en     km
en     km

ហ្វីលីពីន៖ប្រធានាធិបតី ឌូទើតេគម្រាមលាលែងពីតំណែងបើកូនប្រុសរបស់លោកឡើងធ្វើជាប្រធានរដ្ឋសភា

Share

ប្រធានាធិបតីនៃប្រទេសហ្វីលីពីនRodrigo duterteកាលពីថ្ងៃចន្ទទី២៧ឧសភាបានគំរាមថា លោកនឹង ចុះចេញពីតំណែងដ៏កំពូលរបស់ប្រទេសប្រសិនបើកូនប្រុសច្បងរបស់លោកត្រូវបានលើកតម្កើងឱ្យធ្វើជាប្រធានរដ្ឋសភា។

ប្រទេសហ្វីលីពីនកាលពីខែមុននេះបានបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ។ ក្នុងនោះកូនប្រុស របស់លោកម្នាក់គឺលោក ប៉ាវឡូឌូទើតេបានជាប់ឆ្នោតជាសមាជិកសភា។​លោកឌូទើតេមានអាយុ៧៤ ឆ្នាំនៅពេលនេះ  បានប្រាប់កូនប្រុសរបស់លោកម្នាក់នេះថា«បើអ្នកឯងជាប់តំណែងជាប្រធានរដ្ឋសភាគឺ បីថ្ងៃក្រោយមកលោកនឹងលាលែងពីតំណែងប្រធានាធិបតី»។លោកឌូទើតេបានប្រាប់ទៅកាន់កូនទៀតថា« បើ​សិនជាអ្នកឯងប្រកួតប្រជែងយកតំណែងប្រធានរដ្ឋសភានេះគឺយើងជាឪនឹងត្រូវលាលែងពីតំណែង ព្រោះអីគ្រួសាររបស់យើងគឺសុទ្ធតែជាអ្នករដ្ឋការទាំងអស់សូម្បីតែកូនស្រីម្នាក់កាន់តំណែងមួយរួចទៅហើយជាអភិបាលក្រុងដាហ្វូស ហើយកូនប្រុសពៅគេនោះកាន់តំណែងជាអភិបាលរងរបស់ក្រុងនោះរួច ទៅហើយ។ប្រសិនបើអ្នកដណ្ដើមបានប្រធានរដ្ឋសភា ហើយឪជាប្រធានាធិបតីទៀតនោះ គឺវាអាក្រក់ខ្លាំងណាស់នៃការគ្រប់គ្រងអំណាចរដ្ឋរបស់ប្រទេសយើង»។​

លោកឌូទើតេបានធ្វើការព្រមានដូចនេះនៅពេលលោកថ្លែងសុន្ទរកថាមួយនៅឯវិមានប្រធានាធិបតីកាលពីថ្ងៃម្សិលមិញ។លោកឌូទើតេបានព្រមានកូនប្រុសរបស់លោកម្នាក់នេះទៀតថា អ្នកឯងត្រូវចាំសម្ដីរបស់យើង បើមិនស្ដា​ប់យើ​ងទេ យើងស្ដាប់អ្នកឯងទៅចុះ។ លោកឌូទើតេបានឡើងកាន់តំណែងជាប្រធានា​ធិបតីនៃប្រទេសហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៧ ​បន្ទាប់ពីលោកបានឈ្នះឆ្នោតក្នុងឋានៈជាបេក្ខជនប្រធា​នាធិបតីនៃមុខតំណែងដ៏កំពូលនេះ។

