en     km
en     km

អង្គការសិទ្ធិមនុស្ស​កម្ពុជា​៖​ឆ្នាំ​២០១៦​ ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​នៅ​តែ​មានការ​កើនឡើង​ដូច​ឆ្នាំ​២០១៥​ ដដែល​(មានសំឡេង)

Share

​ភ្នំពេញ​៖​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាង​ថា​ ស្ថានភាព​ស្ដ្រី​ដែល​រង​គ្រោះ​ដោយ​អំពើ​រំលោភ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​កាលពី​ឆ្នាំ​២០១៥​ ដដែល​ហើយ​រូបភាព​នៃ​ហិង្សា​ និង​ការ​រំលោភ​សេពសន្ថវៈ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​គឺ​មាន​សភាព​កាន់តែ​សាហាវ​និង​ឃោ​ឃៅ​ខ្លាំង​។

miss​ករណី​នេះ​អង្គការ​សង្គម​ស៊ី​វិល​ទទូច​ដល់​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​សង្គម​ត្រូវ​តែ​យកចិត្ដ​ទុក​ករណី​ហិង្សា​និង​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ឲ្យ​បាន​កាន់តែ​ខ្លាំង​ជាង​បន្ថែម​ទៀត​។​
​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ដ្រី​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ ដឹង​តាម​រយៈ​បទ​សម្ភាសន៍​នៅ​ថ្ងៃ​ ពុធ​ ទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​ថា​ បើ​តាម​ការ​សិក្សា​រយៈពេល​មួយ​ឆ្នាំ​មកនេះ​ គឺ​ស្ដ្រី​នៅ​តែ​រង​គ្រោះ​ធ្ងន់ធ្ងរ​ដដែល​ករណី​រំលោភ​សេពសន្ថវៈ​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ លោកស្រី​បន្ដ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​គឺជា​រឿង​ចាំបាច់​ដែល​មន្ដ្រី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​បង្កើន​ការ​យកចិត្ដ​ទុក​ដោយ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ស្ដ្រី​នៅ​តែ​ជា​ជន​រង​គ្រោះ​បន្ដ​ទៀត​ទេ​។​ លើស​ពី​នេះ​លោកស្រី​ថា​ កាលណា​បើ​ស្ដ្រី​ត្រូវ​បាន​រង​អំពើ​រំលោភ​សេពសន្ថវៈ​នោះ​នឹង​ធ្វើ​ឲ្យ​ស្ដ្រី​បាត់បង់​តម្លៃ​ក្នុង​សង្គម​។​

chorn-sokunthea
លោកស្រី ឆន សុគន្ធា
លោក​ ស្រី​ ឆ​ន​ សុ​គ​ន្ធា​៖«​ជន​រង​គ្រោះ​ខ្លះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ​ហ្នឹង​ទទួល​ការ​រើសអើង​ពី​សមា ជិក​សហគមន៍​ផ្សេង​ទៀត​ធ្វើ​ឲ្យ​គាត់​មានការ​ខ្មាស់​អៀន​អ្នក​ដទៃ​ ហើយ​អ្នកខ្លះ​គាត់​អាច​ចំណាក​ទៅ​ក្រៅ ប្រទេស​ព្រោះ​គាត់​យល់​ឃើញ​ថា​ ក្ដី​សង្ឃឹម​នៃ​យុត្ដិធម៌​របស់​គាត់​នៅ​ឆ្ងាយ​ពេក​»​។​

