en     km
en     km

ស្ត្រី និងការចូលរួមពិធីមង្គលការ

Share

ភ្នំពេញ៖ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំការ​រៀប​ចំ​ពិធី​មង្គល​ការ​តាមប្រពៃណី​ខ្មែរ​តែង​តែ​មាន​ការ​កែ​ប្រែ​ត្រង់​ចំណុច​ខ្លះដោយសារតែការប្រែប្រួលតាមភាពទាន់សម័យរបស់សង្គម។ ភាព​ខុស​ប្លែក​គ្នា​រវាង​អាពាហ៍​ពិពាហ៍​កាល​ពី​អតីត​កាល​ និង​បច្ចុប្បន្ន​ត្រូវ​បាន​ស្ដែង​ចេញ​តាម​រយៈ​ទំនៀមទម្លាប់តាមតំបន់និងភូមិស្រុក។ តែនៅសម័យសម្ភារៈជឿនលឿននេះ ហាងទទួលទានអាហារ ឬភោជនីយដ្ឋាន ពិធីជប់លៀងមង្គលការត្រូវមើលឃើញជាកន្លែងបង្អួតសម្រស់និងបង្ហាញ គ្រឿង​អលង្កាឆើតឆាយ។

ក្នុងពិធីអធិកអធមនេះដែរ គឺស្រី្ត​បានក្លាយជាភ្ញៀវទាក់ទាញជាងគេ។ ការទាក់ទាញ មានការបង្អួត សម្លៀកបំពាក់គ្រឿងអលង្កា បង្អួតសក់ទាន់សម័យ។ នេះគឺជាការចំណាយរបស់ស្ត្រី ដែលត្រូវចាយច្រើនជាងបុរសបន្តិចនៅពេលស្រ្តីចូលរួមមង្គលការ ម្ដងៗ។​ នេះក៏ជាចំណោទមួយនៃស្រី្តផងដែរ។

តើជាស្ត្រីត្រូវរៀបតុបតែងកាយអ្វីខ្លះដើម្បីចូលរួមមង្គលការមួយ ?

ជាក់ស្ដែងដូចជា អ្នកលក់ឥវ៉ាន់តាមអនឡាញ កញ្ញា ទិនា និយាយថា ការចំណាយជាទូទៅរបស់កញ្ញានៅក្នុងពិធីមង្គលការមានដូចជា សំលៀកបំពាក់ ការផាត់មុខ ធ្វើសក់ និងការលាបថ្នាំក្រចកហើយមានរហូតដល់កាត់សម្លៀកបំពាក់ជាដើម។

ទិនា បន្ដថា មនុស្សស្រីនៅពេលចូលរួមពិធីមង្គលការម្ដងៗគឺត្រូវចំណាយប្រាក់គ្រប់បែបយ៉ាងគឺមិនដូចបុរសទេ។

កញ្ញា ទិនា ៖«ខ្ទង់ដែលចំណាយមានសំលៀកបំពាក់ ផាត់មុខ។ទាក់ទងនឹងគ្រឿងផាត់មុខធ្វើសក់នេះ អស់ ២៥ដុល្លារ ហើយសំលៀកបំពាក់នេះ អស់ប្រហែល ២៥ដុល្លារ ប្រហាក់ប្រហែលគ្នាដែរណឹង»។

តាម កញ្ញា ទិនានេះ ការចំណាយទៅលើការផាត់មុខ ធ្វើសក់ ដែលអស់ប្រាក់ច្រើនដុល្លារនេះ ដោយមិនរាប់បញ្ចូលទៅលើចំណងដៃការគេផង។ 

និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទិនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ចវិញម្ដង នោះ គឺ កញ្ញា ស្រីនាត។

ស្រីនាតបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដីដឹងថា នាងក៏ចំណាយមិនតិចដែរ នៅពេលមានពិធីមង្គលការម្ដងៗនោះ។

កញ្ញា ស្រី នាត​៖ «ទីមួយ.យើងទិញរ៉ូប រ៉ូបយើងទិញស្រាប់ម្ដងអស់ទៅ ៥០ ៦០ មួយទៀតយើងទៅធ្វើសក់ ផាត់មុខ ធ្វើក្រចក ម្ដងៗអស់ ៧ ទៅ ៨ដុល្លារ »។

តាមឱ្យដឹងពីកញ្ញាស្រីនាត មនុស្សស្រីនៅពេលតុបតែងខ្លួនចូលរួមពិធីមង្គលការម្ដង គឺចំណាយយ៉ាងហោចណាស់ ៥ដុល្លារ សម្រាប់ការធ្វើសក់ និងផាត់មុខ។

នៅមិនទាន់អស់ទេ ស្រ្ដីពិតជាមានការតុបតែងខ្លួនច្រើនជាងបុរសពិតមែន។ សូម្បីតែអ្នកនាង ស៊ីថាន បុគ្គលិកបកប្រែភាសាចិន ក៏ទទួលស្គាល់ថា ដូចនេះដែរ។

អ្នកនាង ប្រាក់ ស៊ីថាន ៖«ពិបាកខ្លាំងណាស់ ខុសគ្នាច្រើន មនុស្សប្រុសគ្រាន់តែស្លៀកខោអាវ ពាក់អាវ តឺនុយស្បែកជើងប៊ូលហើយ សិកតែសក់ច្រោងបន្ថិចហើយ តែមនុស្សស្រីបើមិនធ្វើខ្លួនសមមិនសមគេថាឆ្កួត ឬមិនចេះធ្វើខ្លួន »។

