ភ្នំពេញ ៖ អង្គការចំនួន ៣ បានចុះអនុស្សរណៈជាមួយក្រសួងសង្គមកិច្ច ក្រោមទំហំទឹកប្រាក់ចំនួនជាង២លានដុល្លារ សម្រាប់គម្រោង ៣ឆ្នាំ ក្នុងការជួយដល់កុមារ ស្ដ្រីរងគ្រោះ និងជនងាយរងគ្រោះ។ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បង្ហាញការសាទរ និងអះអាងថា រដ្ឋាភិបាលស្វាគមន៍គ្រប់បណ្ដាអង្គការទាំងអស់ ដែលមានបំណងចូលរួមជួយដល់កម្ពុជា ពិសេសលើកិច្ចការសង្គមកិច្ច។ អង្គការទាំង៣នេះ រំពឹងថា នឹងអាចអនុវត្ដគម្រោងនេះដោយជោគជ័យ ក្នុងការជួយកុមាររងគ្រោះ ស្ដ្រីរងគ្រោះ និងជនងាយរងគ្រោះ។
លោក លៀ ស៊ីណា រាយការណ៍លម្អិត ៖
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការចំនួន៣ ស្ដីពីការសហការផ្ដល់ការគាំទ្រ ជួយដល់កុមាររងគ្រោះ ស្ដ្រីរងគ្រោះ និងជនងាយរងគ្រោះ នៅទូទាំងប្រទេស។ អង្គការទាំង ៣នេះ គឺមានទំហំទឹកប្រាក់សរុប ចំនួនជាង ២លានដុល្លារ ដើម្បីធ្វើកិច្ចការនេះ រយៈពេល ៣ឆ្នាំ។
អង្គការសង្គមស៊ីវិលទាំង ៣នេះ រួមមាន អង្គការហូលថ៍ដើម្បីសុខុមាលភាព អង្គការពន្លឺកម្ពុជា និងអង្គការជំហានដំបូងកម្ពុជា។ ទំហំទឹកប្រាក់ដែលអង្គការទាំងបីនេះមាន មានផ្សេងៗគ្នា ប៉ុន្ដែគឺសម្រាប់គម្រោង រយៈពេលបីឆ្នាំដូចគ្នា។ អង្គការហូលថ៍ដើម្បីសុខុមាលភាព គឺមានទឹកប្រាក់ចំនួន ៣៦ម៉ឺនដុល្លារ អង្គការពន្លឺកម្ពុជា ៧ ៩ ១១៦៨ដុល្លារ និងអង្គការជំហានដំបូងកម្ពុជា គឺមានទឹកប្រាក់ប្រមាណជា ៨ ៥ ៤៨៣១ដុល្លារ។
លោក វង់ សូត្រ រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍នៅក្នុងឱកាសនេះថា រហូតមកដល់ពេលនេះ ក្រសួងបានសហការជាមួយបណ្ដាអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្ដរជាតិ បានជាច្រើនបន្ដបន្ទាប់។ លោកបន្ដថា ដៃគូអភិវឌ្ឍន៍ គឺជាចំណែកមួយដ៏សំខាន់ដើម្បីជួយឲ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខ និងជាពិសេសការជួយដល់កុមាររងគ្រោះ ស្ដ្រីរងគ្រោះ និងជនងាយរងគ្រោះគ្រប់រូប។ តែយ៉ាណាលោករដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា រាល់ការមកជួយដល់កម្ពុជា ទាំងអង្គការជាតិ និងអន្ដរជាតិ ត្រូវតែគោរពឲ្យបានត្រឹមត្រូវនូវច្បាប់របស់កម្ពុជា ហើយពិសេស គឺមិនត្រូវ យកកិច្ចសង្គមកិច្ចទៅលាយឡំ និងរឿងនយោបាយនោះទេ ៖«ដូច្នេះក្នុងនាមក្រសួងសង្គមកិច្ចដែលជាម្ចាស់ផ្ទះយើងរីករាយ ទទួលស្វាគមន៍រាក់ទាក់ខាងដៃគូអភិវឌ្ឍន៍ អង្គការអភិវឌ្ឍន៍ដើម្បីមកជួយនូវការលំបាករបស់យើងខ្ញុំ។ ឬបំពេញបន្ថែមទៀតនូវសេវាដែលល្អឲ្យកាន់តែល្អថែមទៀតនៅក្នុងវិស័យសង្គមកិច្ចរបស់យើងខ្ញុំ»។