យ៉ាងណា​ក៏​ដោយ​ប្រធាន​ផ្នែក​ស្ដ្រី​និង​កុមារ​របស់​សមា​គ​ការពា​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទទូច​ថា​ ដើម្បី​ធ្វើ​ឲ្យ​អំពើ​រំលោភ​សេពសន្ថវៈ​និង​អំពើ​ហិង្សា​លើ​ស្ដ្រី​ត្រូវ​បាន​លុប​បមបាត់​គឺ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ចូលរួម​ចំណែក​បញ្ឈប់​ការ​រើសអើង​លើ​ស្ដ្រី​។​ លើស​ពី​នេះ​គឺ​អាជ្ញាធរ​មូលដ្ឋាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ពលរដ្ឋ​ដោយ​ផ្ទាល់​ក្នុង​សហគមន៍​ដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​ការ​គាំពារ​ដល់​ស្ដ្រី​។​ លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​៖«​ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​យើង​ត្រូវ​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ទៅ​ដល់​សមាជិក​សហគមន៍​អំពី​ផល​ប៉ះ ពាល់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​អំពើ​រំលោភ​សេពសន្ថវៈ​ អ​ញ្ចឹ​ង​គាត់​ [​សមត្ថកិច្ច​]​ ជា​មនុស្ស​សំខាន់​នៃ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានដឹង​ពី​ផលវិបាក​ទាំងអស់​ហ្នឹង​»​។

​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​អំពើ​រំលោភ​សេពសន្ថវៈ​កើតឡើង​លើ​ស្ដ្រី​ហាក់​មាន​រូបភាព​កាន់តែ​សាហាវ​ និង​ព្រៃផ្សៃ​ជាង​កាលពី​បណ្ដា​ឆ្នាំ​មុនៗ​មិន​ថា​ តែ​ក្នុង​សង្គម​គ្រួសារ​ និង​សង្គម​ទូទៅ​នោះ​ទេ​។​ លើស​ពី​នេះ​យុត្ដិធម៌​សង្គម​សម្រាប់​ស្ដ្រី​ក៏​ហាក់​នៅ​តែ​មាន​កម្រិត​តិចតួច​នៅឡើយ​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ មាន​ប្រសាសន៍​ថា​ ជា​ទូទៅ​ពេល​មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​អ្នក​ប្រព្រឹត្ដ​ត្រូវ​បាន​ទទួលទោស​ក៏​ប៉ុន្ដែ​ជា​និច្ច​ជា​កាល​គេ​នៅ​តែ​ឃើញ​ជន​ប្រព្រឹត្ដ​មាន​សេរីភាព​អាច​ដើរហើ​នៅ​ក្រៅ​ពន្ធនាគារ​ដដែល​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ដ្រីជន​រង​គ្រោះ​ពេល​ខ្លះ​មិន​ហ៊ាន​ទៅ​រក​អន្ដរាគមន៍​ពី​សមត្ថកិច្ច​។​ ជាង​នេះ​លោក​ស្ដ្រី​យល់​ឃើញ​ថា​ ស្ដ្រី​ដែល​ទទួល​រង​អំពើ​រំលោភ​សេពសន្ថវៈ​នេះ​អាច​នឹង​ប្រឈម​កើត​វិបត្ដិ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ណាស់​ដល់​សង្គម​ និង​ការ​អភិវឌ្ឍ​។​ លោកស្រី​ រស់​ សុភាព​៖«​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​សង្គម​ ពីព្រោះ​មនុស្ស​រង​ការ​រំលោភ​សេពសន្ថវៈ​គឺ​ធ្វើ​ឲ្យ​មនុស្ស​ហ្នឹង​មាន​ជំងឺផ្លូវចិត្ដ​ ហើយ​បើ​មាន​ជំងឺផ្លូវចិត្ដ​ហើយ​គឺ​គាត់​នឹង​ពិបាក​ក្នុង​ការ​រកស៊ី​ប្រចាំ​ថ្ងៃ​ ហើយ​បើ​មនុស្ស​ភាគច្រើន​មាន​វិបត្ដិ​ផ្លូវចិត្ដ​គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»​។

