en     km
en     km

ស្ដ្រី​រង​ហិង្សា​ដោយ​ប្ដី​ជះ​ទឹក​អាស៊ីត​ ព្រួយបារម្ភ​ពី​សុវត្ថិភាព​ឪពុក​ម្ដាយ​ក្រោយ​ទទួល​រង​ការ​គំរាម​ដុត​ផ្ទះ​

Share

រូបតំណាង
រូបតំណាង

​បើ​គិត​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ ស្ដ្រី​រង​គ្រោះ​ដោយសារ​ប្ដី​ជះ​ទឹក​អាស៊ីត​កាលពីដើម​ស​ប្ដា​ហ៍​មុន​នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ​ និង​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ឪពុក​ម្ដាយ​វ័យ​ចំណាស់​ដែល​រស់នៅ​ឯ​ស្រុក​កំណើត​ បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទូរស័ព្ទ​ទៅ​គំរាម​ថា​នឹង​ដុត​ផ្ទះ​នាង​ចោល​ ស្រប​ពេល​ដែល​ចំណាត់ការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ហាក់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាប់ខ្លួន​បុរស​ឈ្មោះ​ ង៉ែត​ ផល្លា​ ដែល​ជា​ជន​បង្ក​ហិង្សា​ជះ​ទឹក​អាស៊ីត​លើ​រូប​នាង​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​បាន​នៅឡើយ​។​

​អ្នកស្រី​ ស៊ុំ​ សុខ​នី​ ដែល​ជា​ជន​រង​គ្រោះ​ដោយសា​ប្ដី​ជះ​ទឹក​អាស៊ីត​កាលពីដើម​ស​ប្ដា​ហ៍​មុន​បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អ្នកស្រី​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ម្ដាយ​ដែល​រស់នៅ​ឯ​ស្រុក​កំណើត​ថា​ កាលពី​ថ្ងៃ​ទី​១៥​ កុម្ភៈ​ ម្សិលមិញ​ មាន​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ប្រើ​លេខ​ទូរស័ព្ទ​របស់​ប្តី​នាង​ទៅ​គំរាម​ថា​នឹង​ដុត​ផ្ទះ​របស់​គាត់​ចោល​។​

​អ្នកស្រី​ ស៊ុំ​ សុខ​នី​ បាន​បន្ថែម​ថា​ ទោះបីជា​ម្ដាយ​គាត់​មិន​ស្គាល់​សំឡេង​ជន​នោះ​ក៏​ដោយ​ តែ​អ្នកស្រី​ជឿជាក់​ថា​ អ្នក​ដែល​ទូរស័ព្ទ​មក​នោះ​ គឺជា​បក្សពួក​របស់​ប្ដី​អ្នកស្រី​ឈ្មោះ​ ង៉ែត​ ផល្លា​។​ អ្នកស្រី​ប​ន្ដែ​ម​ថា​៖​ «​ខ្ញុំ​នៅ​តែ​សំណូមពរ​ឱ្យ​ខាង​រដ្ឋាភិបាល​ព្យាយាម​បន្ដ​ (​ស្វែងរក​)​ ទៀត​ ព្រោះថា​ម្សិលមិញ​ហ្នឹង​ គេ​យក​លេខ​ហ្នឹង​ខ​ល​ទៅ​អ្នក​ផ្ទះ​ខ្ញុំ​ គេ​ថា​គេ​ចង់​ដុត​ផ្ទះ​ខ្ញុំ​ចោល​ តែ​មិនមែន​គេ​ អ្នក​និយាយ​ទេ​គឺ​អ្នក​ផ្សេង​ ប៉ុន្ដែ​លេខ​ដែល​ខ​លម​ក​គឺ​លេខ​គេ​ហ្នឹង​ [​ប្ដី​]​ និយាយ​ទៅ​បើ​តាម​ខ្ញុំ​គិត​អ្នក​ដែល​និយាយ​ហ្នឹង​គេ​ប្រាប់​ខ្ញុំ​ថា​ប្ដី​ខ្ញុំ​រក​ទៅ​ថៃ​ តែ​ខ្ញុំ​មិន​ជឿ​ទេ​ខ្ញុំ​គិត​ថា​គេ​ហ្នឹង​ [​ប្ដី​]​ នៅ​ផ្សារ​ក្រឡាញ់​ [​ខេត្តសៀមរាប​]​ នៅឡើយ​ទេ​ ព្រោះ​កូន​ខ្ញុំ​នៅ​ហ្នឹង​ប្រហែល​អ្នក​និយាយ​ចង់ឱ្យ​អ្នក​ផ្ទះ​ខ្ញុំ​គិត​ថា​គេរ​ត់ទៅ​ថៃ​អីចឹង​ហា​»​។​

