ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងមួយចំនួនធំ តែងតែសម្រេចចិត្ដរៀបការ ទាំងដែលខ្លួនមិនទាន់មានជំនាញផ្ទាល់ខ្លួនណាមួយ ច្បាស់លាស់។ ស្ដ្រី ដែលរៀបការទាំងវ័យក្មេង ងាយប្រឈមបញ្ហាជីវភាពទៅថ្ងៃក្រោយ ប្រសិនបើពួកគាត់បែកបាក់គ្រួសារ។ ស្ដ្រី វ័យក្មេងពីររូប ដែលកំពុងបន្ដការសិក្សាផ្នែកចម្អិនមុខម្ហូប យល់ថា ស្ដ្រី គួរមានមុខជំនាញច្បាស់លាស់មួយមុនពេលដែលសម្រេចចិត្ដរៀបការ។
លោក លៀ ស៊ីណា រាយការណ៍៖
រហូតមកដល់ពេលនេះ គេនៅតែសង្កេតឃើញថា មានស្ដ្រីវ័យក្មេងជាច្រើន បានសម្រេចចិត្ដរៀបការក្រោយពីពួកគេបានបញ្ចប់ការសិក្សានៅកម្រិតបាក់ឌុប។ ការរៀបការរបស់ពួកគេ ក្រោមហេតុផលមួយចំនួន ដែលអ្នកខ្លះរៀបការព្រោះគិតថា បើទោះជាបន្ដការសិក្សាទៅមុខ ក្រោយពេលរៀបការក៏ត្រូវនៅផ្ទះមើលថែកូនដដែល និងអ្នកខ្លះទៀតសម្រេចចិត្ដរៀបការព្រោះ ឪពុក ម្ដាយ របស់នាង គ្មានលទ្ធភាពឲ្យនាងបន្ដការសិក្សាដល់ថ្នាក់ឧត្ដម។
ស្ដ្រី ដែលរៀបការទាំងវ័យក្មេង ខណៈមិនមានជំនាញ ឬមុខរបរច្បាស់លាស់ដែលអាចផ្ដល់ជាប្រាក់ចំណូលសម្រាប់ខ្លួន ពួកគេងាយប្រឈមបញ្ហា ប្រសិនបើនាងរស់នៅមិនចុះសម្រុងជាមួយស្វាមី ហើយត្រូវចែកផ្លូវគ្នានៅថ្ងៃណាមួយ។ ជាការពិត គឺវាគ្មានបញ្ហាទេ ប្រសិនជាក្រោយពីរៀបការ គូស្វាមី រស់នៅជាមួយគ្នាដោយមានការយល់ចិត្ដ និងចុះសម្រុង ។
តែយ៉ាងណាសម្រាប់យោបល់ស្ដ្រី វ័យក្មេងពីររូប ដែលកំពុងសិក្សាផ្នែកបដិសណ្ឋារកិច្ច ដែលផ្ដោតសំខាន់ទៅលើការធ្វើម្ហូប នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា បង្ហាញជាមតិយោបល់ថា នាងមិនគាំទ្រឲ្យស្ដ្រីរៀបការទាំងវ័យក្មេង ខណៈខ្លួនគ្មានមុខរបរ ឬជំនាញច្បាស់លាស់ ដើម្បីរកចំណូលនោះទេ។
កញ្ញា សែត ស៊ីវន មានអាយុ ២២ឆ្នាំ ស្រុកកំណើតជាអ្នកខេត្ដកំពត ហើយបានមកសិក្សាផ្នែកបដិសណ្ឋារកិច្ច នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានប្រាប់វិទ្យុស្ដ្រីឲ្យដឹងថា មូលហេតុដែលកញ្ញា នៅតែបន្ដការសិក្សារហូតមកដល់ពេលនេះ ពីព្រោះតែនាងចង់ឲ្យជីវិតមានលំហ្នឹងជាក់លាក់ ទៅថ្ងៃក្រោយ ដោយការដែលមានការងារធ្វើច្បាស់លាស់ អាចរកចំណូលផ្គត់ផ្គង់ខ្លួនឯងបាន។ នាងបញ្ជាក់ថា ការពុះពារមកបន្ដការសិក្សាលើជំនាញបដិសណ្ឋារកិច្ចនេះ ពីព្រោះតែនាងបានឃើញ ជីវិតគូរបស់មីងនាង ដែលបានរៀបការទាំងវ័យក្មេងហើយជូបការលំបាក ៖«សម្រាប់ខ្ញុំពិបាក ព្រោះអីខ្ញុំធ្លាប់ឃើញមីងរបស់ខ្ញុំគាត់ការទាំងអាយុវ័យក្មេង ហើយគាត់មានកូន ហើយគាត់អត់មានជំនាញអីមួយ។ អញ្ចឹងគិតថា បើគាត់បែកបាក់ជាមួយប្ដីគាត់គាត់ធ្វើម៉េចគាត់ត្រូវចិញ្ចឹមកូនម៉េច។ និយាយរួមទៅ យើងអត់មានជំនាញអញ្ចឹង គេមើលងាយយើង យើងអត់មានលុយ យើងត្រូវសុំលុយគេចាយព្រោះអីគាត់អត់ហ៊ានសុំបែកគ្នា ដោយសារគាត់រស់នៅម្នាក់ឯង អញ្ចឹងគាត់ត្រូវមើលកូន អញ្ចឹងគាត់អត់មានជំនាញអីក្នុងខ្លួនផងហ្នឹង»។
