en     km
en     km

អង្គការ​ពាក់ព័ន្ធ​ការងារ​ស្ត្រី​លើក​ឡើង​ថា​ ស្ត្រី​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ក្នុង​វិស័យ​នយោបាយ​

Share

cover-for-Women-Rights-Day
​ទិវា​នារី​អន្ដរជាតិ​ លើក​ទី​ ១០៦​ នៅ​ថ្ងៃ​ទី​៨​  មិ​នា​ នឹង​ឈាន​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ខណៈ​នេះ​ក្រុម​អង្គការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ និង​អង្គការ​ដៃគូ​ក្នុងស្រុក​មួយ​ចំនួន​ទៀត​បាន​ប្រារព្ធ​ទិវា​នារី​អន្ដរជាតិ​ ក្រោម​ប្រធានបទ​ “​ខ្ញុំ​បោះ​ឆ្នោត​ឱ្យ​ស្ដ្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​

​វេទិកា​នេះ​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២​ នា​ព្រឹក​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​។​ បើ​តាម​របាយការណ៍​របស់​អង្គការ​លើ​ការងារ​ងារ​ស្ត្រី​ គឺ​បញ្ហា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ដំណើរការ​ឈរឈ្មោះ​ជា​បេក្ខភាព​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បេក្ខជន​ និង​លំដាប់​លេខ​រៀង​នៅ​មាន​កម្រិត​ រួម​ទាំង​បញ្ហា​វប្បធម៌​បិតា​ធិ​ប​តេ​យ្យ​ សង្គម​ និង​បន្ទុក​ការងារ​ផ្ទះ​ បាន​ក្លាយជា​ឧបសគ្គ​សម្រាប់​ស្ត្រី​មិន​អាច​ក្លាយជា​អ្នកតំណាង​រាស្ត្រ​។​ តែ​តំណាង​រាជរដ្ឋាភិបាល​និយាយ​ថា​ ស្ថាប័ន​របស់​រដ្ឋ​ កំពុង​ឱ្យ​តម្លៃ​ទៅ​លើ​ស្ត្រី​ នៅ​ក្នុង​វិស័យ​និ​យោ​បាយ​។​

​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖​

ទិវា​នារី​អន្ដរជាតិ​លើក​ទី​ ១០៦​ នឹង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ក្រុម​អង្គការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​បាន​លើក​ឡើង​ថា​ តំណាង​ស្ត្រី​មាន​ចំនួន​តិចតួច​ក្នុង​ជួរ​រដ្ឋាភិបាល​រដ្ឋសភា​និង​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ ហើយ​ពួក​គេ​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​ស្ត្រី​ឱ្យ​ក្លាយជា​អ្នកតំណាង​រាស្ត្រ​មាន​ចំនួន​ស្មើនឹង​បុរស​ដែរ​។​

លោក ម៉ម សម្បត្តិ
លោក ម៉ម សម្បត្តិ

លោក​ ម៉​ម​ សម្បត្តិ​ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ និង​ជា​អនុប្រធាន​ គណៈកម្មាធិការ​ដឹកនាំ​នៃ​ គ​.​ស​.​ន​ បាន​លើក​ឡើង​ក្នុង​វេទិកា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២​ មិ​នា​នេះ​ថា​ ស្ត្រី​ត្រូវ​បាន​រាំងស្ទះ​ក្នុង​ការ​ក្លាយជា​អ្នកនយោបាយ​ ដោយសារ​ ដំណើរការ​ឈរឈ្មោះ​ជា​បេក្ខភាព​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បេក្ខជន​ និង​លំដាប់​លេខ​រៀង​នៅ​មាន​កម្រិត​ រួម​ទាំង​បញ្ហា​វប្បធម៌​បិតា​ធិ​ប​តេ​យ្យ​ វប្បធម៌​សង្គម​ និង​បន្ទុក​ការងារ​ផ្ទះ​ធ្លាក់​ទៅ​លើ​ស្ត្រី​ជាដើម​។​

លោក​ រំពឹង​ថា​  ការ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​ស្ត្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ នៅ​ឆ្នាំ​ ២០១៧​ នឹង​មានការ​កើនឡើង​។​ លោក​ ម៉​ម​ សម្បត្តិ​ និយាយ​ថា​៖​ «​ចំណេះដឹង​ ឧបសគ្គ​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​បញ្ហា​ ដែល​ធ្វើ​បុរស​នៅ​តែ​ធ្វើ​ជា​អ្នកធ្វើការ​សម្រេចចិត្ត​ខ្ពស់​ និង​បញ្ហា​ស្ត្រី​មិន​ត្រូវ​បាន​យក​មក​ដោះស្រាយ​បាន​ពេញលេញ​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​ជាក់ស្តែង​»​។​

បើ​តាម​របាយការណ៍​របស់​អង្គការ​លើ​ការងារ​ងារ​ស្ត្រី​ ស្ត្រី​មាន​ជាង​ ៥២%​ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ១៤​ លាន​នាក់​ ដែល​ជា​កម្លាំង​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​សម្រាប់​ជាតិ​។​

