en     km
en     km

ស្ត្រី​រៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​មាន​ចំនួន​តិច​ដោយសារ​ខ្វះ​ព័ត៌មាន​

Share

​ភ្នំពេញ​៖​ នា​ពេល​ថ្មីៗ​នេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជម្រុញ​ឲ្យ​សិស្ស​ និស្សិត​ ប្រជាពលរដ្ឋ​ជា​ស្ត្រី​ត្រូវ​គិតគូរ​ពី​ការ​សិក្សា​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​។​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ជម្រុញ​របស់​ក្រសួង​នេះ​ យុវតី​កម្ពុ​ជាមួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ផ្តល់​ព័ត៌មាន​អំពី​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ដល់​សិស្ស​ និស្សិត​ នៅ​មាន​កម្រិត​ទាប​ និង​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​។​ ពួក​គេ​យល់​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សារៈសំខាន់​នៃ​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នីមួយៗ​ មិន​ទាន់​បាន​គ្របដណ្តប់​ដល់​បណ្តា​តំបន់​ ឬ​ដល់​សិស្សានុសិស្ស​នៅ​តាម​វិទ្យាល័យ​នានា​នៅ​តាម​បណ្តា​ខេត្ត​ឡើយ​។​
Woman-and-technology-cover
​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ គឺជា​ជំនាញ​ ដែល​សិក្សា​មាន​រយៈពេល​ខ្លី​។​ ជំនាញ​ទាំងនោះ​រួម​មាន​៖​ ជំនាញ​អគ្គិសនី​ អេ​ឡិច​ត្រូ​និក​ បរិក្ខារ​ត្រជាក់​ មេកា​និក​ រថយន្ត​ សំណង់​ និង​ជំនាញ​វិស្វកម្ម​លោហៈ​ជាដើម​។​ ជំនាញ​ បច្ចេកទេស​នេះ​ភាគច្រើន​ គេ​សង្កេត​ឃើញ​មាន​តែ​បុរស​ទេ​ ដែល​ពេញ​និយម​រៀន​ ដោយឡែក​ស្ត្រី​មិនសូវ​ជា​ចាប់អារម្មណ៍​នូវ​ជំនាញ​នេះ​ប៉ុន្មាន​ទេ​។​ តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​?

​មូលហេតុ​ ដែល​ស្ត្រី​មិនសូវ​រៀន​ជំនាញ​បច្ចេកទេស​ ដោយសារ​តែ​ពួក​គេ​ខ្វះ​ព័ត៌មាន​ អំពី​សារៈសំខាន់​នៃ​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ ជា​ពិសេស​វិជ្ជាជីវៈ​របស់​រដ្ឋ​ ដល់​សិស្សានុសិស្ស​នៅ​មាន​កម្រិត​ទាប​ និង​មិន​ទាន់​ទូលំទូលាយ​ឡើយ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​យុវតី​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ជា​យុវតី​ដែល​មក​ពី​ខេត្តរតនគិរី​ កញ្ញា​ ម៉​ន​ ដា​វី​ មាន​អាយុ​ ២២​ ឆ្នាំ​ បាន​និយាយ​ថា​ ជា​ការ​ពិត​ណាស់​នៅ​ក្នុង​សង្គម​ខ្មែរ​ស្ត្រី​ពុំ​សូវ​មាន​វត្តមាន​ច្រើន​ចូលខ្លួន​ទៅ​សិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ឡើយ​។​ កញ្ញា​បន្ត​ថា​ ជំនាញ​បច្ចេកទេស​ មាន​ភាព​ងាយស្រួល​សម្រាប់​តែ​បុរស​តែ​ប៉ុណ្ណោះ​។​
​និស្សិត​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​បរិស្ថាន​ រូប​នេះ​ បាន​ចោទ​ជា​សំណួរ​ថា​ តើ​កន្លង​ទៅ​ក្រសួង​ការងារ​ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សារៈសំខាន់​នៃ​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស​ ហើយ​ឬ​នៅ​?​ «​សូ​ម្បី​តែ​ខ្ញុំ​ផ្ទាល់​រហូត​មក​ដល់​ពេល​នេះ​ ក៏​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ថា​ អ្វី​ជា​ជំនាញ​បច្ចេកទេស​នោះ​ឡើយ​»​។​

​ដា​វី​ បាន​លើក​ឡើង​បន្ត​ថា​៖​ «​ថ្វី​ត្បិត​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​អាច​រក​ចំណូល​បាន​ច្រើន​ ឆាប់រហ័ស​ និង​ស្ត្រី​អាច​ធ្វើ​ការងារ​ទាំងនោះ​បាន​ដូច​បុរស​ក៏​ពិតមែន​ ប៉ុន្តែ​នារី​នា​ពេល​បច្ចុប្បន្ន​ប្រាថ្នា​ចង់​អភិវឌ្ឍន៍​សមត្ថភាព​ ចំណេះដឹង​របស់​ខ្លួន​លើ​ជំនាញ​ផ្សេងៗ​ឱ្យ​បាន​ច្រើន​ជាង​ជំនាញ​បច្ចេកទេស​»​។​ ការ​លើក​ឡើង​ដូច្នេះ​ កញ្ញា​យល់​ថា​ជំនាញ​បច្ចេកទេស​ ស្ត្រី​មិន​អាច​មាន​កម្លាំង​គ្រប់គ្រាន់​ធ្វើ​ដូច​បុរស​ឡើយ​។​