​ជុំវិញ​បញ្ហា​នេះ​ ម្ដាយ​អ្នកស្រី​ ស៊ុំ​ សុខ​នី​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ទទួល​ទូរស័ព្ទ​គំរាម​ដុត​ផ្ទះ​ចោល​ភ្លាម​ អ្នកស្រី​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ ខេត្ដកំពង់ចាម​ភ្លាមៗ​ដែរ​ ដើម្បី​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ការពារ​គ្រួសារ​គាត់​។​

​ម្ដាយ​អ្នកស្រី​ ស៊ុំ​ សុខ​នី​បន្ថែម​ថា​៖​ «​ថា​អ​ញ្ចេះ​ បែប​លេខ​លេខ​វា​ហើយ​ តែ​បែប​វា​នៅ​ពីក្រោយ​ខ្នង​ (​វា​ហ្នឹងហើយ​)​ ប្រាប់​ខ្ញុំ​ថា​មាន​តែ​ថ្ងៃ​ទៅ​ដុត​ផ្ទះ​ម៉ែឪ​ហ្នឹង​ចោល​ទៀត​ទេ​ គិត​ទៅ​សាហាវព្រៃផ្សៃ​មែន​បាន​ខ្ញុំ​ថា​ហើយ​ ឪ​វា​ទៅ​ចាំ​កូន​នៅ​ឯ​ភ្នំពេញ​ទុក​ខ្ញុំ​នៅ​តែឯង​ មើលទៅ​វា​ចេះ​តែ​គំរាម​រហូត​ ខ្ញុំ​ថា​អី​ក៏​ខ្លាំងក្លា​ម្ល៉េះ​ ឱ្យ​វា​មក​ទៀត​មើល​ ខ្ញុំ​ប្រាប់​វា​ថា​ផ្ទះ​នៅ​ម្ដុំ​នេះ​មាន​ច្រើន​ណាស់​ បើ​ដុត​មិន​ឆេះ​តែ​មួយ​ទេ​ឆេះ​តែ​ទាំងអស់​ហ្នឹង​»​។​

​បើ​ទោះបីជា​បាន​ប្ដឹង​សមត្ថកិច្ច​រួច​ហើយ​ទាក់ទង​នឹង​បញ្ហា​នេះ​ក្ដី​ តែ​ម្ដាយ​អ្នកស្រី​ ស៊ុំ​ សុខ​នី​ នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គ្រូ​សារ​ និង​កូនស្រី​ដែល​កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ដដែល​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ម៉ៅ​ សា​វឿ​ន​ នាយ​ប៉ុស្ដិ៍​សង្កាត់​ស្ទឹង​មាន​ជ័យ​ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ថ្ងៃនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​បុរស​ឈ្មោះ​ ង៉ែត​ ផល្លា​ ដែល​ជា​ជន​បង្ក​ហិង្សា​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​បាន​នៅឡើយ​នោះ​ទេ​។​