លោកឌូទើតេកាលពីថ្មីៗនេះបានបង្ហើបឱ្យដឹងថា កូនស្រីរបស់លោកម្នាក់ បាននិយាយថា នាងនឹងឈរជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២២ ប៉ុន្ដែលោកបានព្រមានកូននោះថា កុំប្រកួតប្រជែងតំណែងនេះឱ្យសោះព្រោះតំណែងនេះកំពូលធំណាស់របស់ប្រទេសហើយការងារលំបាកនិងស្មុគស្មាញណាស់។ លោកថា កូនស្រីរបស់លោកគឺនាង ហ្សារ៉ាឌូទើតេពិតជាមានមហិច្ឆិតាខ្លាំងណាស់ចំពោះតំណែងនេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានThe Strait Times  លោកឌូទើតេមានកូនបីនាក់គឺកូនប្រុសច្បងឈ្មោះ ប៉ាវឡូឌូទើតេបានជាប់ឆ្នោតជាសមាជិកសភាកាលពីថ្មីៗនេះ ហើយនាងហ្សារ៉ាឌូទើតេកំពុងកាន់តំណែងជាអភិបាលក្រុងដាហ្វូស ហើយចំណែកកូនប្រុសពៅជាអភិបាលរងរបស់ក្រុងនោះ។

លោកឌូទើតេបានអះអាងថា លោកមិនដែលលើកទឹកចិត្តដល់កូនៗលោកឱ្យ មានមហិច្ឆិតាកាន់តំណែងរដ្ឋកំពូលនោះទេ។យ៉ាងណាក៏ដោយ បុរសវ័យ៧៤ឆ្នាំរូបនេះ ត្រូវបានអ្នកសង្កេតការណ៍ហ្វីលីពីនមួយចំនួនមើលឃើញថា ជាមេដឹកនាំមានចរិតកោងកាង ឆេវឆាវប៉ុន្ដែស្អាតស្អាំ។ បុរសខ្លាំងនេះ មានឈ្មោះត្រូវឡើងតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC រួចទៅហើយពីបទរំលោភសិទ្ធិមនុស្សដោយសារតែលោកចេញបទបញ្ជាឱ្យមានសង្រ្គាមប្រឆាំងគ្រឿងញៀនដែលផ្ដើមឱ្យមានការសម្លាប់មនុស្សយ៉ាងរង្គាលនៅទូទាំងប្រទេសដែលតាមរបាយការណ៍របស់អង្គការសិទ្ថិមនុស្សយ៉ាងហោចណាស់ជនសង្ស័យជាង១ម៉ឺននាក់ត្រូវបានសម្លាប់។

រដ្ឋាភិបាលរបស់លោកឌូទើតេបានទទួលស្គាល់ថាជនសង្ស័យជាង៤ពាន់នាក់ប៉ុណ្ណោះបានស្លាប់ក្នុងអំឡុងនៃការបង្រ្កាបនេះ។ លោកឌូទើតេ​បានប្រកាសដាច់ខាតថាបើលោកយល់ព្រមឡើងទៅតុលាការICC គឺលោកសុខចិត្តឱ្យអង្គរក្សរបស់លោកបាញ់សម្លាប់លោកចោល។ តែ ICC ចេញដីកាបើកការស៊ើបអង្កេត សំណុំរឿងរបស់លោករួចទៅហើ​យ។ ជាមួយគ្នានេះប្រជាជនហ្វីលីពីនជាពិសេសគ្រួសារ ជនរងគ្រោះ បានថ្កោលទោសមេដឹកនាំរូបនេះយ៉ាងខ្លាំង ហើយបានគម្រាមថានឹងធ្វើការសងសឹ​កនៅថ្ងៃណាមួយ ជាពិសេសនៅពេលដែលលោកអស់អំណាចនៅឆ្នាំ២០២២។ សូមជម្រាបថា អាណត្តិប្រធានាធិបតី ហ្វីលីពីនដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញគឺមួយអាណត្តិមានរយៈពេល៦ឆ្នាំហើយប្រធានាធិបតីម្នាក់កាន់អំណាចបានតែមួយអាណត្តិប៉ុណ្ណោះ។សម្រាប់ឌូទើតេ នឹងចុលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ២០២២៕

 

 

Share

Image
Image
Image