​មិន​ខុស​ពី​យុវតី​ ដា​វី​ ប៉ុន្មាន​នោះ​ឡើយ​ កញ្ញា​ រិ​ន​ ចាន់​ធី​ ជា​និស្សិត​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​ទៀត​ បាន​និយាយ​ដោយ​លើកដៃ​ធ្វើ​កាយវិការ​ពន្យល់​ថា​ មាន​ហេតុផល​ជា​ច្រើន​ដែល​មិន​អនុញ្ញាតិ​ឱ្យ​ស្ត្រី​ខ្មែរ​សិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នេះ​។​
Woman-and-technology-01​នា​ពេល​ថ្មី​នេះ​ ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បើក​សិក្ខាសាលា​មួយ​ស្តី​ពី​ «​ ឱកាស​ស្មើគ្នា​រវាង​ស្ត្រី​ និង​បុរស​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​»​ តាម​រយៈ​សិក្ខាសាលា​នេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជម្រុញ​ឲ្យ​សិស្ស​ និស្សិត​ ប្រជាពលរដ្ឋ​ ជា​ពិសេស​ស្ត្រី​ត្រូវ​គិតគូរ​ ចាប់​យក​ជំនាញ​សិក្សា​ផ្នែក​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​។​

​លោក​ ប៉ុក​ ប៉ាន់​ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​ថា​ នារី​ ឬ​បុរស​ មានឱកាស​ការងារ​ស្មើគ្នា​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​។​
​ឆ្លង​តាម​បទ​ពិសោធន៍​កន្លង​មក​ ស្ត្រី​កម្ពុជា​មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញ​បច្ចេកទេស​នោះ​ទេ​ ដែល​បញ្ហា​នេះ​ ក្រសួង​ការងារ​ បាន​លើកទឹកចិត្ត​ទៅ​លើ​ស្ត្រី​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ច្រើន​។​ នេះ​ជា​ការ​បន្ថែម​របស់​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ប៉ុក​ ប៉ាន់​។​

​ទន្ទឹម​គ្នា​នេះ​ លោក​ ប៉ុក​ ប៉ាន់​ បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​ស្ត្រី​មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ ដោយសារ​ស្ត្រី​ខ្មែរ​នៅ​មានការ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ ដែល​ឪពុក​ម្តាយ​មិន​ងាយ​ឲ្យ​កូនស្រី​ខ្លួន​ទៅ​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ​។​
«​យើង​សម្រួល​ធ្វើ​ម៉េច​ឲ្យ​នារី​អាច​ចូល​មក​រៀន​បាន​ច្រើន​ ឧទាហរណ៍​បុរស​គឺថា​ក្មេងៗ​អាច​មក​នៅ​វត្ត​បាន​ ហើយ​ជា​ប្រពៃណី​គឺថា​កូនស្រី​គឺ​ខ្មែរ​យើង​មិន​ងាយ​ឲ្យ​ចេញពីផ្ទះ​ទេ​ ដូច្នេះ​យើង​ធ្វើ​ម៉េច​យើង​នឹង​បង្កើត​អន្តេវាសិកដ្ឋាន​គឺ​បង្កើត​អន្តេវាសិកដ្ឋាន​ដើម្បី​ឲ្យ​នារី​មាន​លទ្ធភាព​អាចម​ករៀន​បាន​..»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ នាយិការ​អង្គការ​សីល​ការ​ លោកស្រី​ ធីតា​ ឃឹះ​ បាន​បញ្ចេញមតិ​ដែរ​ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ចំនួន​ស្ត្រី​តិចតួច​ចូល​រៀន​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ មិនមែន​ដោយសារ​តែ​ពួក​គេ​ប្រកាន់​ប្រពៃណី​ខ្មែរ​នោះ​ទេ​ ។​ លោកស្រី​ ធីតា​ ឃឹះ​ យល់​ថា​ ស្ត្រី​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ចំនួន​តិច​ គឺ​ដោយសារ​តែ​ពួក​គេ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។​ ជាង​នេះ​ទៅ​ទៀត​ ដោយសារ​តែ​ស្ត្រី​ខ្លួនឯង​ មិន​បានដឹង​ថា​ ពេល​ដែល​រៀន​ចប់​ជំនាញ​ទាំងនោះ​ យក​ទៅ​ប្រើប្រាស់​ដោយ​វិធី​ណា​។​

​លោកស្រី​ ធីតា​ ឃឹះ​ បាន​ស្នើ​ទៅ​ក្រសួង​ការងារ​ថា​ ៖​ «​ក្រសួង​ការងារ​គប្បី​ធ្វើការ​សិក្សា​បន្ថែម​ទៀត​ទៅ​លើ​តំរូវការ​របស់​ស្ត្រី​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ទីកន្លែង​ដែល​ក្រសួង​ត្រូវ​បង្រៀន​ ដើម្បី​ធ្វើ​យ៉ាងណា​ត្រូវ​ផ្តល់​ព័ត៌មាន​ជាក់លាក់​មួយ​ទៅ​ដល់​ស្ត្រី​ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​ទូលំទូលាយ​ ងាយស្រួល​ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ព័ត៌មាន​ទាំងនោះ​»​។​

​គួរ​រម្លឹក​ថា​ កន្លង​ទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្លាប់​បាន​អំពាវនាវ​ និង​ជម្រុញ​លើកទឹកចិត្ត​ដល់​សិស្ស​នុ​សិស្ស​ ឲ្យ​រៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ និង​អាច​ប្រកួតប្រជែង​សមត្ថភាព​ការងារ​ជាមួយ​ពលរដ្ឋ​ និង​យុវជន​នៅ​លើ​ពិភពលោក​ ខណៈ​កម្ពុជា​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​

​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ មក​រា​ បានឱ្យ​ដឹង​ថា​ ស្ត្រី​កម្ពុជា​មាន​តែ​ ១០​ ទៅ​ ៣០​ ភាគរយ​តែ​ប៉ុណ្ណោះ​ ដែល​ទទួល​បានការ​បណ្ដុះបណ្តាល​ ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​៕

Share

Image
Image
Image