en     km
en     km

អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញភាគីពាក់ព័ន្ធស្វែងរកសំណងសមរម្យឱ្យពលរដ្ឋព្រលានយន្តហោះថ្មី

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលជាង ៣០ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញ ដោយជំរុញដល់ភាគីក្រុមហ៊ុន និងអាជ្ញាធរផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋព្រលានយន្តហោះថ្មី ដើម្បីឈានទៅបញ្ចប់ជម្លោះដ៏រុំារ៉ៃមួយនេះ។

ជាងនេះអង្គការសង្គម ស្នើឱ្យអាជ្ញាធារជៀសវាងការប្រើរូបភាពបង្ខិតបង្ខំដល់ពលរដ្ឋឱ្យយល់ព្រមចុះកិច្ចព្រមព្រៀង​ណាមួយ ហើយត្រូវរក្សាឱ្យបាននូវគោលការណ៍គោរពសិទ្ធិមនុស្សសម្រាប់គ្រប់ភាគី។

អង្គការទាំង ៣០ កត់សម្គាល់ឃើញថា គោលការណ៍សំណងដែលកំណត់ដោយខាងក្រុមហ៊ុននិងអាជ្ញាធរ ហាក់នៅដាច់ឆ្ងាយពីតម្លៃទីផ្សារបច្ចុប្បន្ន ដែលពលរដ្ឋមិនអាចយកសំណងនេះទិញដីផ្សេងទំហំប៉ុនគ្នានៅក្បែរភូមិ ឃុំ ឬនៅក្បែរទីតាំងអភិវឌ្ឍន៍ព្រលានយន្តហោះបាននោះទេ។

រូបភាពពលរដ្ឋទៅរកដំណោះស្រាយកាលពីពេលកន្លងទៅនៅសាលាស្រុកកណ្តាលស្ទឹង។រូបភាពពីហ្វេសប៊ុកប្រជាពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុន OCIC។

 

ក្រៅពីបញ្ហាសំណង អង្គការសង្គមស៊ីវិលទាំង ៣០ស្ថាប័ន ក៏ជំរុញឱ្យភាគីទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវការប្រើហិង្សាដាក់គ្នា ដោយងាកមកចរចាស្វែងរកដំណោះស្រាយរួម ឈរលើផលប្រយោជន៍ និងសេចក្តីត្រូវរបស់ភាគីនីមួយៗ។

ការចេញសេចក្តីថ្លែងការណ៍រួមកម្រាស់បីទំព័រនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាមួយកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ រវាងប្រជាពលរដ្ឋព្រលានយន្តហោះថ្មីនិងសមត្ថកិច្ច ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋចំនួន៣០នាក់បញ្ជូនទៅស្នងការខេត្តកណ្តាល តែត្រូវដោះលែងវិញចំនួន ២១នាក់និង ៩នាក់បញ្ជូនទៅតុលាការ។ តែក្រោយមកពលរដ្ឋទាំង ៩ នាក់ដែលក្នុងនោះមានស្រ្តីចំនួន ៤ នាក់ត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តុះអាសន្នកាលពីថ្ងៃទី២០ ខែកញ្ញា។

ជាការកត់សម្គាល់ ទំនាស់រវាងពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៣៣០គ្រួសារ និងក្រុមហ៊ុន OCIC របស់ឧញ៉ា ពុង ឃាវសែ បានអូសបន្លាយរយៈពេលជាង ៣ឆ្នាំមកហើយ។ ប្រជាពលរដ្ឋនៅតែប្រកាន់ជំហរមិនទទួលយកគោលការណ៍ដោះដូរដី និងលក់ដីជូនក្រុមហ៊ុនក្នុងតម្លៃ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ខណៈដីនៅទៅនោះហក់ឡើងជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េទៅហើយ។

ទាក់ទងគោលការណ៍សំណងនេះ ខាងតំណាងក្រុមហ៊ុន OCIC ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ជាជំហររបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ គឺមិនទាន់មានការដំឡើងតម្លៃសំណងលើសពី ៨ ដុល្លារនេះទេ៕

 

Share

Image
Image
Image