កម្មករកាត់ដេរ៤នាក់បានស្លាប់ និង១២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្ដដឹកកម្មករ បើកបុកគ្នានៅខេត្ដកំពង់ស្ពឺ។
បើតាមស្នងការរងខេត្ដកំពង់ស្ពឺ លោក មៀច សាមឿន ឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦នេះថា រថយន្តពីរគ្រឿងបានបុកគ្នា ខណៈធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យកម្មករបួននាក់ស្លាប់ និងរបួសធ្ងន់១២នាក់។ លោកមៀច សាមឿន បន្តថា ក្នុងគ្រោះថ្នាក់នោះ ក៏មានកម្មករជាច្រើនផ្សេងទៀតរងរបួសផងដែរ។ លោកសាមឿនបញ្ជាក់ថា គ្រោះថ្នាក់នោះកើតឡើង នៅម៉ោង៦និង៤០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិ លេខ៤១ ចន្លោះគីឡូម៉ែតលេខ៩ និង លេខ១០ នៅក្នុងភូមិជ្រៃតាគង់ ឃុំរកាកោះ ស្រុកគងពិសី។
លោក មៀច សាមឿន ឲ្យដឹងទៀតថា កម្មការិនីរងរបួសត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រួសារវិញ។
លោកស្នងការរងខេត្ដកំពង់ស្ពឺរូបនេះបន្ថែមទៀតថា ក្រោយមានហេតុការណ៍កើតឡើង អ្នកបើកបរទាំងពីរនាក់បានរត់គេចខ្លួនបាត់។ ទោះយ៉ាងណា លោកបញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណ និងកំពុងតាមចាប់ខ្លួន អ្នកបើកបរទាំងពីរនាក់នោះហើយ។
សូមជម្រាបដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារនេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺនោះដែរ ដោយសម្ដែងពីការសោកស្ដាយចំពោះគ្រោះថ្នាក់ដែលបានកើតឡើងនោះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យដឹងថា អ្នកស្លាប់ក្នុងគ្រោះថ្នាក់នេះមាន៣នាក់ ឯអ្នករងរបួសមានរហូតដល់៧០នាក់៕