en     km
en     km

ស្រ្តីមានផ្ទៃពោះ និងកុមារក្រីក្រនឹងទទួលបានថវិកាពីរដ្ឋាភិបាលនៅខែមិថុនាខាងមុខ

Share

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ និងកុមារ ដែលស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ នឹងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ នៅពេលដែលកម្មវិធីមួយរបស់រដ្ឋាភិបាលដាក់ដំណើរការនៅខែមិថុនា ខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ កាលពីថ្ងៃទី២៣ មេសា កន្លងទៅ។

យោងតាមក្រសួងសេដ្ឋកិច្ច ការផ្តល់សាច់ប្រាក់នេះស្ថិតក្នុងកម្មវិធីឈ្មោះថា«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលជាជនមានជីវភាពក្រីក្រ។ កម្មវិធីនេះនឹងការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់តែស្រ្តីមានផ្ទៃពោះនៃគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ និងប័ណ្ណ Post-ID របស់ក្រសួងសុខាភិបាល ទោះបីជាស្រ្តីទាំងនោះជាកម្មករនិយោជិតក៏ដោយ។ ជាងនេះទៀតសម្រាប់កុមារក្រីក្រក្រោមអាយុពីរឆ្នាំនៃគ្រួសារក្រីក្រផងដែរ។

                                                                           គ្រូពេទ្យនៅមន្ទីរពេទ្យក្រុងសំរោង ខេត្តបាត់ដំបូង។

 

សម្រាប់ក្រសួងសេដ្ឋកិច្ច ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ សំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ពិសេសសុខភាពមាតា និងទារក។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ អនុវត្តជា ៣ ដំណាក់កាល។ ទី១៖ ផ្តល់ការឧបត្ថម្ភចំនួន៤០០០០រៀល(៤ម៉ឺនរៀល) ក្នុងមួយដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះចំនួន ៤ ដងមុនពេលសម្រាលកូន។ ដំណាក់កាលទី២៖ ការផ្តល់ឧបត្ថម្ភចំនួន២០០ ០០០រៀល(២០ម៉ឺនរៀល)ក្នុង ១ដងគត់នៅពេលសម្រាលកូន។ និងទី៣៖ ឧបត្ថម្ភចំនួន ៤០០០០រៀល(៤ម៉ឺនរៀល)ក្នុងមួយដង នៅពេលមកទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលចំនួន ០៤ ដង និងចំនួន ០៦ ដង ចុងក្រោយសម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការក្នុង ០១ លើកៗ រហូតដល់ដល់អាយុ ២ ឆ្នាំ។

                                       ប្រជាពលរដ្ឋម្នាក់មកទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យក្រុងសំរោង ខេត្តបាត់ដំបូង។

 

ក្នុងឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មការិនីសម្រាលកូនមានចំនួនជាង៦ម៉ឺន ៥សែននាក់។ ចំណែកត្រីមាសទី១ក្នុងឆ្នាំ២០១៩នេះវិញ មានកម្មការិនីដែលសម្រាលកូនចំនួនជិត ២ម៉ឺននាក់ក៏ទទួលបានប្រាក់ឧបត្ថម្ភនេះដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានគ្របដណ្តប់ប្រជាជនចំនួនជាង២លាននាក់ ក្នុងនោះមានទាំង កម្មករ និយោជិត អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនពិការ៕

Share

Image
Image
Image