en     km
en     km

ស្ថានភាពជំងឺកញ្ញា ពេជ្រ ចរណៃ កាន់តែធ្ងន់ធ្ងរ ខណៈរង់ចាំការសង្រ្គោះ

Share

ភ្នំពេញ៖ កញ្ញា ពេជ្រ ចរណៃ តារាភាពយន្ដស្រីក្នុងរឿង “អាគមស្បែកដាច” ដែលបានទៅព្យាបាលមួយរយៈនៅមន្ទីរពេទ្យប្រទេស ថៃពេលនេះបានត្រឡប់មកវិញហើយ ។ ការចាកចេញពីមន្ទីរពេទ្យនេះដោយសារពុំមានថវិកាគ្រប់គ្រាន់ ដើម្បីធ្វើការវះកាត់ បេះដូង។

ករណីនេះ ម្ដាយកញ្ញា ពេជ្រ ចរណៃ អ្នកស្រី ឌួង សុជាតា ដែលបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM 102  នៅថ្ងៃនេះ បានអំពាវនាវជាថ្មីសុំអោយសប្បុរជនទាំងអស់មេត្តាជួយទៅដល់កូនស្រីរបស់គាត់ ដើម្បីអោយនាងឆាប់ទទួលបានការវះកាត់ក្នុងពេលឆាប់ៗ ។

អ្នកស្រី ឌួង សុជាតា៖ «ខ្ញុំសុំអំពាវនាវអោយសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកបន្ថិចក៏ដោយសូមជួយកញ្ញា ពេជ្រ ចរណៃ អោយផុតពីជម្ងឺនេះ ខ្ញុំសូមអរគុណច្រើន»។

​តាមឱ្យដឹងពីអ្នកស្រី ឌួង សុជាតា ដដែល ស្ថានភាពជម្ងឺរបស់កញ្ញាពេជ្រ ចរណៃ ពេលនេះ កាន់តែធ្ងន់ធ្ងរនឹងធ្វើទុក្ខជាប្រចាំ។ «ដល់ពេលធ្វើទុក្ខចឹង ចេញឈាមតាមមាត់តាមច្រមុះចឹង ហើយកាត់តែខ្សោយទៅៗ »។

ជុំវិញរឿងនេះដែរ កញ្ញា ចៅ ពេជ្រអម្រិត អ្នកគ្រប់គ្រងការផលិតនៃផលិតកម្មទេពនិករភាយន្ដផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដីនៅរសៀលថ្ងៃទី ១៨ វិច្ឆិកា ២០១៧នេះដែរថា ជម្ងឺរបស់កញ្ញាពេជ្រ ចរណៃកាន់តែធ្ងន់ធ្ងរ បើទុក្ខយូរនឹងអាចធ្វើអោយប៉ះពាល់ដល់អាយុជីវិតបាន។

កញ្ញា ពេជ្រ អម្រិត ៖«ដោយសារគាត់នៅផ្ទះប្រើថ្នាំ  ធ្វើអោយអាការៈគាត់ធ្វើទុក្ខ ។ ហើយខ្ញុំ ក៏សំណូមពរអោយមានការផ្សព្វផ្សាយបានច្រើនដើម្បីអោយសប្បុរសជនបានលឺ ដើម្បីជួយទៅដល់ការព្យាបាលកញ្ញាពេជ្រចរណៃតាមដែលអាចធ្វើបានពីសប្បុរសជន»។

តាម កញ្ញា ពេជ្រ អម្រិត ការវះកាត់បេះដូងរបស់កញ្ញា ពេជ្រ ចរណៃ ត្រូវការថវិកាប្រមាណជា ៣ទៅ ៤ម៉ឺនដុល្លារ អាមេរិក។

តារាភាពយន្ដវ័យក្មេង កញ្ញា ពេជ្រ ចរណៃ ដែលមានអាយុ ២៣ឆ្នាំ រូប​នេះ បានថតខ្សែភាពយន្ដមួយដែលមានឈ្មោះថា “អាគមស្បែកដាច” ។ ខ្សែភាពយន្ដមួយនេះ ជាខ្សែភាពយន្ដខ្មែរខ្នាតធំប្រភេទ Action  ។ ជាមួយគ្នានេះ នាងត្រូវបានគេអោយឈ្មោះថា ជាតារាភាពយន្ដស្រីដែលអាចប្រើក្បាច់ល្បុកត្តោខ្មែរបានយ៉ាងស្ទាត់ជំនាញ។ ប៉ុន្ដែគួរអោយសោកស្ដាយ ខ្សែភាពយន្ដមួយនេះ ត្រូវបានផ្អាកការថតវិញ ដោយសារតែជំងឺបេះដូងរបស់កញ្ញា ពេជ្រ ចរណៃធ្វើទុក្ខ នាងក៏ត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយ។

ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយរយៈ នាងក៏ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ២០១៧ ។ ជាមួយគ្នានេះ ដោយសារពុំមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់បេះដូង កញ្ញា ពេជ្រ ចរណៃ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកសម្រាកព្យាបាលនៅផ្ទះវិញ​នៅឯខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើតរបស់នាង ដោយការលេបថ្នាំពន្យារង់ចាំការវះកាត់បេះដូងនៅថ្ងៃណាមួយដែលមានថវិកាគ្រប់គ្រាន់៕

Share

Image
Image
Image