en     km
en     km

ស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យប្រើប្រាស់ទឹក និងអគ្គិសនីដោយការសន្សំសំចៃ

Share

ភ្នំពេញ៖ ស្របពេលដែលកម្ពុជា ពិសេសភូមិសាស្រ្តក្នុងរាជធានីភ្នំពេញកំពុងជួបវិបត្តិខ្វះខាតអគ្គិសនី និងទឹកប្រើប្រាស់ ស្ថាប័នពាក់ព័ន្ធមួយចំនួនបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រើប្រាស់ទឹក និងភ្លើងប្រកបដោយស្មារតីសន្សំសំចៃខ្ពស់។ នេះជាការលើកឡើងរបស់មន្រ្តីនៃក្រសួងបរិស្ថាន និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនក្នុងទិវា “មួយម៉ោងសម្រាប់ភពផែន ដី”ឆ្នាំ២០១៩ ក្រោមប្រធានបទ “ភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី” កាលពីថ្ងៃទី៣០ ខែមីនា នៅក្នុងនៅបរិវេណផ្សារទំនើប អ៊ីអន ២ សែន សុខ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ក្នុងឱកាសនោះថា៖«បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ដែលកំពុងរស់នៅលើភពផែនដីនេះ អាចចូលរួមការពារភពផែនដីដោយគ្រាន់តែចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក សន្សំសំចៃអគ្គិសនី ចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់រឹងរាវ សំរាម កាត់បន្ថយការដុតប្រេងឥន្ធនៈផូស៊ីល បិទម៉ាស៊ីនត្រជាក់ កំព្យូទ័រ និងសម្ភាៈប្រើប្រាស់ចរន្តអគ្គិសនីផ្សេងទៀត នៅពេលចាកចេញពីការិយាល័យ ឬពីផ្ទះ ព្រមទាំងប្រើប្រាស់សម្ភារៈដែលស៊ីភ្លើងតិច និងរស់នៅក្រោមប្រតិបត្តិបរិស្ថានល្អ»។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាបន្តថា គោលបំណង​នៃការប្រារព្ធទិវា“មួយម៉ោងសម្រាប់ភពផែនដី”នេះឡើង ដើម្បីបំផុស​ចលនាមហាជនឱ្យ​ចូលរួម​ទទួលខុសត្រូវលើការប្រើប្រាស់ថាមពលប្រកប ដោយ​និរន្តរភាពបរិស្ថាន មានការផ្លាស់ប្តូរជាវិជ្ជមាន និង​ជួយ​សង្គ្រោះ​ភពផែនដីពីការកើនឡើងកំដៅ។ ទិវានេះក៏​ដើម្បីរួមចំណែកធានាបានការរួមចំណែកនៅក្នុងការទប់ស្កាត់កំណើនកំដៅ​ភពផែនដី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា ​​ជាពិសេសការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចាំ បាច់ត្រូវ​យកចិត្ត​ទុកដាក់ ក្នុងការប្រើប្រាស់ថាមពល​ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយផ្តោត​សំខាន់ទៅ​លើការ​ប្រើប្រាស់ថាមពលកកើតឡើងវិញ ការប្រើ​ថាមពលដោយវៃឆ្លាត។

ចំណែកលោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ បានថ្លែងថា ក្នុងបរិបទមួយដែលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូតអែល នីណូ បាតុភូតនេះបានបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ៤២ អង្សា សេ។ អាកាសធាតុក្តៅហួតហែងរបៀបនេះបាននិងកំពុងជះឥទ្ធិពលដោយប្រយោលមកប្រទេសកម្ពុជា ធ្វើឱ្យមានរំហួតទឹកឆាប់រហ័ស ប្រភពទឹកមួយចំនួនបានរីងស្ងួត និងធ្វើឱ្យការប្រើប្រាស់ទឹក និងចរន្តអគ្គិសនីកើនឡើង។ នេះគឺជាសញ្ញាមួយយ៉ាងច្បាស់បង្ហាញពីផលប៉ះពាល់ ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋក្នុងគ្រាដែលអគ្គិសនីបានដាច់ជាញឹកញាប់។ លោកថាបញ្ហានេះបណ្តាលមកពីអាកាសធាតុមានភាពក្តៅខ្លាំងនាំឱ្យការផ្គត់ផ្គង់អគ្គិសនីមានការខ្វះចន្លោះ។ យ៉ាងណាចំពោះមុខបញ្ហានេះ ប្រមុខរដ្ឋាភិបាលកំពុងចរចាទិញអគ្គិសនីពីប្រទេសជិតខាងហើយ ពិសេសនឹងសូមជួលកប៉ាល់អគ្គិសនីពីប្រទេស តួកគី ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងរាជធានីភ្នំពេញជាបណ្តុះអាសន្នមួយរយៈសិន៕

 

Share

Image
Image
Image