ជាមួយគ្នានេះ លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការនាពេលនេះរួមគ្នា ដើម្បីធ្វើការងារជួយដល់ការអប់រំ ការសិក្សា និងអភិវឌ្ឍន៍កុមារងាយរងគ្រោះនៅកម្ពុជា ជាពិសេសនៅតំបន់ដាច់ស្រយាល និងជួយដល់ កុមារកំព្រា កុមារក្រីក្រ និងកុមារដែលរងគ្រោះ ដោយសារអំពើហិង្សា។ សម្រាប់ក្រសួងសង្គមកិច្ចវិញ គឺនៅតែស្វាគមន៍ជានិច្ច ជាមួយដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះជាកុមារ និងស្ដ្រី នៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។ លោកលើកឡើងទៀតថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៣នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។ លោកបានស្នើឲ្យក្រុមការងារទាំងអស់ធ្វើការងារនេះ ដោយភាពស្មោះត្រង់ ដើម្បីជួយដល់សង្គមកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានោះ លោកបានស្នើដល់អង្គការទាំង៣នេះ ត្រូវប្រើប្រាស់ថវិកាទាំងនេះឲ្យចំទិសដៅដល់ជនរងគ្រោះ និងងាយរងគ្រោះផ្ទាល់ ឲ្យបានច្រើនជាងការចំណាយផ្នែករដ្ឋបាល។ ជាងនេះលោកថា អង្គការទាំង ៣នេះ ត្រូវអនុវត្តគោរពទៅតាមការចុះកិច្ចព្រមព្រៀង មានភាពស្មោះត្រង់ក្នុងការជួយសង្គមកម្ពុជាយ៉ាងពិតប្រាកដ។
ជុំវិញការសហការនេះ សម្រាប់លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ដែលជាស្ដ្រីឈានមុខក្នុងការទាមទារឲ្យមានបេក្ខភាពស្ដ្រីក្នុងវិស័យនយោបាយ មានប្រសាសន៍ថា បើទោះជាលោកស្រីហាក់មិនសូវបានដឹងច្បាស់ពីគម្រោងសហការរវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលក៏បដោយ ក៏ប៉ុន្ដែលោកស្រីគិតថា អាចល្អប្រសិនបើគម្រោងនោះអនុវត្ដទៅបានល្អ ហើយគ្មានការចូលកកូរកកាយពីរដ្ឋាភិបាល។
ជាងនេះលោកស្រីគិតថា ប្រសិនបើថវិកាទាំងនោះជារបស់រដ្ឋាភិបាល អាចល្អជាងរបស់អង្គការសង្គមស៊ីវិល ៖«យើងដឹងហើយថា ធនធានដែលបានហ្នឹងមកពីណា តែបើជារបស់រដ្ឋាភិបាលគឺជារឿងមួយល្អ ពីព្រោះវាមានចីរភាពសម្រាប់កម្មវិធីដែលជួយហ្នឹងណា។ ព្រោះការងារខាងផ្នែកសេវាគឺជាតួនាទីកាតព្វរបស់រដ្ឋាភិបាល។ សង្គមស៊ីវិលមែនទែនទៅ តួនាទីត្រឹមតែអ្នកចាប់ផ្ដើមជួយជំរុញនិងផ្ដល់ព័ត៌មានត្រឡប់»។
ដូចគ្នាដែរលោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GAD/C យល់ឃើញថា ក្នុងករណីដែលអនុវត្ដគម្រោងបែបនេះគឺជារឿងដែអាចមានប្រសិទ្ធិភាព ហើយផលប្រយោជន៍គឺអាចនឹងបានដល់ដៃ កុមារ ស្ដ្រីរងគ្រោះ និងជនងាយរងគ្រោះ។
បច្ចុប្បន្ននេះលោកស្រី សុភាព នៅតែមានកង្វល់ជាខ្លាំងនៅឡើយពីបញ្ហាការប្រើហិង្សាលើកុមារ លើស្ដ្រី ទាំងផ្លូវកាយ និងផ្លូវភេទ។ លោកចង់បានឃើញរដ្ឋាភិបាល អនុវត្ដជាក់ស្ដែងនូវយន្ដការដែលមាននៅក្នុងការជួយដល់ស្ដ្រី កុមារ ដែលរងគ្រោះព្រោះហិង្សា ហើយផ្ដល់យុត្ដិធម៌សម្រាប់ពួកគាត់ ៖«ជារៀងរាល់ថ្ងៃអំពើរំលោភសេពសន្ថវៈទៅលើកុមារ ហើយនិងសម្លាប់ហ្នឹងវាហាក់ដូចជា សាហាវដែរ ប៉ុន្ដែជាទូទៅយើងអត់សូវបានដោះស្រាយឲ្យមានយុត្ដិធម៌ដល់ជនរងគ្រោះ និងគ្រួសារ ទេហើយកើតមាននៅតែកើតមានអញ្ចឹង»។
យ៉ាងណាក្នុងឱកាសចុះអនុស្សរណៈជាមួយក្រសួងសង្គមកិច្ចនោះ តំណាងអង្គការទាំង៣នោះ បានប្ដេជ្ញាថា ខ្លួននឹងខិតខំធ្វើយ៉ាងណាជួយដល់កុមារ និងស្ត្រីរងគ្រោះ និងាយរងគ្រោះនៅកម្ពុជា ឲ្យបានច្រើនបំផុត។ អង្គការទាំង៣ រំពឹងថា នឹងបន្តការសហការ ជាមួយក្រសួងឲ្យបានល្អថែមទៀត ហើយនឹងយកថវិកាទាំងនោះ ទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុត៕