en     km
en     km

ស្រ្តីកាន់តែចាប់អារម្មណ៍ក្នុងភាពជាអ្នកដឹកនាំ

Share

ក្រុងភ្នំពេញ៖ នៅក្នុងវេទិកាភាពជាអ្នកដឹកនាំឆ្នាំ ២០១៧​គេសង្កេតឃើញ​សិស្សនិស្សិត ឬ អ្នកបម្រើការងារជាស្រ្តីតាមក្របខណ្ឌរដ្ឋនិងឯកជន មានចំណាប់អារម្មណ៍ច្រើនក្នុងការចង់ចេះចង់ដឹងពីភាពជាអ្នកដឹកនាំ​ ដែលជាកំណើនមួយត្រូវបានមើលឃើញថា ស្រ្តីគឺកាន់តែមានឥទ្ធិពលនៅក្នុងសង្គម។

លោក សេរីវឌ្ឍនៈរាយការណ៍ពីព័តមាននេះ៖

នៅក្នុងវេទិកាភាពជាអ្នកដឹកនាំឆ្នាំ ២០១៧ អ្នកចូលរួមប្រមាណជាង ១០០ នាក់ ដែលក្នុងនោះមានស្រ្តី ៤ នាក់បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថាកម្មវិធីប្រកួតប្រជែងនេះគឺជាកម្មវិធីមួយដែលស្រ្តីនិងបុរសមានសិទ្ធិប្រឡងប្រជែងសមត្ថភាពដូចគ្នា។

និស្សិតម្នាក់មកពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត វិទ្យាសាស្រ្ត សេដ្ឋកិច្ច មុខជំនាញធនាគារ កញ្ញា សូត្រ ថានី បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបាន លើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួនថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាការរៀននូវអ្វីដែលថ្មីៗ ព្រោះថាបទពិសោធន៍នៃជីវិតគឺពុំបានបង្រៀននៅក្នុងសាកលវិទ្យាល័យនោះទេហើយ ម្យ៉ាងស្រ្តីក៏មានអាចក្លាយជាអ្នកដឹកនាំល្អផងដែរ។

កញ្ញា សូត្រ ថានី ៖ មានអារម្មណ៍ថាសប្បាយចិត្ត ព្រោះអីបានរៀនអ្វីដែលថ្មីៗ មួយទៀតគឺមានអារម្មណ៍ថាស្រ្តីក៏អាចក្លាយជាមេដឹកនាំមួយដ៏ល្អផងដែរ។

សម្រាប់ កញ្ញា សូត្រ ថានី គឺជាលើកទី២ហើយ ដែលបានមកចូលរួម។

កញ្ញា ប៊ុត​ចាន់ណា ជាអ្នកប្រឹក្សាយោបល់សុខភាពនៃក្រុមហ៊ុន វ៉តម្រុំធម្មជាតិ ដែលជាអ្នកចូលរួមម្នាក់ក្នុងចំណោម អ្នកចូលរួមរាប់សិបនាក់ បានបង្ហាញការយល់ឃើញ ថា កម្ពុជាថ្វីបើជាប្រទេសអភិវឌ្ឍន៍នៅក្នុងសត្សវត្សទី២១ទៅហើយនោះ គឺជាការរើសអើងស្រ្តីភេទនៅតែជាបញ្ហាធំចម្បង។ កញ្ញាបានពន្យល់ថា នេះ គឺជាវេទិកាដែលអាចឲ្យស្រ្តីបញ្ជេញសមត្ថភាពជាគំនិត គតិបណ្ឌិត ក្នុងភាពជាអ្នកដឹកនាំ។

កញ្ញាប៊ុត ចាន់ណា៖ ដូចយើងតាំងពីដើមមកអត់សូវឲ្យតម្លៃស្រ្តីភេទហ្អេ! គិតថាស្រ្តីភេទអន់ធ្វើមិនកើត មិនថាក្នុងបរិដ្ឋានសង្គមឬការងារ ហ្អេគឺប្រទេសខ្មែរយើងឲ្យតម្លៃបុរសច្រើនជាងស្រ្តី។ បងមានអារម្មណ៍ថាសប្បាយរីករាយ ព្រោះពួកគាត់មានសមត្ថភាពខ្លាំងមិនចាញ់បុរសនោះឡើយ។

