en     km
en     km

ស្ត្រីអ្នកសារព័ត៌មានដើមកំណើតឥណ្ឌាឈ្មោះ ម៉េហ្គា រ៉ាចាហ្គូប៉ាឡាន ទទួលពានរង្វាន់ ភុល្លីតហ្ស៊ើ ចំពោះអត្ថបទស្ដីពីជំរុំឃុំឃាំងជនមូស្លីមនៅប្រទេសចិន

Share

ស្ដ្រីអ្នកសារព័ត៌មានដើមកំណើតឥណ្ឌាឈ្មោះ ម៉េហ្គា រ៉ាចាហ្គូប៉ាឡង់ (Megha Rajagopalan) បានទទួលរង្វាន់កំពូលរបស់សហរដ្ឋអាម៉េរិកវិស័យសារព័ត៌មាន គឺរង្វាន់ភុល្លីតហ្ស៊ើ (Pulitzer Prize) ឆ្នាំ ២០២១ ចំពោះសេចក្ដីរាយការណ៍បែបស៊ើបអង្កេតតាមបច្ចេកទេសថ្មី។ គាត់បានប្រើបច្ចេកវិជ្ជាផ្កាយរណប ដែលបង្ហាញឱ្យឃើញជំរុំឃុំឃាំងរួមរបស់ប្រទេសចិនសម្រាប់ដាក់ជនមូល្លីម អ៊ុយហ្គួរ និងជនជាតិភាគតិចឯទៀតៗ។

រង្វាន់ក្នុងផ្នែកសេចក្ដីរាយការណ៍អន្តរជាតិ ដែលអ្នកស្រីទទួលរួមគ្នាជាមួយសហការីពីររូបទៀតនៅវេបសាយត៍ព័ត៌មាន ប៊ូសហ្វីដញូស៍ (BuzzFeed News) ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ដោយក្រុមប្រឹក្សាភិបាល ភុល្លីតហ្ស៊ើ។

អ្នកសារព័ត៌មានដើមកំណើតឥណ្ឌាមួយរូបទៀត ឈ្មោះ ណេល បិតឌី (Neil Bedi) បានទទួលរង្វាន់ ភុល្លីហ្ស៊ើ ក្នុងផ្នែកសេចក្ដីរាយការណ៍អំពីសហគមន៍ ចំពោះរឿងបែបស៊ើបអង្កេតទាំងឡាយ ដែលបុរសអ្នកសារព័ត៌មានរូបនេះបានសរសេរជាមួយការីនិពន្ធម្នាក់នៅសារព័ត៌មាន តាំប៉ាបេថាមស៍ (Tampa Bay Times)។ គាត់បានលាតត្រដាងឱ្យឃើញអំពីការប្រើអំណាចមិនត្រឹមត្រូវរបស់មន្ត្រីអនុវត្តច្បាប់នៅរដ្ឋ ហ្លរីដា ដើម្បីតាមដានកុមារទាំងឡាយ។

ឆ្នាំ ២០២១ នេះ ជាឆ្នាំទី ១០៥ នៃការផ្ដល់រង្វាន់ ភុល្លីតហ្ស៊ើ ដោយក្រុមប្រឹក្សាភិបាលនៅមហាវិទ្យាល័យសារព័ត៌មាននៃសាកលវិទ្យាល័យកូឡុំបៀ ក្នុងទីក្រុងញូយក ទុកជាការទទួលស្គាល់ស្នាដៃលេចធ្លោជាងគេ។

ក្នុងការទទួលស្គាល់ចំពោះការរីកសាយនៃសារព័ត៌មានពលរដ្ឋក្នុងសម័យអ៊ីនធើណិត យុវតីឈ្មោះ ដាណែល្លា ហ្វ្រេស្ស៊ីយ៉េ (Darnella Frazier) ដែលមិនមែនជាអ្នកសារព័ត៌មានសោះ ក៏បានទទួលរង្វាន់ ភុល្លីតហ្ស៊ើ ផ្នែកសម្រង់ពិសេស ចំពោះសេចក្ដីក្លាហានរបស់នាងក្នុងការថតវីដេអូស្ដីពីការសម្លាប់ជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិក គឺលោក ហ្ស៊ក ហ្លយ (George Floyd) ដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់នគរបាលនៅក្រុង ម៉ាញនីប៉ូលីស កាលពីឆ្នាំមុន។

ខ្សែវីដេអូខ្លីដែលថតតាមទូរស័ព្ទរបស់នាងត្រូវបានគេចែកបន្តគ្នា និងបង្កការតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងអំពើឃោឃៅរបស់នគរបាល ហើយបាននាំទៅដល់វិធានការណ៍នានានៅក្នុងរដ្ឋនិងក្រុងជាច្រើន ដើម្បីកែទម្រង់ការងាររក្សាសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សាធារណៈ។

ទិដ្ឋភាពពេលនគរបាលម្នាក់ប្រើជង្គង់សង្កត់ករបស់លោក ហ្លយ ដែលស្រែកដដែលៗថា «ខ្ញុំមិនអាចដកដង្ហើមបានទេ» ខណៈគាត់ជិតស្លាប់ បានដង្ហើយរកសម្បជញ្ញៈរបស់សហរដ្ឋអាម៉េរិក។ វាបាននាំឱ្យមានការពិចារណាកាន់តែទូលំទូលាយឡើងអំពីបញ្ហានានាដែលជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិកបានប្រឈមមុខ។

ក្រុមប្រឹក្សាភិបាលបាននិយាយថា វីដេអូរបស់នាង«ជំរុញឱ្យមានបាតុកម្មប្រឆាំងអំពើឃោឃៅរបស់នគរបាលនៅជុំវិញពិភពលោក ដោយរំលេចឱ្យឃើញនូវតួនាទីដ៏សំខាន់របស់ពលរដ្ឋនៅក្នុងការស្វែងរកការពិតនិងយុត្តិធម៌ដោយអ្នកសារព័ត៌មាន។

ស្ត្រីអ្នកសារព័ត៌មាន រ៉ាចាហ្គូប៉ាឡង់ និងមិត្តរួមអាជីពរបស់គាត់ បានប្រើរូបភាពផ្កាយរណបនិងរូបភាពស្រ៊ីឌី (3D) ដើម្បីគាំទ្របទសម្ភាសន៍ជាមួយអតីតអ្នកទោស២៤នាក់មកពីជំរុំឃុំឃាំងដែលមានអ្នកទោសមូស្លីមប្រហែលមួយលាននាក់ ជាជនជាតិអ៊ុយហ្គួរ និងជនជាតិភាគតិចផ្សេងៗទៀត។

គាត់បាននិយាយថា៖ «ខ្ញុំរន្ធត់មែនទែន។ ខ្ញុំមិននឹកស្មានថាដល់ម្លឹងសោះ»។

យោងតាមការផ្សាយ រូបគាត់និងសហការីរបស់គាត់ ឈ្មោះ អាលីសុន ឃីល្លីង (Alison Killing) និង
គ្រីស្តូ ប៊ុស្សិក (Christo Buschek) បានកត់សម្គាល់ឃើញមាន ២៦០ ជំរុំឃុំឃាំង បន្ទាប់ពីបានស្ថាបនាមូលដ្ឋានទិន្នន័យស្ដីពីកន្លែងឃុំឃាំងចំនួនប្រហែល ៥ ម៉ឺនកន្លែង ដោយប្រៀបធៀបរូបភាពហាមឃាត់របស់ចិនទៅនឹងរូបភាពមិនហាមឃាត់នៅលើកម្មវិធីផែនទី៕

Share

Image
Image
Image