en     km
en     km

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ពាក់មួក​សុវត្ថិភាព​ នៅ​ខេត្ត​កំពង់ស្ពឺ​

Share

cover-AIP-at-kampong-speu

កំពង់ស្ពឺ៖  អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ បាន​ប្រារព្ធ​ពិធី​ផ្តើម​យុទ្ធនាការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​ ក្នុង​គោលបំណង​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមករា​ ដើមឆ្នាំ​ ២០១៦​។​

ការ​ប្រារព្ធ​ពី​ធី​នេះ​ ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ អង្គ​សេរី​ ស្ថិត​នៅ​សង្កាត់​ សុពណ៌​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃ​ពុធ​ ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ដោយ​មាន​អ្នក​សារ​ព័ត​មាន​ចូលរួម​ ប្រមាណ​ជា​៤០​ស្ថាប័ន​ ពី​រាជធានី​ភ្នំពេញ​។​

​យុទ្ធនាការ​របស់​អង្គការ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ក៏​លើកកម្ពស់​ការ​យល់​ដឹង​ និង​គាំទ្រ​ឱ្យ​កុមារ​ពាក់មួក​សុវត្ថិភាព​ ក្នុង​ពេល​ធ្វើ​ដំណើរ​ផង​ដែរ​ ដើម្បី​បង្ការ​ការ​រង​របួស​ក្បាល​ ការពារ​អាយុជីវិត​របស់​ពួក​គេ​ពី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​។​

​លោក​ ស៊ឹ​ម​ សុផល​ ប្រធាន​គ្រប់គ្រង​កម្មវិធី​អប់រំ​តាម​គ្រឹះស្ថានសិក្សា​របស់​អង្គការ​មូលនិធិ​ បង្ការ​របួស​អាស៊ី​ ថ្លែង​ឱ្យ​ដឹង​ថា​ ក្រៅពី​សកម្មភាព​ចែក​មួក​សុវត្ថិភាព​ ដល់​សិស្សានុសិស្ស​នៅ​ សាលា​បឋម​សិក្សា​ ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ អង្គ​សេរី​ ពេល​នេះ​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ក៏​មានកម្ម​វិធី​អប់រំ​ក្រៅ​ថ្នាក់​ និង​កម្មវិធី​អប់រំ​មួយ​ចំនួន​នៅ​តាម​ទីធ្លា​សាលា​ ក៏​ដូច​ជា​នៅ​ថ្នាក់រៀន​ ជុំវិញ​សារៈសំខាន់​នៃ​មួក​សុ​ត្ថិ​ភាព​ និង​របៀប​ពាក់មួក​សុវត្ថិភាព​ដែល​ត្រឹមត្រូវ​ ជូន​ដល់​សិ​ស្សា​នុ​សិស្ស​ផង​ដែរ​។​

​«​បាទ​!​ ថ្ងៃនេះ​ពួក​យើង​មានកម្ម​វិធី​ផ្ដល់​ម​មូ​ក​សុវត្ថិភាព​បន្ថែម​ជូន​ដល់​សិស្សានុសិស្ស​ ដែល​គាត់​ចូល​មក​ថ្មី​ ហើយ​និង​សិស្សានុសិស្ស​មួយ​ចំនួន​ ដែល​គាត់​ផ្លាស់​ពីសា​លា​ផ្សេង​ មក​សាលា​នេះ​ បាទ​។​ ចឹ​ង​ មួក​ដែល​យើង​ផ្ដល់​ជូន​មាន​ ១៧០​ មួក​ សម្រាប់​បន្ថែម​ពីលើ​ឆ្នាំ​ចាស់​ ដែល​យើង​បាន​ ចែក​ជូន​ជាង​ ៦០០​ មួក​ ពី​ឆ្នាំ​ចាស់​រួច​មក​ហើយ​»​។​

​លោក​ ស៊ឹ​ម​ សុផល​ មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ថែម​ថា​ តាម​រយៈ​ឆ្នាំ​សិក្សា​កន្លង​មក​ ដែល​អង្គការ​ មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ បាន​អនុវត្ត​យុទ្ធនាការ​អប់រំ​ និង​ចែកចាយ​មួក​សុ​ត្ថិ​ភាព​ ជូន​ដល់​សាលា​អង្គ​សេរី​កន្លង​មក​ឃើញ​ថា​ ការ​អនុវត្ត​ការ​ពាក់មួក​សុវត្ថិភាព​ដល់​សាលា​នេះ​ មាន​ភាពល្អ​ប្រសើរ​ ដោយ​លទ្ធផល​ឃើញ​មាន​អ្នក​អនុវត្ត​តាម​ប្រមាណ​ ៩៤%​  ដែល​បាន​ ពាក់មួក​សុវត្ថិភាព​។​

