en     km
en     km

អង្ករបរទេសច្រកក្នុងសំបកមានរូបអង្គរវត្តរបស់កម្ពុជាត្រូវបានហាមឃាត់និងចាត់ថាល្មើសច្បាប់

Share

អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានប្រកាសថា ការលក់ផលិតផលអង្ករបរទេស ច្រកក្នុងកញ្ចប់ដែលប្រើឈ្មោះ អង្គរវត្ត ថៃ ហំ ម៉ាលី ចាស្មីន រ៉ាយស៍ (Angkor Wat Thai Hom Mali Jasmine Rice) ជាពាណិជ្ជកម្មល្មើសច្បាប់ ព្រោះពុំមានអនុញ្ញតពីកម្ពុជា ហើយថា ការវេចខ្ចប់បែបនេះ ត្រូវបានហាមឃាត់។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទ ទី ១២ ខែកក្កដា បានផ្ដល់ព័ត៌មានថា ខ្លួនបានសហការជាមួយក្រសួងពាណិជ្ជកម្មក្នុងខែកុម្ភៈ ដើម្បីស្រាវជ្រាវលើផលិតផលអង្ករបរទេសខាងលើ ដែលដាក់លក់តាមអ៊ិនធើណិត។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ក្រសួងបានដឹងថា ក្រុមហ៊ុនឈ្មោះ វ៉ូយ៉ាស៍ ឥណ្ឌា (Voyage India) ដែលមានទីតាំងនៅរដ្ឋម៉ាហារ៉ាស្ត្រា (Maharashtra) ក្នុងប្រទេសឥណ្ឌា ជាអ្នកផលិត និងលក់អង្ករនោះ។

អាជ្ញាធរបានសម្រេចឱ្យស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឱ្យក្រុមហ៊ុន Voyage India [វ៉ូយ៉ា ឥណ្ឌា] «បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន»។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលពន្យល់ថា «ទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម»។

ក្រសួងការបរទេសបានរាយការណ៍ឱ្យដឹងអំពីលទ្ធផលនៃចំណាត់ការរបស់កម្ពុជាថា ក្រុមហ៊ុន វ៉ូយ៉ាស៍ ឥណ្ឌា «បានបញ្ឈប់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន»ហើយ។

យោងតាមព័ត៌មាននៅលើកញ្ចប់ជ័រកៅស៊ូ អង្ករឈ្មោះ អង្គរវត្ត ថៃ ហំ ម៉ាលី ចាស្មីន រ៉ាយស៍ ជាផលិតផលរបស់ប្រទេសថៃ ផលិតដោយក្រុមហ៊ុន តាណាសាន រ៉ាយស៍ (Tanasan Rice Co., Ltd) ហើយត្រូវបាននាំចូលនិងផ្សព្វផ្សាយលក់នៅក្នុងប្រទេសឥណ្ឌាដោយក្រុមហ៊ុន វ៉ូយ៉ាស៍ ឥណ្ឌា។ អង្ករនេះឃើញមានលក់ជាអាទិ៍នៅក្នុងផ្សារអនឡាញអាម៉ាហ្ស៊ូន។

ជារឿយៗ រូបភាពនិងឈ្មោះនៃអច្ឆរិយវត្ថុ ក៏ដូចជាសម្បត្តិបេតិកភណ្ឌកម្ពុជា ត្រូវបានក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុននៅប្រទេសវៀតណាមនិងថៃ ដែលជាអ្នកជិតខាងកម្ពុជា យកទៅប្រើប្រាស់នៅលើសំបកវេចខ្ចប់ឬលើទំនិញរបស់ខ្លួន ដូចជាស្បែកជើង ប្រហុក និងអង្ករនេះ៕

Share

Image
Image
Image