មិនខុសគ្នាប៉ុន្មានដែរ កញ្ញា សយ សោភ័ណ្ឌ បុគ្គលិកអង្គការមួយនៅរាជធានីភ្នំពេញ​ បានឱ្យដឹងថា ការតុបតែងខ្លួនរបស់មនុស្សស្រី គឺ ចំណាយច្រើនជាងបុរសពិតមែន តែមនុស្សស្រ្ដីខ្លះក៏ចំណាយអស់តិចទៅតាមចំណង់ចំណូលចិត្ដរបស់ខ្លួនឯងដែរ។

កញ្ញា សយ សោភ័ណ្ឌ ៖«សម្រាប់គំនិតរបស់ខ្ញុំផ្ទាល់ ហើយជាការយល់ឃើញ ជាទូទៅនារីរបស់យើង ជាពិសេសយុវវ័យ គាត់ចូលចិត្តធ្វើខ្លួនតាមចំណង់ចំនូលចិត្ដរបស់គាត់ ដូចជាការលែងខ្លួនបែបស៊ីវិល័យ ឬក៏នារីមួយចំនួនគាត់ចូលចិត្តបែបស៊ីវិល័យ ប៉ុន្ដែចំពោះនាងខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តបែបបុរាណវិញ ដោយសារអី ព្រោះខ្ញុំយល់ឃើញថា ប្រពៃណីពីបុរាណមក ការស្លៀកហូលផាមួង គឺឃើញស្អាត»។

កញ្ញា សោភ័ណ្ឌ បានចែករំលែកទៀតថា នៅពេលមានពិធីមង្គលការ ឬក៏ពិធីខួបកំណើតម្ដងៗ កញ មិនសូវជាផ្លាស់ប្ដូរសំលៀកបំពាក់ញឹកញប់នោះទេ គឺ កញ្ញាអាចស្លៀកបានម្ដង ទៅ​ពីរដង នៅក្នុងពិធីមង្គលការផ្សេងគ្នា ។

ដោយឡែក ការផាត់មុខ ការធ្វើសក់ និងគ្រឿងអលង្គារសម្រាប់លំអរខ្លួន កញ្ញា ចំណាយអត់យ៉ាងណោច ១០ ដុល្លារ ។ ប៉ុន្ដែបើនិយាយជារួម កញ្ញា គិតថា ការចាយវាយរបស់មនុស្សស្រីនៅតែច្រើនជាងបុរស ចំពោះការតុបតែងខ្លួននៅពេលមានពិធីមង្គលការ ឬខួបកំណើតម្ដងៗ។

កញ្ញា សោភ័ណ្ឌ៖«បើសិនជាយើងគិតពីតម្លៃពីនៅក្នុងការយើងចូលរួមកម្មវិធីមង្គលការ ខ្ញុំអាចគិតថា ចាប់ពី២៥ ឬទៅ២០ដុល្លារឡើងពីព្រោះបើយើងចំណាយពីការធ្វើខ្លួនយើងគិតថា អស់ ១០ដុល្លារ »។

តាម​ប្រពៃណី​បុរាណកាល ពិធី​រៀប​អាពាហ៍​ពិពាហ៍​ត្រូវ​រៀប​ចំ​ឡើង​រយៈ​ពេល ​៣ថ្ងៃ ទើបចប់សព្វគ្រប់។

ប៉ុន្តែ​សព្វ​ថ្ងៃ ត្រូវ​បាន​បង្រួម​នៅ​សល់​ត្រឹម​តែ​១ ថ្ងៃ​ ឬ១ថ្ងៃកន្លះ មួយ​ថ្ងៃ ឬ កន្លះ​ថ្ងៃ​ តែ​ប៉ុណ្ណោះ អាស្រ័យ​ទៅ​តាម​លទ្ធភាព​ ​ពេល​វេលា និងការ​ចង់​បាន​របស់​សាម៉ី​ដើម​ការ ហើយ​ភ្នាក់ងារ​រៀបចំ​សេវាកម្ម​អាពាហ៍​ពិពាហ៍​ក៏​អាច​ចាត់​ចែង​កម្មវិធី​នានា ​ទៅ​តាម​តម្លៃ​និង​ការ​ចង់​បាន​របស់​អតិថិជន​ខ្លួន ។

ជាមួយ​គ្នា​នេះ ​ភ្ញៀវ​ដែល​បាន​ចូល​រួម​ជា​កិត្តិយស​ក្នុង​ពិធី​នេះ​ក៏​ថ្លឹង​ថ្លែង​ចំណង​ដៃ​ និង​តុប​តែង​ខ្លួន​ទៅ​តាម​ភាព​ជិត​ស្និទ្ធ​ និង​ការ​ចំណាយ​របស់​ម្ចាស់​ដើម​ការ​តាម​រយៈ​ការ​រៀប​ចំ​កម្មវិធី​ផង​ដែរ។

តែយ៉ាងណាស្ត្រីត្រូវបានមើលឃើញថា មានភាពសុគស្មាញជាងបុរសបន្តិច ព្រោះស្ត្រីខែ្មរត្រូវមានកាតព្វកិច្ចមួយ គឺធ្វើអ្វីឱ្យត្រូវតាមទំនៀមទម្លាប់របស់ប្រពៃណីខ្មែរ៕

 

 

Share

Image
Image
Image