«​ពួក​ខ្ញុំ​បាន​ធ្វើការ​សិក្សា​ ហើយ​បាន​សម្ភាសន៍​ជាមួយ​គាត់​ផ្ទាល់​ ភាគច្រើន​គឺ​ គាត់​ថា​ គាត់​ភ្លេច​។​ បាទ​!​ ទី​មួយ​ គាត់​ថា​ គាត់​ភ្លេច​ ហើយ​សំខាន់​មួយទៀត​នោះ​គឺ​ ភាគច្រើន​គឺ​សិស្ស​ វ័យ​ថ្នាក់​ទី​៦​ ដែល​គាត់​ដល់​វ័យ​ ដែល​គាត់​ចម្រើន​វ័យ​ ហើយ​ក៏​គាត់​ចាប់ផ្ដើម​គិត​ពី​សម្រស់​ របស់​គាត់​ ពី​ម៉ូត​សក់​របស់​គាត់​ ចឹ​ង​គាត់​បដិសេធ​អត់​ពាក់​ ហើយ​រហូត​ដល់​ពេល​ខ្លះ​គាត់​ ហ៊ាន​ឆ្លើយ​តប​ថា​ គាត់​ឱ្យ​មួក​មក​វិញ​ គាត់​អត់​ពាក់​ទេ​ ហើយ​ណាមួយ​វ័យ​ធំៗ​ចឹ​ង​ គឺថា​គាត់​ ពាក់​ទៅ​ អ្នក​ដទៃ​ជិតខាង​ផ្ទះ​ គាត់​អត់​ពាក់​ ធ្វើ​ឱ្យ​គេ​ចំអែត​ចំអន់​គាត់​ បង្អាប់​គាត់​ ចឹ​ង​ជា​ មូលហេតុ​ធ្វើ​ឱ្យ​គាត់​អត់​ពាក់មួក​សុវត្ថិភាព​ទៅ​។​ តែ​ដោយឡែក​ក្មេងៗ​ ចាប់ពី​ទី​១​ ដល់ទី​៥​ គាត់​ រក្សា​មួក​សុវត្ថិភាព​បាន​ ហើយ​គាត់​ពាក់​ជា​រៀង​រាល់ពេល​គាត់​ធ្វើ​ដំណើរ​»​។​

​សូម​ជម្រាប​ដែរ​ថា​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​។​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​  បាន​ចុះ​អប់រំ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ ក៏​ដូច​ជា​ចុះ​ចែកចាយ​មួក​សុវត្ថិភាព​បាន​ជាង​ ១​ម៉ឺន​ ៧​ពាន់​ មួក​  នៅ​សាលា​តាម​រាជធានី​-​ខេត្ដ​ ចំនួន​បី​ រួម​មាន​រាជធានី​ភ្នំពេញ​  ខេត្តកណ្ដាល​ និង​ខេត្ត​កំ​ពង​ស្ពឺ​។​

​សម្រាប់​ឆ្នាំ​នេះ​ដែរ​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ មាន​គម្រោង​ចុះ​ចែក​មួក​សុវត្ថិភាព​ ដល់​ទៅ​ជាង​ ៥​ពាន់​ មួក​ សម្រាប់​ខេត្ត​ទាំង​បី​ខាងលើ​ផង​ដែរ​។​

គួរ​បញ្ជាក់​ទៀត​ថា​ ក្រៅពី​យុទ្ធនាការ​ចែក​មួក​ជូន​ទៅ​ដល់​សិស្សសាលា​បឋម​សិក្សា​ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ អង្គ​សេរី​ នៅ​ថ្ងៃ​ទី​២៣​ ធ្នូ​នេះ​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ក៏​បាន​ធ្វើ​ខិតប័ណ្ណ​ ផ្សព្វផ្សាយ​ពី​ច្បាប់​ពាក់មួក​សុវត្ថិភាព​   ជូន​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ជាមួយ​ក្រុមប្រឹក្សា​ផង​ដែរ​៕

Share

Image
Image
Image