en     km
en     km

ស្ដ្រី​ ២០​ភាគរយ​ បាន​ក្លាយជា​ជន​រង​គ្រោះ​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​?

Share

ភ្នំពេញ៖ ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិត ២ពាន់នាក់ មានស្ដ្រី ២០ភាគរយជាជនរងគ្រោះ។ តួលេខនេះមន្ដ្រីជំនាញចាត់ទុកថា ជាចំនួនច្រើនមួយក្នុងចំណោមអ្នកស្លាប់ទាំងអស់។

women1អ្នកជំនាញបាននិយាយថាស្ត្រីកម្ពុជាដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនបើធៀបនឹងជនរងគ្រោះទូទៅ។

លោក អ៊ុយ ម៉ាប់ មន្ដ្រីជំនាញផ្នែកស្ថិតិនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យដឹងថាក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨៥២នាក់កាលពីឆ្នាំ២០១៦ មាន ២០ភាគរយជាស្ដ្រី។ «អ្នកស្លាប់ ២០១៦ ហ្នឹង គឺមាន ២០ភាគរយជាស្ដ្រី ហើយនៅក្នុងហ្នឹងយើងឃើញថា អ្នកស្លាប់មានអាយុចន្លោះពី ១៥ ទៅ២៩ ឆ្នាំ ហើយភាគច្រើនៃអ្នកស្លាប់ទាំងអស់ហ្នឹងនៅជនបទ»។

យ៉ាងណាក៏ដោយលោក អ៊ុយ ម៉ាប់ បញ្ជាក់ថាតួលេខនេះមានការថយចុះប្រមាណ ១៤ភាគរយបើធៀបនឹងរបាយការណ៍ស្ដីពីការស្លាប់របស់ស្ត្រីក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៥។

យោងតាម មន្ដ្រីជំនាញផ្នែកស្ថិតិនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដដែល ក្នុងចំណោមស្ដ្រីដែលស្លាប់ភាគច្រើនស្ថិតក្នុងវ័យចន្លោះពី ១៥ ដល់ ២៩ឆ្នាំ ដែលជាសិស្ស កសិករ និងកម្មករ។ ហើយស្ត្រីដែលរស់នៅតាមទីជនបទទទួលរងគ្រោះច្រើនជាងគេ។
woman2
ថ្វីបើស្ដ្រីរស់នៅទីជបបទ តាមបណ្ដាខេត្ដទទួលរងគ្រោះច្រើនជាងក្ដី ប៉ុន្តែបើនិយាយជារួមសម្រាប់ជនរងគ្រោះទូទៅ ជនរងគ្រោះនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេគឺមានរហូតដល់ ២៣៤នាក់  នៅឆ្នាំ២០១៦ ដែលឈរពីក្រោយដោយខេត្ដកំពង់ធំ ១២៥នាក់ និងខេត្ដបន្ទាយមានជ័យ ១២២នាក់។  នេះបើផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតប្រជាពលរដ្ឋកម្ពុជាច្រើនជាងជំងឺសង្គមផ្សេងៗ ដូចជាជំងឺអេដស៍ជាដើម។ ការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ មានប្រមាណជា ៣៣៧លានដុល្លារក្នុងមួយឆ្នាំៗ។ ពោលគឺជាមធ្យមមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួនប្រាំនាក់ក្នុងមួយថ្ងៃ និងមានអ្នករងរបួសជិត ១៣នាក់ក្នុងមួយថ្ងៃ។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញការព្យាករណ៍ថា ប្រសិនបើគ្មានវិធនាការទប់ស្កាត់ និងយន្ដការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ទេ ចំនួនអ្នកស្លាប់នឹងកើនដល់ ៣២០០នាក់ នៅឆ្នាំ២០២០។ ទន្ទឹមនឹងនេះអ្នកស្លាប់ភាគច្រើនជាអ្នកបើកបរម៉ូតូមាន ៧៣ភាគរយនៃអ្នកស្លាប់សរុប បន្ទាប់មកអ្នកថ្មើរជើង ១០ភាគរយ និងអ្នកជិះរយថយន្ដគ្រួសារចំនួន ០៦ភាគរយ។

យោងតាមរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដែលបានដាក់បង្ហាញជាសាធារណៈក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១១ ខែឧសភា ៤០ភាគរយនៃអ្នកស្លាប់គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។

លោក អ៊ុយ ម៉ាប់ បានចែករំលែកថា អាជ្ញាធរគួរបង្កើនការអប់រំដល់ពលរដ្ឋពីការប្រើប្រាស់ដងផ្លូវ ជាងនេះលោកក៏សំណូមពរដល់បណ្ដាអង្គដែលជាប់ពាក់ព័ន្ធឲ្យចូលរួមផ្ដល់ការអប់ដល់ពលរដ្ឋពីករណីផងដែរ៕

Share

Image
Image
Image