​ជាមួយ​គ្នា​នេះ​នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ក៏​ទទូច​ដល់​មន្ដ្រី​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ធ្វើ​យ៉ាងណា​​យកចិត្ដទុកដាក់​អនុវត្ដន៍​ច្បាប់​ និង​ធ្វើ​យ៉ាងណា​ពន្យល់​ពលរដ្ឋ​ជា​ពិសេស​បុរស​ឲ្យ​យល់​ពី​ផលវិបាក​នៃ​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​។​ លោកស្រី​ រស់​ សុភាព​ ក៏​សំណូមពរ​ផង​ដែរ​ដល់​តុលាការ​ថា​ ធ្វើ​យ៉ាងណា​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​អ​ព្យា​ក្រិត​និង​យុត្ដិធម៌​សម្រាប់​ពលរដ្ឋ​។​ លោកស្រី​ រស់​ សុភាព​៖«​សម្រាប់​តុលាការ​ខ្ញុំ​គិត​ថា​ សំខាន់​ទី​១​តុលាការ​ត្រូវ​តែ​ជា​តុលាការ​ឯករាជ្យ​ ទី​២​តុលាការ​ត្រូវ​តែ​ពង្រឹង​នូវ​ប្រព័ន្ធ​យុត្ដិធម៌​របស់​ខ្លួន​ឲ្យ​ទៅ​ជា​តុលាការ​ប្រជាពលរដ្ឋ​ដែល​ពលរដ្ឋ​ទុកចិត្ដ​ជឿជាក់​ថា​ តុលាការ​នេះ​គឺ​យុត្ដិធម៌​សម្រាប់​ឲ្យ​ពួក​គាត់​ទុកចិត្ដ​ប្រើប្រាស់​តុលាការ​»​។​

ros-sopheap
លោកស្រី រស់ សុភាព នាយិកាអង្គកា GADC

​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ដែល​មានការ​កើនឡើង​នេះ​មិន​ថា​តែ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ដ្រី​ទេ​ដែល​ព្រួយបារម្ភ​សូ​ម្បី​មន្ដ្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ស្ដ្រី​ក៏​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​ដែរ​។​

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ពេល​កន្លង​ទៅ​នេះ​ក៏​ បាន​ផ្ដល់​បទ​សម្ភាសន៍​ផង​ដែរ​ថា​ លោកស្រី​គឺ​ពិតជា​មានការ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​នៃ​ចំនួន​ស្ដ្រី​ដែល​ត្រូវ​បាន​រំលោភ​បំពាន​នេះ​។​  បន្ថែម​ពី​ក្ដី​ព្រួយបារម្ភ​នេះ​លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្ដទុកដាក់​លើ​កូនស្រី​របស់​ខ្លួន​ឲ្យ​បាន​ខ្ពស់​ និង​ប្រុង​ប្រ យ័ត្ន​បំផុត​ បើ​យល់​ថា​មាន​ភាព​មិន​ប្រក្រតី​ត្រូវ​តែ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ដើម្បី​បង្កា​បញ្ហា​ឲ្យ​បាន​ទាន់​ពេលវេលា​។​

​សូម​ជម្រាប​ថា​ បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​កាលពី​ឆ្នាំ​ ២០១៥​ ស្ថានភាព​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ដដែល​។​ ដែល​ក្នុង​នោះ​ករណី​ជួញដូរ​កម្លាំង​ពលកម្ម​ និង​ការ​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​មាន​ចំនួន​ ១៣៧​ករណី​ ការ​ជួញ ដូរ​ផ្លូវភេទ​ចំនួន​ ៦​ករណី​ អំពើ​រំលោភ​សេពសន្ថវៈ​ចំនួន​ ២៣៨​ករណី​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ចំនួន​ ១៣៨​ករណី​។​ តាម​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​សង្កត់ធ្ងន់​ថា​ ស្ថានភាព​ហិង្សា​លើ​ស្ត្រី​ នៅ​ឆ្នាំ​២០១៦​នេះ​មិន​មាន​អ្វី​ថមថយ​ចុះ​ទេ​ ហើយ​រូបភាព​វិញ​ក៏​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​២០១៥៕​

Share

Image
Image
Image