កញ្ញាបានពន្យល់ទៀតថា ការចូលរួមក្នុងវេទិកានេះបានលើកទឹកចិត្តឲ្យស្រ្តីមានគំនិតឲ្យក្លាយជាមេដឹកនាំព្រោះស្រ្តីពុំមែនធ្វើការតែក្នុងចង្ក្រាន្តបាយតែមួយមុខនោះទេតែ បើបុរសធ្វើបានស្រ្តីក៏ធ្វើបាន។

កញ្ញាប៊ុត ចាន់ណា៖ វាសប្បាយចិត្តហើយជម្រុញឲ្យបងគិតថាពួកគាត់ធ្វើបាន បុរសធ្វើបាន ស្ត្រីយើងក៏ធ្វើបាន ហើយជាពិសេសយើងជាម្តាយយើងក៏អាចតម្រងទឹសកូនយើងឲ្យខ្លាំងជាងយើង ហើយមិនមែនមានន័យថាស្រ្តីចាំតែនៅមើលថែរផ្ទះមើលកូនហ្អេ!។

ជាអនុប្រធាននាយកដ្ឋានសិក្សានៃសាកលវិទ្យាល័យភ្នំពេញ អ្នកស្រី ឡុង លីនី ក៏បានពន្យល់ថា វេទិកានេះហាក់ដូចជាទាក់ទាញចំណាប់អារម្មណ៍ស្រ្តីឲ្យមានចំណង់ក្នុងភាពជាអ្នកដឹកនាំកាន់តែច្រើន។

លោកស្រី ថាវេទិកានេះហាក់ដូចជាបង្រៀននូវភាពខ្លាំងរបស់ស្រ្តីនៅក្នុងវិស័យជាអ្នកដឹកនាំ ដោយចែករំលែកបទពិសោធន៍របស់សហគ្រិន និង ស្ថាបនិកល្បីៗពីគ្រប់ស្ថាប័ន ដល់និសិ្សតនិងអ្នកដែលចង់ជោគជ័យក្នុងវិស័យជំនួញ។

អ្នកស្រី ឡុង លីនី ៖ បងគិតថាកម្មវិធីនេះល្អអាចឲ្យយើងរៀនបានច្រើន​សម្រាប់ក្មេងស្រករក្រោយ ហើយមិនត្រឹមបានតែរៀនទេ ថែមទាំងបានជួបនិងសហគ្រិន ស្ថាបនិកល្បីៗ ដែលស៊ែរមកកាន់អ្នកស្តាប់។ ហើយបងគិតថាបងនិងយកគំនិតនេះ ទៅអនុវត្តទៅលើកន្លែងធ្វើការរបស់បង ទៅលើបុគ្គលិគដែលនៅក្រោមបញ្ជារបស់បង។

នេះគឺជាវេទិកាមួយដែលធ្វើឡើងក្នុងគោលបំណងរំលឹកពីសារសំខាន់នៃភាពជាអ្នកដឹកនាំ ហើយវេទិកានេះផងដែរបង្កើតឡើងដោយ មជ្ឈមណ្ឌលរដ្ឋាលីដឌីងដែលក្នុងគោលបំណងបង្កើតឲ្យមានការប្រកួតប្រជែងគំនិតជាអ្នកដឹកនាំ មានទាំងស្រ្តី​និងបុរស។

វេទិកាភាពជាអ្នកដឹកនាំចាប់ផ្តើមបង្កើតចាប់តាំងពីឆ្នាំ​២០១៣ ហើយនេះគឺជាលើកទី ៥ ហើយដែលមជ្ឈមណ្ឌលរដ្ឋាលីដឌីង បានបើកព្រឹត្តិការណ៍នៃទិវាភាពជាអ្នកដឹកនាំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន ឬ ហៅកាត់ថា CJCC៕

Share

Image
Image
Image