en     km
en     km

ស្រុកមួយទៀតរបស់កម្ពុជាប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល

Share

ភ្នំពេញ៖ ស្រុករំដួល ខេត្តស្វាយរៀង បានប្រកាសផ្លូវការជាស្រុកបញ្ឈប់ការបន្ទោរបង់​ពាសវាលពាសកាល (ODF District) ដែលធ្វើឱ្យចំនួនស្រុកបញ្ឈប់ការបន្ទោបង់ពាស វាលពាសកាលកើនបានចំនួន ៣ នៅទូទាំងប្រទេស។ នេះបើយោងតាមទំព័រហ្វេសប៊ុកសាលាខេត្តស្វាយរៀង និងទំព័រហ្វេសប៊ុក«ទឹកស្អាត និង អនាម័យជនបទ»របស់បណ្តាញអ្នកកាសែតទឹកស្អាត និងអនាម័យជនបទកម្ពុជា។

ពិធីប្រារព្ធការប្រកាសស្រុករំដួល ខេត្តស្វាយរៀង ជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។រូបភាពសាលាខេត្តស្វាយរៀង

ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្ដដា ម្សិលមិញ ដោយមានការចូលរួមពីមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីខេត្តស្វាយរៀង។

លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងស្រុករំដួល ដែលបានខិតខំប្រឹងប្រែងរួមសហការជំរុញឱ្យស្រុករំដួលក្លាយជាស្រុកគ្មានការបន្ទោរបង់ពាសវាលពាសកាលតទៅទៀត។

ការសម្រេចបានសមិទ្ឋផលនេះបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ សុខភាព និងសេចក្តីថ្លៃថ្នូរ។

ពលរដ្ឋម្នាក់ក្នុងខេត្តកំពតទទួលទានទឹកស្អាតក្នុងតម្លៃសមរម្យ(១០០០៛/មួយដបខៀវ)។រូបភាព កែវ សុខា /WMC

ចំណែកលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង ចូលរួមប្ដូរទម្លាប់ពីការបន្ទោបង់ពាសវាលពេលកាល មកសាងសង់បង្គន់អនាម័យប្រើប្រាស់ ហូបទឹកស្អាត លាងដៃជាមួយសាប៊ូ។ ជាងនេះទៀតលោកជំរុញឱ្យមានការបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយសុខមាលភាពទាំងអស់គ្នា។  

ស្រុកចំនួន២ ក្នុងខេត្តស្វាយរៀង មានឃុំចំនួន ២៩ ភូមិចំនួន ៣៣៣ បានសម្រេចនូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ បច្ចុប្បន្ននេះពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន ៩៩.៤% និងអត្រាប្រជាពលរដ្ឋប្រើប្រាស់ទឹកមានសុវត្ថិភាពចំនួន ៨៥.៨% ការប្រើប្រាស់បង្គន់អនាម័យចំនួន ៩០% និងគ្រួសារដែលសាងសង់ និងទម្លាប់លាងដៃជាមួយសាប៊ូមានចំនួន ៨៩%។

របាយការណ៍ស្តីពី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃអនាម័យនៅកម្ពុជាឆ្នាំ២០០៨ របស់ធនាគារពិភពលោករកឃើញថា កម្ពុជាបានខាតបង់ថវិកាប្រមាណ ២៤៨លានដុល្លារក្នុងមួយឆ្នាំដោយការបរិភោគទឹកមិនស្អាត និងការបន្ទោបង់ពាសវាលពាសកាល។ ក្នុងនោះកម្ពុជាខាតបង់ថវិកាចំនួន ១៨៧លានដុល្លារលើការព្យាបាលជំងឺ។ ខាតបង់ថវិកាដោយការបំពុលប្រភពទឹកបណ្តាលមកពីលាមកចំនួន ១៥០លានដុល្លារក្នុងមួយឆ្នាំ។ ខាតបង់ថវិកាដោយការចំណាយពេលធ្វើដំណើរទៅបន្ទោបង់ពាសវាលពាសកាលក្នុងព្រៃចំនួន ៣៨ លាដុល្លារក្នុងមួយឆ្នាំ។ ខាតបង់ចំណូលពីភ្ញៀវទេសចរប្រមាណ ៧៣លានដុល្លារ។ សរុបមកប្រជាជនកម្ពុជាត្រូវខាតបង់ថវិកាចំនួន ៣២ដុល្លារក្នុងម្នាក់ ដោយមូលហេតុបន្ទោបង់ពាសវាពាសកាលនេះ៕

Share

Image
Image
Image