en     km
en     km

ស្រ្តីពុំទាន់ទទួលបានភាពស្មើគ្នាក្នុងការជំនុំជម្រះក្តី

Share

ភ្នំពេញ ៖របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា(CCHR)​រកឃើញ​ថា ​ស្រ្តីពុំទាន់​ទទួលបានសិទ្ធិស្មើគ្នាក្នុងជំនុំជ​ម្រះក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌនៅ​សាលាឧទ្ធរណ៍។ 

លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍!

 

របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រកឃើញថា ស្រ្តីខ្វះ​ភាព​យុត្តិ​ធម៌ក្នុងការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍ហើយជាពិសេសស្រ្តីមានផ្ទៃពោះ និងស្រ្តីជាម្តាយ​មាន​កូន​ក្នុងពន្ធនាគារ។ ក្រុមស្រ្តីទំាំងនោះខ្វះការទទួលបានភាពស្មើភាពគ្នាចំពោះមុខច្បាប់ ការឃុំ​ខ្លួន​បណ្តោះអាសន្ន និង​ការ​ចោទ​ប្រកាន់លើហិង្សាយេនឌ័។

តាមរយបាយការណ៍របស់ CCHR ក្នុងសវនាការនៅសាលាឧទ្ធរណ៍លើសំណុំរឿង​សរុប​ ៤៥៣។ ក្នុងនោះសំណុំរឿង ៧៦ មានជនជាប់ចោទជាស្រ្តី ៩៧ នាក់ ដែល​មានជន​ជាប់ជាស្រ្តី ២៧ នាក់ ឬ២៨ភាគរយ ពុំមានវត្តមានក្នុងសវនាការ ដោយសារខ្វះការទំនាក់ទំនង​រវាង​សាលាឧទ្ធរណ៍ជាមួយមណ្ឌលកែប្រែ។

របាយការណ៍អង្កេតមានរយៈពេលជិតពីរឆ្នំាចាប់ពី ថ្ងៃទី ១ វិច្ឆិកា ឆ្នំា ២០១៦ ដល់ថ្ងៃទី៣០ មិថុនា ឆ្នំា ២០១៨ បានបង្ហាញទៀតថា ជនជាប់ចោទជាស្រ្តីចំនួន ២៥ នាក់ ឬស្មើនឹង ២៦ ភាគរយ ពុំមានមេធាវីតំណាង ហើយជនជាប់ចោទ ១៤ ភាគរយ ក្នុងចំណោមជន​ជាប់​ចោទ​ជាស្រ្តី ៩៧ នាក់ ស្លៀក​ពាក់ឯកសណ្ឋាន​ទណ្ឌិត​នៅចំពោះមុខតុលាការដែលផ្ទុយ​ទៅ​នឹង​ការ​សន្មតទុកជាមុនថា គ្មានទោស។

របាយការណ៍ CCHR បន្ថែមថា សំណុំរឿងចំនួន ៩ ក្នុងចំណោមសំណុំរឿង ២៥ ដែលមាន​ជន​ជាប់ចោទជាស្រ្តីគ្មានមេធាវីតំណាង ព្រោះពួកគេមិនបានប្រាប់ពីសិទ្ធិមានមេធាវី ឬពន្យល់​អំពី​សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ជាមួយគ្នានេះ សំណុំរឿង ៧០ ភាគរយ ក្នុង​ចំណោម​​សំណុំរឿង ៤៥៣ ដែលទាក់ទងនឹងស្រ្តីចៅក្រមមិនបានប្រាប់និង​ពន្យល់ពី​សិទ្ធិ​រក្សា​ភាពស្ងៀមស្ងាត់របស់ជនជាប់ចោទ ប៉ុន្តែសំណុំរឿងចំនួន៥ប៉ុណ្ណោះដែលជនជាប់​ចោទជា​ស្រ្តី​បាន​ប្រាប់ និង​ពន្យល់ពីសិទ្ធិ​ពួកគាត់ច្បាស់លាស់។

ចំពោះការរកឃើញថា ស្រ្តីខ្វះ​ភាព​យុត្តិ​ធម៌ក្នុងការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងអ្នកនំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា មន្រ្តី​ក្រសួង​យុត្តិធម៌​នឹងពិនិត្យលើរបាយការណ៍នេះ ហើយអាចនឹងមានការជួបពិភាក្សា​លម្អិត​បន្ថែមទៀតជាមួយម្ចាស់របាយការណ៍ ដើម្បីកែលម្អចំណុចខ្វះខាត។ តែបែបនេះក្តី លោក ជិន ម៉ាលីននៅមានមន្ទិលចំពោះនីតិវិធីនៃការ​អង្កេតនេះពុំមានលក្ខណៈ​វិទ្យាសា​ស្រ្ត​ត្រឹម​ត្រូវ។

