាភិបាលFresh News។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានការភ្ងាក់ផ្អើល និងផ្ទុះការតវ៉ាទាក់ទិនទៅនឹងការបាត់ខ្លួនរបស់សកម្មជននយោបាយក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។

លោក ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងប្រព័ន្ធចេញចូលរបស់ភ្ញៀវដែលមកកាន់ប្រទេសកម្ពុជា គឺលោក ​ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានចេញចូលកម្ពុជាច្រើនដង ហើយនៅមុនឆ្នាំ២០១៥ ជននេះបានមកស្នើសុំពន្យារពេលទិដ្ឋាការស្នាក់ដែលមានសុពលភាពត្រឹមឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ជននេះបានបាត់ខ្លួនរហូត ដោយមិនដឹងថាបាត់ទៅទីណាទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសាក្សី ឬជនទាំងឡាយដែលមានព័ត៌មានអំពីករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធសូមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានពិតប្រាកដដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា តាមច្បាប់អន្តោរប្រវេសន៍ជនបរទេសមិនអាចស្នាក់នៅកម្ពុជា ហួសសុពលភាពទេ ប៉ុន្តែជននេះបានបាត់ដំណឹង។

រឿងហេតុនៃការបាត់ខ្លួនលោកវ៉ាន់ឆាឡឺម សាតស័ក្តស័ទ្ធ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយមិនថានៅក្នុងស្រុក ឬក្រៅសុក្រនោះទេចំពោះការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់លោក។  

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។

លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំពាក្យ​បានឲ្យវិទ្យុស្រ្តីដឹងនៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះថា មកដល់ពេលនេះព័ត៌មានដែលថាការបាត់ខ្លួនលោក វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធិនៅកម្ពុជានេះ មិនទាន់មានភស្តុតាងណាអាចបញ្ជាក់ថាជាការពិត ឬយ៉ាងណានោះទេ។ តែយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ងាធរកម្ពុជា និងខិតខំប្រឹងប្រែងស្វែងរកឲ្យអស់ពីលទ្ធភាពចំពោះការបាត់ខ្លួននេះ ដើម្បីស្តារឈ្មោះដែលគេចោទប្រកាន់ពាក់ព័ន្ធទៅនឹងរឿងចាប់ពង្រាត់លោក វ៉ាន់ឆាឡឺមនេះ។

—————-សំលេង លោក ឆាយ គឹមខឿន————–

យោងទៅតាមសម្តីរបស់សាក្សី៣នាក់ ដែលបានផ្តល់ឲ្យសារព័ត៌មានសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅបានឲ្យដឹងថាពួកគេ​ឃើញ​ជន​ជាតិ​ថៃ​លោក ​វ៉ាន់ ឆាឡឺមសាតស័ក្តសិទ្ធ ​អាយុ​ ៣៧​ ឆ្នាំ​ ត្រូវ​បាន​បុរស​ ៣ ​នាក់​ ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​ នៅ​មុខ​ខុនដូ​មួយ​ដែល​សកម្មជន​រូប​នោះ​ស្នាក់​នៅ​ច្រើន​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជ​ធានី​ភ្នំពេញ។ ដោយសាក្សីនោះបានបញ្ជាក់ថា ពិត​ជា​ជន​ជាតិ​ថៃ ដែល​រូប​ថត​របស់​លោក ត្រូវ​បានបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​សារព័ត៌មាន។ តែយ៉ាងណាលោក ឆាយ គឹម ខឿនអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានលើកឡើងថាមិនមានឈ្មោះនេះស្នាក់នៅក្នុងខន់ដូរនេះអ្វីនោះទេ។ ហើយលោកក៏បានសំនូមពរចំពោះអ្នកសារព័ត៌មាននិងអ្នកវិភាគគ្រប់រូបផងដែរ កុំឲ្យពង្រីកវិសាលភាពនៃរឿងមុនពេលដែលសមត្ថកិច្ចមិនទាន់ធ្វើការចាប់សព្វគ្រប់។

—————-សំលេង លោក ឆាយ គឹមខឿន————–

សូមជម្រាបថា លោក វ៉ាន់ឆាឡឺម​ សាតស័ក្តិសិទ្ធ មាន​អាយុ​៣៧​ឆ្នាំ ​និង​ជា​សកម្មជន​នៃ​ក្រុម​រណសិរ្ស​រួម​ដើម្បី​ប្រឆាំង​នឹង​ជន​ផ្តាច់ការ ​ដែល​មាន​ឈ្មោះ​ក្រៅ​ថា​ក្រុមអាវ​ក្រហម។ លោក​បាន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា​ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​នៅ​ប្រទេស​ថៃ​កាល​ពី​ខែឧសភា​ឆ្នាំ​២០១៤។ លោក​បាន​បន្ត​រិះ​គន់​ក្រុម​យោធា​និង​រដ្ឋាភិបាល​ជា​ញឹក​ញាប់​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​ បើទោះ​បី​ជា​លោក​រស់​នៅ​នីរទេស​ខ្លួន​ហើយ​ក៏ដោយ។ កាលពីថ្ងៃ​ទី៣​មិថុនា​លោក​បាន​បង្ហោះ​វីដេអូឃ្លីប​មួយ​តាមហ្វេសប៊ុក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា រំលងបាន៣ថ្ងៃ មកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះស្រាប់តែមានកាសែតថៃបានចុះផ្សាយថាលោក ត្រូវបានគេចាប់ពង្រាត់នៅរាជធានីភ្នំពេញតែម្តងទៅ៕

Share

Image
Image
Image