អ្នកស្រី​ ធីតា​ ឃឹះ
អ្នកស្រី​ ធីតា​ ឃឹះ

ជាមួយ​គ្នា​នេះ​ដែរ​ នាយ​កា​ប្រតិបត្តិ​អង្គការ​សីល​ការ​ អ្នកស្រី​ ធីតា​ ឃឹះ​ បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ ជំរុញ​ស្ត្រី​ឱ្យ​ក្លាយជា​អ្នកនយោបាយ​ស្មើ​ទៅ​និង​ចំនួន​ ៥០%​ ស្មើ​ទៅ​នឹង​អ្នកនយោបាយ​បុរស​ ខណៈ​រដ្ឋាភិបាល​សន្យា​ថា​នឹង​បញ្ចូល​ស្ត្រី​នៅ​ក្នុង​ថ្នាក់ដឹកនាំ​ចំនួន​ ៣០%​ ក្នុងឆ្នាំនេះ​ ប៉ុន្តែ​ចំនួន​នេះ​អង្គការ​សង្គម​ស៊ី​វិល​អះអាង​មិន​ទាន់​ធ្វើ​បាន​ឡើយ​។​

អ្នកស្រី​ ធីតា​ ឃឹះ​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​រំពឹង​ថា​ គណបក្ស​នយោបាយ​ ទាំង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ទទួលយក​នៅ​គោលការណ៍​នេះ​ ព្រោះ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​សម្រាប់​ឆ្នាំ​ ២០៣០​គឺ​ ការ​គ្រប់គ្រង​ឱ្យ​បាន​ ៥០​ និង​ ៥០​ ហេតុ​អ្វី​បាន​ត្រូវការ​ ៥០​ និង​ ៥០​ ព្រោះ​ធ្វើ​ឱ្យ​ការ​សម្រេចចិត្ត​មាន​តុ​យ​ភាព​រវាង​បុរស​និង​ស្ត្រី​។​ ស្ត្រី​យកចិត្តទុកដាក់​ច្រើន​ទៅ​លើ​សង្គមកិច្ច​ ទៅ​លើក​រឿង​កូនចៅ​ រឿង​អប់រំ​ ដែល​ចេញពី​ក្នុង​ចិត្ត​របស់​ស្ត្រី​សម្រាប់​ជួយ​ប្រទេស​ជាតិ​ សង្គម​ និង​គ្រួសារ​»​។​

The-Chhunhak (by Thou Vireak)
លោក​ ថេ​ ឈុ​ន​ហាក់

ជុំវិញ​បញ្ហា​នេះ​ លោក​ ថេ​ ឈុ​ន​ហាក់​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ នៃ​ក្រសួង​កិច្ចការ​នារី​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ឱ្យ​តម្លៃ​ទៅ​លើ​ស្ត្រី​ នៅ​ក្នុង​វិស័យ​និ​យោ​បាយ​ រួម​ទាំង​សុខ​មា​ភាព​ស្ត្រី​ និង​សុវត្ថិភាព​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ​ផង​ដែរ​។​

លោក​ មាន​ប្រសាសន៍​ថា​៖​ «​ក្នុង​នាម​ជា​ខ្ញុំ​ជា​បុរស​ ខ្ញុំ​និយាយ​ជា​ផ្ទាល់ខ្លួន​ ខ្ញុំ​អាច​និយាយ​បាន​ថា​បុរស​កម្ពុជា​សំណាង​ជា​បុរស​ផ្សេង​ទៀត​ ទោះបីជា​ស្ត្រី​ គាត់​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ ក្នុង​វិស័យ​ប្រាក់​ចំណូល​ផ្សេងៗ​ក៏​ដោយ​ តែ​ខ្ញុំ​មិន​ជឿ​ថា​ស្ត្រី​ទាំងអស់​ ឬ​ក៏​ស្ត្រី​ភាគច្រើន​ឱ្យ​បុរស​ចែករំលែក​ការងារ​ផ្ទះ​ស្មើគ្នា​ ជាមួយ​គាត់​ដែរ​ ប៉ុន្តែ​បុរស​ត្រូវ​តែ​ចែក​សំណាង​រំ​លែង​ទៅ​ឱ្យ​ស្ត្រី​ ទៅ​ឱ្យ​សមាជិក​យើង​វិញ​ មាន​ន័យ​អ​ញ្ចឹ​ង​បាទ​»​។​

ប្រធានបទ​សម្រាប់​ទិវា​នារី​អន្តរជាតិ​ ៨​ មិ​នា​ ដែល​ក្រុម​អង្គការ​លើ​ការងារ​ងារ​ស្ត្រី​និយាយ​ពី​៖​  «​អបអរ​ទិវា​នារី​អន្ដរជាតិ​ ៨​ មិ​នា​ លើក​ទី​ ១០៦​ ក្រោម​ប្រធានបទ​ “​ខ្ញុំ​បោះ​ឆ្នោត​ឱ្យ​ស្ដ្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​ នឹង​រួមចំណែក​លើក​ស្ទួយ​សមភាព​យេ​ន​ឌ័​រ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។​

​បើ​តាម​របាយការណ៍​មួយ​របស់​ គណៈកម្មាធិការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​គឺ​ នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ មាន​ចំនួន​ស្ត្រី​ជាង​ ២​ ពាន់​នាក់​ ស្មើនឹង​ ១៧.៧៨%​ នៅ​ក្នុង​ចំណោម​ស្ត្រី​ជាង​ ១១៤០០​ នាក់​ កាលពី​ឆ្នាំ​ ២០១៤​ ហើយ​ស្ត្រី​មាន​ចំនួន​តិច​តូច​ក្នុង​មុខ​តំណែង​ជា​មេឃុំ​ ចៅសង្កាត់​មាន​ចំនួន​ ៥.៨១%​  ស្ត្រី​ជា​ជំ​នប់​ទី​១​ មាន​ចំនួន​១១.៥៧%​ និង​ជំ​នប់​ទី​២​ មាន​១០.០៤%៕

for-Women-Rights-Day

Share

Image
Image
Image