លោក ជិន​ ម៉ាលីន៖«តាមមើលវិធីសាស្រ្តរបស់គាត់អ្នកទៅសង្កេតសវនាការគឺមានតារាង​ដើម្បី​ចំាឱ្យធីក បើឃើញមួយធីកមួយ ឃើញពីរធីកពីរ អត់ឃើញអត់ធីក អញ្ចឹងអាហ្នឹងវាអត់មាន​លក្ខណៈវិទ្យាសាស្រ្តទេ ព្រោះថាដើម្បីវាយតម្លៃសិទ្ធិទទួលបាន​យុត្តិធម៌បានគេមិនមែនមើល​ពេលសវនាការនឹងមួយទេ គេមើលតំាងពីដំណាក់កាលនីតិវីធីចាប់ផ្តើមមក ការឃុំខ្លួន ដំណើរ​ស៊ើបអង្កេតនៅដំណាក់កាលនគរបាលយុត្តិធម៌ អយ្យាការស៊ើបសួរ ដំណាក់កាលចៅក្រម​ស៊ើបសួរ រហូតមកដល់ដំណាក់កាលសវនាការ ដើម្បីអាចវាយតម្លៃពីសិទ្ធិទទួល​បានយុត្តិធម៌​របស់ស្រ្តី។តែទោះយ៉ាងណាយើងនឹងធ្វើការពិនិត្យមើលរបាយការណ៍របស់ហើយប្រហែលជាមានការជួបគ្នា ដើម្បីចង់បានបំភ្លឺការបកស្រាយការពន្យល់របស់គាត់មួយចំនួន ដើម្បីយើង​ស្វែង​រក​មើលថាតើមានកន្លែងមានកន្លែងនៅមានចំណុចខ្វះខាត ហើយមានបញ្ហាយើងគួរ​ដោះស្រាយរបៀបម៉ិច  »

ទោះបីយ៉ាងណា របាយការណ៍ CCHR​ចង់ឱ្យតុលាការសាលាឧទ្ធរណ៍យកគំរូតាម​លំនំា​អង្គជំនុំ​​ជម្រះ​​វិសាមញ្ញតុលាការកម្ពុជា(អ.វ.ត.ក) ដែលជាផ្នែកមួយនៃប្រព័ន្ធច្បាប់​កម្ពុជា​មានវិធាន​ការខ្លះ ដើម្បីការពារផលប្រយោជន៍ស្រ្តីក្នុងប្រព័ន្ធយុត្តិធម៌ ហើយចៅក្រមមានក្រម​សីល​ធម៌​វិជ្ជា​ជីវៈធានាការពារជនរងគ្រោះ និងសាក្សី។

យោងតាមរបាយការណ៍ប្រចំាឆ្នាំ ២០១៧ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូឱ្យដឹងថា អំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ពុំទទួលស្គាល់ថា ជាបទល្មើសព្រហ្មទណ្ឌទេ។

ស្រ្តីភាគ​ច្រើន​ជ្រើររើសមិនប្តឹង ឬដកពាក្យប្តឹង។ ក្នុងរបាយការណ៍សង្កេតនៅឆ្នំា ២០១៤ និងចុងឆ្នំា ២០១៦ សំណុំរឿងអំពើហិង្សាក្នុងគ្រួសារមានត្រឹមតែ ២០ភាគរយ ត្រូវបានបើក​សវនការ​ជំនុំជម្រះក្តី។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ស្នើឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើគោលនយោបាយជំនួយផ្នែកច្បាប់ដើម្បីធានាថា ស្រ្តីទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ និងជំនួយ​មេធាវី​ប្រកប​​ដោយប្រសិទ្ធិភាព។ បន្ថែមពីនេះ CCHR ក៏ស្នើឱ្យយកគំរូតាមអង្គជំនុំ​​ជម្រះ​​វិសាមញ្ញ​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហម ក្នុងកិច្ចការពារសាក្សី និងជនរងគ្រោះ ព្រម​ទំាង​ការគំាពារផ្លូវច្បាប់ និងផ្លូវចិត្ត ហើយបំប៉នមន្រ្តីតុលាការទាក់ទងនឹងយ៉េនឌ័រ៕

 

 

 

Share

Image
Image
Image