ព្រោះមានម្ដាយមីង ដែលរៀបការទាំងវ័យក្មេងជាគំរូបដូចនេះ ទើបកញ្ញា ស៊ីវន គ្មានបំណងនឹងរៀបការទាំងវ័យក្មេង។
បន្ថែមលើនេះ នាងបន្ដថា ការដែលនាងចាប់យកជំនាញធ្វើម្ហូបនេះ ពីព្រោះនាងមើលឃើញថា នៅតាមហាងធំៗ ហាងលំដាប់ស្ដង់ដារអន្ដរជាតិ គឺមានតែមនុស្សប្រុសតែប៉ុណ្ណោះដែលធ្វើជាមេចុងភៅ ។ ព្រោះតែការមើលឃើញដូចនេះ ទើបកញ្ញាសម្រេចិត្ដចូលរៀនផ្នែកចម្អិនម្ហូបនេះ ដោយចង់បង្ហាញថា បុរសអាចធ្វើបាន ស្ដ្រីក៏ធ្វើបានដូចគ្នា ៖«ដោយសារតែភាគច្រើន ចុងភៅ (ហាងធំៗ) គឺមានតែប្រុសទេដែលធ្វើ ដល់ពេលដែលយើងជាស្រី យើងមកធ្វើ មានអារម្មណ៍ថា យើងជាស្រីមួយដែលអស្ចារ្យ មានអារម្មណ៍ថា ប្លែកជាងគេ ខ្ញុំមានអារម្មណ៍អញ្ចឹង»។
កញ្ញា សែត ស៊ីវន ចង់ឃើញស្ដ្រីវ័យក្មេងគ្រប់រូបបន្ដឈោងចាប់ក្ដីស្រមៃរបស់ខ្លួន ដោយមិនត្រូវឆាប់រៀបការទាំងវ័យក្មេងពេកនោះទេ។ កញ្ញាផ្ដល់ជាយោបល់ថា បើខ្លួនស្រឡាញ់ផ្នែកបដិសណ្ឋារកិច្ច ឬការធ្វើម្ហូបនេះ គួរតែងាកទៅមើល វិទ្យាស្ថានម្ហូបអាហារកម្ពុជា ដែលជាសាលាបើកទូលាយសម្រាប់ពលរដ្ឋទូទៅ និងផ្ដល់អាទិភាពសម្រាប់ យុវជនក្រីក្រ ពិសេសស្ដ្រី ឲ្យបានទទួលអាហារូបករណ៍ ដើម្បីសិក្សានៅវិទ្យាស្ថានមួយនេះ។
យុវតី ដែលមានស្រុកកំណើតនៅខេត្ដកំពត រូបនេះ យល់ថា ស្ដ្រីគួរធ្វើដំណើរឲ្យបានច្រើន ដើម្បីស្គាល់កាន់តែច្បាស់ពីពិភពលោកខាងក្រៅ និងរៀននៅអ្វីដែលថ្មីៗ សម្រាប់ជីវិត មុនពេលរៀបការ៖«សម្រាប់ខ្ញុំគឺត្រូវតែមានចំណេះជំនាញផ្ទាល់ខ្លួន ដើរស្គាល់ពិភពលោកឲ្យបានច្រើន នោះយើងស្វែងរកបុរសល្អទៀត ព្រោះយើងដើរកាន់តែច្រើនយើងស្វែងរកមនុស្សថ្មីៗ ហើយយើងដឹងថា មនុស្សណាល្អ មនុស្សណាអាក្រក់ ហើយយើងអាចរកមនុស្សល្អដែលសមសម្រាប់យើង»។
ដូចគ្នាដែរ កញ្ញា ហួត សុម៉ាលី អាយុ ២៨ឆ្នាំ មានស្រុកំណើតនៅខេត្ដកំពង់ចាម ហើយកំពុងសិក្សាផ្នែក បដិសណ្ឋារកិច្ចនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា យល់ស្របថា ស្ដ្រីបើទោះត្រូវរៀបការ មានកូន មើលថែកូនក្ដី ក៏ស្ដ្រីត្រូវតែមានចំណេះជំនាញច្បាស់លាស់ សម្រាប់រកចំណូលខ្លួនឯងដែរ។ កញ្ញាបន្ដថា ជីវិតច្បាស់ជាមិនងាយស្រួលដូចអ្វីដែលនិយាយនោះទេ ដែលអ្នកខ្លះនិយាយថា ស្ដ្រីមិនចាំបាច់រៀនសូត្រខ្ពង់ខ្ពស់ ឬធ្វើការងារធ្វីអ្វីទេ ព្រោះពេលដែលបានប្ដី នឹងត្រូវនៅផ្ទះមើលថែកូនដដែល ៖«ចំពោះខ្ញុំ ខ្ញុំគិតខុសពីគេ យើងអត់មានចំណេះជំនាញអីផង យើងទៅរៀបការ មានគ្រួសារហើយថ្ងៃអនាគត យើងអត់ដឹងថា ត្រូវរកស៊ីអី ធ្វើការអីទេ។ អញ្ចឹងខ្ញុំគិតថា រៀនឲ្យបានច្រើន បានឱកាសការងារច្រើន ហើយទទួលបានប្រាក់ខែខ្ពស់ បើទោះជាមិនមានលទ្ធភាពបើកហាងខ្លួនឯង ក៏យើងអាចទៅធ្វើការនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ បានប្រាក់ខែខ្ពស់ៗសម្រាប់ចិញ្ចឹមខ្លួនដែរ»។
កញ្ញា ហួត សុម៉ាលី គឺជាស្ដ្រីក្រីក្រ ដែលនាងស្ទើរតែបោះបង់ក្ដីស្រមៃ ដែលចង់ក្លាយជាចុងភៅដ៏ជំនាញមួយរូបទៅហើយ ក្រោយពីនាងរៀនចប់បាក់ឌុប។ តែដោយសារ វិទ្យាស្ថានម្ហូបអាហារកម្ពុជា មានអាហារូបករណ៍សម្រាប់សិស្សក្រីក្រ មកពីតាមខេត្ដ ហើយផ្ដល់អាទិភាពដល់ស្ដ្រី ទើបកញ្ញា មានឱកាសបានបំពេញក្ដីស្រមៃរបស់ខ្លួនជាបន្ដទៀត។ កញ្ញា សុម៉ាលី លើកទឹកចិត្ដល់ស្ដ្រីក្រីក្រទាំងអស់ដែលស្រឡាញ់ខាងការធ្វើម្ហូបនេះ ឲ្យដាក់ពាក្យសុំអាហារូបករណ៍ពី វិទ្យាស្ថានម្ហូបអាហារកម្ពុជា ដើម្បីទទួលបានឱកាសក្នុងការបន្ដការសិក្សាជាបន្ដទៀត។
កញ្ញា សុខ វឡា ជំនួយការប្រធានផ្នែកទីផ្សារ របស់វិទ្យាស្ថានម្ហូបអាហារកម្ពុជា បញ្ជាក់បន្ថែមឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថាននេះបានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រមកពីតាមខេត្ដ ទាំងស្រី ទាំងប្រុស ក៏ប៉ុន្ដែចំនួនស្ដ្រី គឺមានច្រើនជាងចំនួនប្រុស ដោយសារតែសង្គមយើងបច្ចុប្បន្ន កំពុងព្យាយាមលើកកម្ពស់ និងផ្ដល់ឱកាសសម្រាប់ស្ដ្រី ៖«និយាយទៅផ្ដល់អាទិភាពសម្រាប់ស្ដ្រី ប៉ុន្ដែជាក់ស្ដែងសិស្ស Scholarship របស់យើងមានទាំងស្រី ទាំងប្រុស។ ប៉ុន្ដែស្រី ច្រើនជាង ហើយណាមួយគាត់គិតថា បច្ចុប្បន្នគឺគេលើកកម្ពស់តម្លៃរបស់ស្ដ្រី អញ្ចឹងហើយគាត់ចង់ឲ្យស្ដ្រី ពិសេសក្មេងស្រីក្រីក្រ ដែលគ្នាអត់មានលទ្ធភាពហ្នឹង ឲ្យគ្នាមានលទ្ធិភាពសម្រេចនៅក្ដីស្រមៃ បានរៀននៅអ្វីដែលខ្លួនឯងចង់រៀន ដែលខ្លួនឯងស្រឡាញ់ហើយ ដើម្បីយកទៅប្រកបមុខរបរនៅថ្ងៃអនាគត»។
តាមសុភាសិតខ្មែរ ស្ដ្រីត្រូវបានចាត់ទុកថា ជាភេទមួយទន់ខ្សោយហើយគេតែងតែនិយាយថា សមត្ថភាពរបស់ស្ដ្រី គឺបង្វិលចង្ក្រានមិនជុំ។ តែរយៈពេលចុងក្រោយនេះនៅពេលដែល សង្គមទទួលយកនូវអរិយធម៌ទំនើបឃើញថា ក្មេងស្រីចាប់ផ្ដើមរៀនបញ្ចប់វិទ្យាល័យ និងមហាវិទ្យាល័យកាន់តែមានចំនួនច្រើនឡើង។ ពួកគាត់ភាគច្រើនស្វែងរកការងារធ្វើ មុនទទួលយកគូស្រករ។ យ៉ាងណាមិញកញ្ញា សុខ វឡា បានបញ្ជាក់ថា នាងក៏សម្រេចចិត្ដជ្រើសរើសយកមុខរបរ និងការងារ មុនពេលដែលនាងនាងសម្រេចចិត្ដទទួលយកចំណងដៃអាពាហិពិពាហ៍៕