លោក​ ម៉ៅ​ សា​វឿ​ន​ បន្ថែម​ថា​ ពេល​នេះ​លោក​ក៏​កំពុង​តែ​ព្យាយាម​ទាក់ទង​ទៅ​អាជ្ញាធរ​គ្រប់កន្លែង​ជា​បន្ដបន្ទាប់​សុំ​ការ​សហការ​បន្ថែម​ ដើម្បី​ចាប់​ជនល្មើស​។​ លោក​ ម៉ៅ​ សា​វឿ​ន​ អះអាង​ថា​ លោក​នឹង​បន្ថែម​កម្លាំង​ការងារ​សុវត្ថិភាព​ ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ពាក់ព័ន្ធ​និង​ការ​គំរាម​ដុត​ផ្ទះ​នេះ​។ លោក​បន្ថែម​ថា​៖​ «​នៅ​ពេល​នេះ​ យើង​អត់​មាន​តម្រុយ​អី​ទេ​ យើង​អត់​ទាន់​មាន​តម្រុយ​ពាក់ព័ន្ធ​ទេ​»​។​

លោក​ អំ​ សំអាត
លោក​ អំ​ សំអាត

​ជុំវិញ​បញ្ហា​នេះ​ លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កត​ នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ (LICADHO)​ លើក​ឡើង​ថា​ បើសិនជា​មន្ដ្រី​អាជ្ញាធរ​មានការ​ប្ដេជ្ញា​ចិត្ដ​ដើម្បី​តាម​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​មែន​នោះ​ គឺ​ប្រាកដជា​ធ្វើ​បាន​។​ លោក​សង្កេត​ឃើញ​ថា​ ការ​បំពេញភារកិច្ច​របស់​អាជ្ញាធរ​ នៅ​មាន​ភាព​ខ្វះចន្លោះ​ច្រើន​ ជាក់ស្ដែង​ដូច​ករណី​ស្ដ្រី​រង​ហិង្សា​ដោយ​ជះ​ទឹក​អាស៊ីត​នេះ​ មិន​ទាន់​រក​ចាប់​ជន​បង្ក​បាន​នៅឡើយ​ទេ​។​

ក្នុង​នាម​លោក​ជាម​ន្ដ្រី​ធ្វើការ​ផ្នែក​សិទ្ធ​មនុស្ស​មួយ​រូប​ លោក​អំពាវនាវ​ដល់​មន្ដ្រី​រដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់​សូម​ព្យាយាម​តាម​ចាប់​ជន​បង្ក​យក​មក​ឱ្យ​បាន​ឆាប់​ ដើម្បី​ការងារ​សុ​វត្តិភាព​ជន​រង​គ្រោះ​។​

លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​គិត​ថាបើ​សមត្ថកិច្ច​គាត់​ខិតខំ​ធ្វើការ​ អាច​នឹង​រក​ឃើញ​បើសិន​គេ​គំរាម​តាម​ទូរស័ព្ទ​គេ​អាច​និង​ឆែក​ឃើញ​ហើយ​ថា​ ជន​ដែល​ប្រព្រឹត្ដិ​បទល្មើស​នៅ​កន្លែង​ណា​ អ​ញ្ចឹ​ង​ក្នុង​នាម​យើង​ជា​សង្គម​ស៊ី​វិល​សូម​ទ​ទទូច​ឱ្យ​តុលាការ​ និង​សមត្ថកិច្ច​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ចាប់​យក​ជន​ដៃដល់​មក​អនុវត្ដ​ទៅ​តាម​ផ្លូវច្បាប់​»​។

​សូម​ជម្រាប​ថា​ គិត​ពី​ថ្ងៃ​កើត​ហិង្សា​ជះ​ទឹក​អាស៊ីត​លើ​ស្ដ្រី​រង​គ្រោះ​ដែល​បង្ក​ដោយ​ប្ដី​ឈ្មោះ​ ង៉ែត​ ផល្លា​ រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ គឺ​មាន​រយៈពេល​ជិត​ ១០​ថ្ងៃ​ហើយ​ ប៉ុន្ដែ​អាជ្ញាធរ​នៅ​តែ​មិន​ទាន់​រក​ជន​បង្ក​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​បាន​នៅឡើយ​ទេ​៕

Share

Image
Image
Image